en     km
en     km

ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ស្ករអំពៅ​បើក​ផ្លូវលំ​ ២​ខ្សែ​

Share

កោះកុង៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ ៣២​ គ្រួ​សារបាន​ដាក់​លិខិត​តាម​រយៈ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុម ហ៊ុន​ស្ករអំពៅ​ចំនួន​ ២​ ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង​ ឲ្យ​បញ្ឈប់​ការ​សាងសង់​របង​បិទ​ផ្លូវលំ​ ២​ខ្សែ​។​ ប្រជាពលរដ្ឋ​អះអាង​ថា​ ការ​បិទផ្លូវ​នេះ​ធ្វើ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​ ។​

​ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ ស៊ូ​ហ្គើ​អ៊ិ​ន​ ដាល់​ស្ទ្រី​ ខម​ភេ​នី​លីមីត​ធី​ត​ និង​ ក្រុមហ៊ុន​កោះកុង​ ផ្លេ​ន​ថេ​សិន​ ខម​ភេ​នី​លី​មី​ធី​ត​ ធ្វើ​របង​លួស​បិទ​កាលពី​ខែមេសា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ ស្ថិត​នៅ​ក្នុងភូមិ​ ត្រពាំង​កណ្តោល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។​

kos-kong-thum
អ្នកភូមិហែករបងដែកលួសរបស់ក្រុមហ៊ុនស្ករស ដើម្បីចូលទៅមើលចំការរបស់ខ្លួន។

​បើ​តាម​ម្ចាស់​ចំការ​ម្នាក់​ឈ្មោះ​ កាន់​ នាង​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ធ្វើ​របប​ដែក​លួស​បិទផ្លូវ​ចេញចូល​ គឺ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន ​២​គ្រួសារ​ មិន​អាច​ធ្វើ​ដំណើរ​ចេញចូល​ដឹក​ជញ្ជូន​ដំណាំ​ក្នុង​ចំការ​សាវម៉ាវ​ និង​ចំការ​ធូ​រ៉ែ​ន​ យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​នោះ​ទេ​។​ ម្យ៉ាងទៀត​ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ៣២​គ្រួសារ​ផ្សេង​ទៀត​ មិន​អាច​ទៅ​មើលថែ​ទាំ​ ដាក់​ជី​ដំណាំ​ស្រូវ​បាន​ផង​ដែរ​ ព្រោះ​ក្រុមហ៊ុន​បាន​បិទផ្លូវ​ទៅ​ហើយ​។​

​អ្នកស្រី​ កាន់​ នាង​ បញ្ជាក់​ថា​ សាវម៉ាវ​ និង​ធូ​រ៉ែ​ន​ មួយ​ចំនួន​បាន​ងាប់​ដោយសារ​គ្មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ជី​ដើម្បី​ដាក់​ដំណាំ​។​ ម្ចាស់​ចំកា​រូប​នេះ​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ទ្វារ​ដែក​ដើម្បី​អាច​ចេញចូល​នៅ​លើ​ដីចំការ​នោះ​  ប៉ុន្តែ​អ្នកស្រី​ថា​ ភាគី​ក្រុមហ៊ុន​មិន​ទាន់​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ​។​ អ្នកស្រី​ កាន់​ នាង​៖«​ចំការ​ខ្ញុំ​បេះ​ផ្លែ​ហើយ​តែ​ខ្ញុំ​ត្រូវ​យក​ជី​មក​ដាក់​អត់​មាន​ផ្លូវ​ចូល​ដឹក​ជី​ ខ្ញុំ​អត់​ទូល​មក​រួច​ទេ​ ក៏​ខូច​សៅ​ម៉ៅ​ខ្ញុំ​ងាប់​អស់​ដែរ​ កំពុង​តែ​ងាប់​ហើយ​និង​ ហើយ​ពូ​មួយ​ចំការ​ជាប់​ខ្ញុំ​ដែរ​ ប្រើប្រាស់​ផ្លូវ​និង​ដែរ​ សៅ​ម៉ៅ​គាត់​ទុំ​ពេញ​ដើម​ គេ​បិទផ្លូវ​ជិត​ ឡាន​អត់​ចូល​រួច​ គេ​អត់​មក​ទិញ​គាត់​សៅ​ម៉ៅ​ជ្រុះ​ពេញ​ដី​»​។​

