ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បាននិយាយថាលោក កឹម សុខា មិនបានចូលខ្លួនតាមដីកាកោះរបស់សាលាឧទ្ធរណ៍នៅថ្ងៃនេះទេ។ លោក យឹម សុវណ្ណ បានថ្លែងដូចនេះជាមួយវិទ្យុស្ដ្រីដែលបានសាកសួរលោកអំពីលោក កឹម សុខា ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា មូលហេតុដែលលោក កឹម សុខា មិនចូលខ្លួនទៅតាមដីកាកោះរបស់សាលាឧទ្ធរណ៍ គឺដោយសារតែប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ប្រកាន់ជំហរថា លោកមិនមានកំហុស ហើយលោកមិនអាចទៅបង្ហាញខ្លួនដោយរំលោភលើរដ្ឋធម្មនុញ្ញនោះដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថាលោក កឹម សុខា ក៏មិនបារម្ភពីការចាប់ខ្លួននោះដែរព្រោះលោកមិនបានប្រព្រឹត្ដអ្វីទេ។
សាលាឧទ្ធរណ៍បានចេញដីកាឲ្យលោក កឹម សុខា មកចូលខ្លួននៅថ្ងៃនេះ ចំពោះបណ្ដឹងជំទាស់របស់មេធាវីលោក កឹម សុខា ដែលបានប្ដឹងទាស់ដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលចេះតែបន្ដកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនបន្ដទៀតនោះ។ លោក យឹម សុវណ្ណ៖«លោក កឹម សុខា គាត់នៅតែរក្សាជំហរគឺគាត់មិនទៅទេ គឺប្រគល់ឲ្យមេធាវីទៅ យើងមិនបានធ្វើអ្វីខុសហើយក៏មិនមានការបារម្ភអីទេ ជាធម្មតារឿងកើតឡើងអញ្ចឹងហើយគឺត្រូវតែមានដំណោះហើយដំណោះស្រាយពេលអង្កាល់យើងចាំមើលសិន»។
មេធាវីរបស់លោក កឹម សុខា បានប្ដឹងទាស់ករណីនេះ គឺដើម្បីឲ្យសាលាឧទ្ធរណ៍បកស្រាយចំពោះបទល្មើសដែលចោទលោក កឹម សុខា ករណីបដិសេធមិនចូលខ្លួន។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកចំនួន ៥លើកហើយ ក្នុងសំនុំរឿងនាង ខុម ចាន់តារាទីហៅស្រីមុំ។ ប៉ុន្តែលោក កឹម សុខា មិនបានចូលចំនួន ៦ លើកនេះ ក្រោមហេតុផលគឺលោកមានអភ័យឯកសិទ្ធិសភា៕