គ្រប់ដំណាក់កាលដែលខ្មែរ បែកបាក់គ្នាឬប៉ះទង្កិចគ្នា ដោយសារមនោគមវិជ្ជាក្ដី ឬ និន្នានាការនយោបាយក្ដី គឺជាការងាយស្រួលបំផុតធ្វើឱ្យប្រទេសជិតខាងដែល ប្រើឥទ្ធិពលលើកម្ពុជា គេអាចឆក់ឱកាសនេះបញ្ជ្រៀតផ្នត់គំនិត ទ្រឹស្ដីនិយម តាមរយៈឥទ្ធិពរបស់ ពួកគេ ។
ជាការពិតណាស់ ប្រវត្តិសាស្ត្រខ្មែរ បានចង្អុលបង្ហាញហើយថា បើខ្មែរបែកបាក់គ្នា គឺគ្មានអ្វីចំណេញ ដល់ជាតិសាសន៍ខ្លួនទេ គឺធ្វើឱ្យប្រទេសជិតខាង រឹតតែមើលងាយ ហើយឥទ្ធិពល ដែលគេអាចប្រើបានគឺគេនៅតែបន្តប្រើទៀត ។ កាលៈទេសៈនេះ ភាគីទាំង២គឺ បក្សកាន់អំណាច និងបក្សប្រឆាំង ដែលគេហៅថាអ្នកនយោបាយ មានជំលោះនឹងគ្នា កំពុងមានជម្លោះ ទាំងមនោគមវិជ្ជា និងផ្នត់គំនិតនៃការដឹងនាំប្រទេស ។
ហេតុអ្វីបានជា អ្នកនយោបាយខ្មែរមិនអាចរកឃើញគុណវិបតិ្តរបស់ខ្លួនជុំវិញការឯកភាពជាតិ? លោក នួន បូរិន សូមជូនបទអត្ថាធិប្បាយ ដូចតទៅ ៖
បើយើង ត្រឡប់ទៅបើកមើលទំព័រប្រវត្តិសាស្ត្រខ្មែរ ក្រោយសម័យមហានគរ ឬ ក្រោយសម័យអង្គរ គឺគ្រប់ទំព័រ តែងតែនិយាយពីការបែកបាក់ជាតិ និង ការមិនឯកភាពជាតិ ។
គ្រានោះ គឺប្អូនដណ្ដើមរាជ្យពីបង ហើយឪពុកមាដណ្ដើមរាជ្យពីក្មួយ គឺជារឿងល្វីងជូចត់ ហើយផ្ដល់ឱកាសដល់ប្រទេសជិតខាងគេឆ្លៀត ប្រើឥទ្វិពលភ្លាមៗមកលើ ដែនដីកម្ពុជា គឺតាមគ្រប់រូបភាពតាមអ្វីដែលអាចធ្វើទៅបាន ។
គេអាចសហការជាមួយភាគីម្ខាងដែលមានជំលោះ ហើយភាគីម្ខាងទៀតចាំបាច់ត្រូវទប់ទល់អំណាច ក៏ត្រូវរត់ទៅសុំជំនួយ ពីប្រទេសជិតខាងអន្តរាគមន៍ជួយការពារ ការគ្រប់គ្រងអំណាចរបស់ខ្លួន ឱ្យមានស្ថេរភាព យូរអង្វែង ដោយសង ជាថ្នូរនឹងការជូនសាគុណ ឬគេនៅសម័យនោះថា សួយសារអាករ យកទៅជូនឬថ្វាយជំនូន ប៉ុន្តែពេលខ្លះក៏មានជាប់កិច្ចសន្យា លើសពីនេះថែមទៀត ។
ការបែកបាក់ជាតិ ក្រោយសម័យអង្គរ(កាលពីអតីតកាល)
បើតាមសៀវភៅប្រវត្តិសាស្ត្រ រៀបរៀង ដោយអ្នកប្រវត្តិសាស្ត្រ ត្រឹងងារ និងលោក អាដេម៉ារឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា ការបាត់បង់ទឹកដីអាណាចក្រកម្ពុជាក្រោយ សម័យអង្គរ គឺមានដើមហេតុ ច្រើនយ៉ាង ។ ដើមហេតុ មកពីការដណ្ដើមរាជ្យ និងការវាតទីរបស់ប្រទេសជិតខាង ។ ការជ្រៀតជ្រែក លុកលុយពីប្រទេសជិតខាង គឺមានគ្រប់រូបភាព។ ប្រទេសជិតខាងអាច ជ្រៀតចូលដោយ ប្រើឥទ្ធិពល និងការលុកលុយដោយផ្ទាល់ តាមរយៈកម្លាំងទ័ពរបស់ពួកគេ ។ ក៏ប៉ុន្តែបើតាមសៀវភៅរបស់អ្នកប្រវត្តិសាស្ត្រទាំង២នេះ គឺខ្មែរបែកបាក់គ្នា គឺច្រើនតែកើតចេញពី ការដណ្ដើមរាជ្យ និងការមិនចុះសម្រុងគ្នា ជុំវិញការឯកភាពជាតិ ក្រោមរូបភាពឥទ្ធិពលរបស់ប្រទេសជិតខាងច្រើនជាង ។
តើកត្តាអ្វីបានជា ទឹកដីអតីតរាជាណាចក្រកម្ពុជារួមតូច ?
ការដែលខ្មែរឈ្លោះជាមួយខ្មែរ ហើយទៅពឹងបរទេសឱ្យមកជួយអន្តរាគមន៍ កើតមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីក្រោយសម័យអង្គរ ។ ប្រទេសដែលមានព្រំដែនជិតខាងគឺគ្រោះថ្នាក់ជាងគេ ។ ប្រទេសនោះ មានមហិច្ឆតាចង់ឱ្យខ្មែរមិនត្រូវរូវគ្នា គឺម្យ៉ាងគត់ ចង់ឱ្យចុះខ្សោយ ហើយអាចឱ្យពួកគេ ងាយត្រួតត្រាឬយ៉ាងហោចណាស់គេមានឥទ្ធិពលមកលើ យើងដែរ ។
សម័យអង្គរ ទឹកដីកម្ពុជាមានវិសាលភាពធំធេងណាស់ គឺមានទំហំធំជាងបច្ចុប្បន្ន ប្រហែលជិត៤ដង ។ ប៉ុន្តែជាអកុសល ទឹកដីនេះបានរួមរឹតតូចយ៉ាងឆាប់បំផុត ពីមួយសម័យកាល ទៅមួយសម័យកាល រួមតូចមកដល់សព្វថ្ងៃនេះ គឺរហូតមានផ្ទៃក្រឡា ត្រឹមតែ១៨១០៣៥ គីឡូម៉ែត្រការ៉េ ។
បើ យើងចោទសួរថាមានកត្តាអ្វីខ្លះបានជាទឹកដីកម្ពុជា រួមតូចគឺមានច្រើនយ៉ាង ដែលគេអាច រៀបរាប់បានខ្លះៗ ៖
-ចំនួនប្រជាជនគេ ច្រើនជាង យើង
-គេមានអ្នកសេ្នហាជាតិពិតប្រាកដ ច្រើនជាងយើង
-មហិច្ឆតាឈ្លានពានទឹកដីរបស់គេមិនចេះស្កប់ស្កល់
-គេមានល្បិចកល គ្រប់យ៉ាង ដែលយើងមិនអាចគិតដល់ ដើម្បីវាតទីយកទឹកដីពីយើង
-ខ្លួនយើងទទួលឥទ្ធិពលពីគេ
-ខ្លួនយើង លោភលន់បុណ្យស័ក្តហួសហេតុពេក
-ខ្លួនយើង គាបសង្កត់ ជនជាតិខ្លួនឯង
-ខ្លួនយើង បណ្ដោយឱ្យជនបរទេសចូលមករស់នៅ ដោយមិនមានការគ្រប់គ្រងច្បាស់លាស់
-ខ្វះវិធានការ ការពារជាតិច្បាស់លាស់
-ព្រំដែនគ្មានរបងការពារត្រឹមត្រូវ
ក្រៅពីនេះគេអាចរៀបរាប់ ពីកត្តាធម្មជាតិផងដែរ ដែលបណ្ដាលឱ្យពលរដ្ឋរត់ចោលភូមិក ហើយបរទេសចូលមករស់នៅ ។
តើអ្នកនយោបាយខ្មែរ គួរធ្វើដូចម្ដេចដើម្បីឱ្យមានការឯកភាពជាតិបើប្រវត្តិសាស្ត្រចង្អុលបង្ហាញរួចហើយ?