kos-kong-thum-01
រូបចំការរបស់អ្នកភូមិដែលត្រូវក្រុមហ៊ុនស្ករសព័ន្ធរបងមិនឱ្យចេញចូល។

​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ ក្រុមហ៊ុន​ស្កអំពៅ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ខេត្ដកោះកុង​នេះ​ដែរ​ លោក​ ជា​ អ៊ុយ​ ដែល​ជា​មេ​ភូមិ​ត្រពាំង​កណ្ដោល​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ថា​ មូលហេតុ​ដែល​ក្រុមហ៊ុន​បាន​បិទ​របង​លួស​កាត់​ទទឹង​ផ្លូវ​ដូច្នេះ​ ដោយសារ​កាលពី​ពេល​កន្លង​មក​មាន​គោ​ ក្របី​ អ្នក​ភូមិ​ ចូល​ទៅ​ស៊ី​ដំណាំ​របស់​ក្រុមហ៊ុន​ ទើប​ក្រុមហ៊ុន​ស្ករអំពៅ​ Sugar​ industry​ company​ limited​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ Koh​ kong​ Plantation​ company​ limited​  ទាំង​ពីរ​នេះ​បិទផ្លូវ​ដូច្នេះ​។​ ប៉ុន្ដែ​មេ​ភូមិ​រូប​នេះ​ យល់​ថា​ការ​បិទ​របង​ដូច្នេះ​ គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ​។​ លោក​ថា​ ពលរដ្ឋ​រស់នៅ​គឺ​ពឹងផ្អែក​លើ​ផ្លូវ​ដើម្បី​ដឹក​កសិផល​យក​ទៅ​លក់​លើ​ទីផ្សារ​ ប្រសិនជា​ក្រុមហ៊ុន​បិទ​ដូចនេះ​ តើ​ពលរដ្ឋ​នឹង​ត្រូវ​ពឹង​លើ​អ្វី​ដើម្បី​ប្រមូល​កសិផល​ ។​

​លោក​ ជា​ អ៊ុយ​ ថ្លែង​ថា​ តាំង​តែ​ពី​ខែឧសភា​មក​ ពលរដ្ឋ​បាន​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ដឹក​ដំណាំ​កសិផល​ នឹង​ធ្វើ​ទ្វារ​បិទ​ចាក់សោរ​ឲ្យ​ក្រុមហ៊ុន​វិញ​ ប៉ុន្ដែ​ក្រុម​មិន​មានការ​ឆ្លើយ​តប​យ៉ាងណា​ទេ​ ។​ លោក​បាន​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ និង​ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជួយ​ដល់​ពលរដ្ឋ​ផង​ ព្រោះតែ​លោក​ព្យាយាម​ចរចា​ជាមួយ​ក្រុមហ៊ុន​ដែល​ តែ​ក្រុមហ៊ុន​ហាក់​មិន​ឆ្លើយ​នោះ​ទេ​ ។​ ​លោក​ ជា​ អ៊ុយ​៖​«​ខ្ញុំ​សូម​សំណូមពរ​ដល់​អង្គការ​ឲ្យ​ជួយ​ដោះស្រាយ​ដល់​អ្នក​ភូមិ​ផង​ ហើយ​បើកាលណា​អត់​ផ្លូវ​ប្រជាជន​ដឹក​ផលដំណាំ​ម​ ដឹកស្រូវ​ដឹក​ឪឡឹក​អី​ទៅ​តាម​ណា​បើ​បិតផ្លូវ​គាត់​អស់ហើយ​ហ្នឹង​ ហើយ​ផ្លូវ​ហ្នឹង​មិនមែន​ទើប​មាន​ឯណា​ មាន​យួ​ហើយ​ហ្នឹង​»​។​

​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង​ពីរ​ខាងលើ​បាន​នៅឡើយ​ទេ​។​ តែបើ​តាម​ការ​ឱ្យ​ដឹង​ពី​មេឃុំ​ និង​ម្ចាស់​ចំការ​អ្នកស្រី​ កាន់​ នាង​  ភាគី​ក្រុមហ៊ុន​នឹង​ផ្តល់​ដំណឹង​តប​តាម​ស្នើ​ធ្វើ​ទ្វារ​ដែក​លើ​ផ្លូវ​ចេញចូល​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​។​

Share

ព័ត៌មានទាក់ទង

Image