ញ៉ូវដេលី៖ មន្ត្រីនៅរដ្ឋ Uttarakhand និយាយថា យ៉ាងហោចណាស់មនុស្ស 40 នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្លាមួយបង្កជាទឹកជំនន់ និងការបាក់ស្រុតដីនៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌាមួយនេះ កាលពីសប្ដាហ៍អាទិត្យទី០៣ មិថុនា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានReuters។
អ្នកនាំពាក្យប្រចាំរដ្ឋនេះបាននិយាយថា មនុស្សជាច្រើនទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ។ អ្នកនាំ ពាក្យរូបនេះបញ្ជាក់ថា រហូតមកដល់ពេលនេះមានមនុស្ស 18 នាក់បានស្លាប់ ក្នុងនោះមាន 15 នាក់មកពី Pithoragarh ។ មន្ត្រីប៉ូលិសព្យាករណ៍ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងថែមទៀត។
អ្នកនាំពាក្យដដែលបន្តថា មនុស្សរាប់ពាន់នាក់ត្រូវគេរាយការណ៍ថា បានជាប់គាំងក្នុងការបាក់ដីនោះ។ អាជ្ញាធរប្រចាំរដ្ឋបានឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ត្រូវជម្លៀសចេញជាបណ្តោះអាសន្ន ។
អាជ្ញាធរនិយាយថា មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះកំពុងតែដំណើរការ ប៉ុន្តែភ្លៀងធ្លាក់ឥតឈប់ឈររារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ ហើយទឹកជំនន់បានបង្កើនជាការភ័យខ្លាចដល់ពលរដ្ឋ ខណៈទឹកទន្លេបានជន់ដល់កម្រិតគ្រោះថ្នាក់មួយ។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand លោក Harish Rawat និយាយថា៖ «មានក្រុមសង្គ្រោះច្រើនទៀតមកពីរដ្ឋផ្សេងៗ អាជ្ញាធររបស់រដ្ឋាភិបាល និងកងកម្លាំងជំនួយសង្គ្រោះបន្ទាន់នានាទាំងអស់ កំពុងបើកប្រតិបត្តការសង្គ្រោះដោយការប្រុងប្រយ័ត្ន។ លោកRawat បានឱ្យដឹងទៀតថា ផ្លូវជាច្រើនកន្លែងដែលខូចខាតត្រូវបានគេជួសជុលឡើងវិញហើយ»។
ប្រភព:Reuters