ភ្នំពេញ៖ ប្រជាពលរដ្ឋប្រើប្រាស់បង្គន់មានការកើនឡើងបាន ៤៦% ក្នុងឆ្នាំ ២០១៦ បើធៀបឆ្នាំ ២០០៨ គឺមានត្រឹម ០,៨% ប៉ុណ្ណោះ។ នេះជាកាលើកឡើងរបស់លោក ជា សំណាង អ្នកសម្របសម្រួលក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។
លោកបានថ្លែងដូចនេះ នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាសហប្ររិបត្តិការណ៍ វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យឆ្នាំ ២០១៧- ២០២០ដែលរៀបចំដោយក្រុមប្រឹក្សាសហប្រតិបត្តិការណ៍ វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (WSSCC ) និង ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ នៅសណ្ឋាគាសាន់វេ កាលពីថ្ងៃ១ ខែ កក្កដា ឆ្នាំ២០១៦ ។
តែនៅពេលជាមួយគ្នានេះ លោក ជា សំណាងមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួន នៅតែមិនឲ្យតម្លៃលើការប្រើប្រាស់បង្គន់អនាម័យនៅឡើយទេ។ លោកបន្តថា ការមិនប្រើបង្គន់អនាម័យ នឹងបង្កឲ្យប្រជាពលរដ្ឋមានជំងឺរាតត្បាតផ្សេងៗ បាត់ បង់សេចក្តីថ្លៃថ្នូរជាដើម ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
បើយ៉ាងនេះក្ដីលោកបានបង្ហាញពីភាពវិជ្ជមានថា នៅពេលនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាមុន និងមានចំនួនអ្នកប្រើប្រាស់បង្គន់អនាម័យបានកើនដល់ ៤៦% តែលោកថា ចំនួននេះនៅមិនទាន់ឆ្លើយតបទៅនិងតម្រូវការដែលក្រសួងអភិ វឌ្ឍន៍ជបទនៅឡើយ។
ទាន់ទិនទៅនិងការកើនឡើងនៃចំនួនប្រើប្រាស់បង្គន់លោក Dave Trouba តំណាងអង្គការ wsscc នៅកម្ពុជាបានលើកឡើងថា នេះជាការកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពីដំណើរការគម្រោរបស់ wsscc នៅក្នុងប្រទេសកម្ពុជារយៈ ៩ឆ្នាំ មកនេះដែលចំណាយថវិកាអស់ប្រមាណ ១១ លានដុល្លា។
លោកបានបន្តថា wsscc មានគម្រោងលើកកម្ពស់ឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ឲ្យបាន ១០០% ក្នុងពេលខាងមុខ។ ដើម្បីជួយលើកកម្ពស់សុខភាព និងជួយដល់កំណើន សេដ្ឋកិច្ចគ្រួសារផងដែរ ។
អង្គការ wsscc ជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ដែលអង្គការនេះបានចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០០៨។ ទិសដៅនៃអង្គការមួយនេះ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទគឺក្នុងសកម្មភាពអនាម័យជនបទ៕