បើយើង និយាយពីការឯកភាពជាតិ គឺយ៉ាងហោចណាស់យើងត្រូវ នឹកគិតភ្លាម ពីព្រះរាជបន្ទូលរបស់សម្ដេចឪ ព្រះបាទ នរោត្តមសីហនុ ដែលព្រះអង្គតែងតែ ប្រាប់អ្នកនយោបាយ ខ្មែរ ឱ្យចេះសាមគ្គីគ្នា យោគយល់គ្នា អត់ឱ្យនគ្នា ទើបប្រទេសជិតខាងគេមិនហ៊ាន ប្រមាថ គេមិនកេងចំណេញលើយើង ។ សម្ដេចឪ មានបន្ទូលទៀតថា បើយើងមានការសាមគ្គីគ្នាជាធ្លុងមួយ គឺកម្លាំងជាតិ យើងធំខ្លាំងក្លា ហើយការអភិវឌ្ឍន៍ប្រទេសកាន់តែឆាប់រីកចម្រើន ដែរ ។
ឱវាទរបស់អតីតព្រះមហាក្សត្រ ក៏ធ្លាប់ត្រូវបានអ្នកនយោបាយខ្មែរ គឺទាំងលោក សម រង្ស៊ី សម្ដេចក្រុមព្រះ និងសម្ដេច ហ៊ុន សែន គាំទ្រដែរ ។
ក្នុងស្ថានភាពនយោបាយ បច្ចុប្បន្ននេះត្រូវបានអ្នកវិភាគមួយចំនួន មើលឃើញថា ជាសញ្ញានៃការបែកបាក់ជាតិទៅហើយ ដោយគេសង្កេតឃើញ អ្នកមានអំណាច ប្រើវិធានការច្បាប់លើក្រុមមួយទៀត ដោយមិនសមស្រប គឺមានការបំពានអំណាច និងរំលោភលើគោលការណ៍ច្បាប់ទៀតផង ។ ចំណែក ក្រុមមួយទៀតរិះរកវិធីទប់ទល់ ក្រុមមានអំណាច ដោយប្រើរូបភាព « ទប់ទឹកកុំឱ្យត្រីឡើងស៊ីស្រមោច» ។
មធ្យោបាយនេះ គឺបក្សប្រឆាំងរត់ទៅពឹងបរទេសឱ្យជួយខ្លួនគេ ដែលយ៉ាងហោចណាស់ បើគេសម្រេចជួយ គឺពិតជាគេសំឡឹង មើលពីអត្ថប្រយោជន៍របស់ខ្លួនគេដែរ ។ តែបើបរទេសនោះជាប្រទេសមានភូមិផងរបងជាប់គ្នាវិញ គឺគេពិតជាចង់ជួយណាស់ ព្រោះគេគិតថា យ៉ាងហោចណាស់ ក៏គេបានស្អីមួយពីកម្ពុជាបានវិញដែរគឺដូចរឿងរ៉ាវអតីតកាលរួចហើយ នៅពេលកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមជិត២០ឆ្នាំ គឺគ្មាននរណាចំណេញ ក្រៅពីប្រទេសជិតខាងយើងទេ ៕