ប្រទេសខ្មែរ មានភាពរីកចម្រើនរុងរឿងនៅសម័យមហានគរ ដែលខ្មែរតែងហៅថា ចក្រភពអង្គរ។ ប្រទេសខ្មែរធ្លាប់ជាមហាអំណាចនយោបាយ សេដ្ឋកិច្ច និងយោធា។ កាលនោះ ខ្មែរមានរឹទ្ធានុភាពខ្លាំងក្លា ហើយប្រទេសជិតខាងរណបប្រទេសខ្មែរ មិនហ៊ានឈ្លានពានទឹកដីខ្មែរឡើយ។ លុះក្រោយសម័យអង្គរមក កម្ពុជាចេះតែរួញតូចទៅៗ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសល់ទឹកដីតែ១៨១ ០៣៥គីឡូមែត្រការ៉េតែប៉ុណ្ណោះ។ ទំនាស់នៅតាមតំបន់ព្រំដែន ធ្វើឲ្យប្រជាជនខ្មែរមើលមុខមិនត្រង់ជាមួយប្រជាជនជិតខាង ហើយបញ្ហានេះបានក្លាយជាសង្គ្រាមប៉ាការវាងជាតិសាសន៍ខ្មែរ និងអ្នកជិតខាង នឹងបង្កបញ្ហាស្អប់ខ្ពើមជាតិសាសន៍ រហូតឈានទៅដល់ការប្រើអំពើហឹង្សាជាញឹកញយ ទាំងកងទ័ព និងប្រជាជន។
សំឡេង៖
ការឈ្លានពានពីសំណាក់ប្រទេសខ្លាំង ទៅលើប្រទេសខ្សោយគឺជារឿងធម្មតារបស់ប្រទេសដែលមានមាឌធំ ជារឿងធម្មតាពីព្រោះថា សារជាតិអ្នកខ្លាំងតែងតែយកប្រៀបទៅ លើអ្នកខ្សោយ។ បើផ្អែកលើប្រវត្តិសាស្រ្ត ប្រទេសខ្លាំងដូចជា អាឡឺម៉ង់ និងជប៉ុនបានបង្កើតសង្រ្គាមលោកលើកទី២ ហើយអាឡឺម៉ង់បានវាយយកប្រទេសនៅអឺរ៉ុប ឯជប៉ុនបានវាយយកប្រទេសនៅអាស៊ីដើម្បីដាក់ជាអាណានិគមរបស់ខ្លួន។
ដោយឡែកប្រវត្តិសាស្រ្តខ្មែរក៏មិនខុសគ្នាប៉ុន្មានឡើយ ខ្មែរធ្លាប់ក្លាយជាមហាអំណាចមុនគេនៅអាស៊ី ទាំងមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធានៅស.វ ទី៩ដល់ស.វទី១៣។ ក្នុងកាលៈទេសៈដែលខ្មែរខ្លាំង ខ្មែរមិននៅស្ងៀមទេ ខ្មែរបានវាយប្រទេសជិតខាងដើម្បីពង្រីកទឹកដី។ កាលនោះ ទឹកដីខ្មែរមានវិសាលភាពធំធេងណាស់ ខាងកើតទល់ សមុទ្រ ខាងលិចក្តោបប្រទេសថៃទាំងអស់ ខាងជើងទល់ប្រទេសចិន និងខាងត្បូងក្តោបប្រទេសវៀណាមបច្ចុប្បន្ន និងទល់ឈូងសមុទ្រខ្មែរ។
នៅពេលដែលខ្មែរកាន់តែខ្លាំង គ្មានសត្រូវណាហ៊ានតទល់ប៉ុន្មានទេ តែក្រោយសម័យមហានគរ រាប់ចាប់តាំងពីព្រះបាទពញ្ញាយ៉ាតចាកចេញពីក្រុងអង្គរ ប្រទេសខ្មែរត្រូវបាត់បង់រិទ្ធានុភាពជាបណ្តើរៗ។ ពេលនោះហើយ រាជវង្សខ្មែរត្រូវបែកបាក់ ប្រទេសជិតខាងចាប់រើបម្រាស់ និងឈ្លានពានខ្មែរតាមរូបមន្ត ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ប្រទេសចេះតែខ្សោយទៅៗ សត្រូវជុំទិស ជាពិសេសប្រទេសជិតខាងមានសៀម និងយួនចាប់ផ្តើមហែកខ្មែរជាពីរចំណែក ចង់លេបត្របាក់ទឹកដីខ្មែរនៅសម័យព្រះបាទអង្គដួង តែនំខ្មែរស្អិតលេបមិនដាច់ទាល់តែសោះ។ សង្រ្គាមដណ្តើមទឹកដីបានកើតឡើងជាហូរហែរ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសល់ទឹកដីតែ១៨១ ០៣៥ គីឡូមែត្រការ៉េតែប៉ុណ្ណោះ។
ប្រទេសដ៏កំសត់មួយនេះ នៅតែមិនទាន់រំដោះខ្លួនរួចពីក្រញ៉ាំចចកទាំងពីរគឺថៃ និងវៀតណាម។ ជម្លោះព្រំដែនជាមួយប្រទេសជិតខាង ចេះតែឡើងកម្តៅខ្លាំងទៅៗ។ ជម្លោះជាមួយថៃ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីអស់ចំនួន១២ខេត្ត ជម្លោះជាមួយវៀតណាម ធ្វើឲ្យកម្ពុជាបាត់បង់អស់ចំនួន២១ខេត្ត ប៉ុន្តែទឹកដីខ្មែរនៅបន្តបាត់បង់តទៅទៀត បើអ្នកនយោបាយខ្មែរ នៅមិនភ្ញាក់រលឹករួមគ្នាជួយការពារមាតុភូមិដ៏កម្សត់មួយនេះ។
ប្រវត្តិសាស្រ្តនៅតែតាមលងជនជាតិខ្មែរ ឲ្យប្រយ័ត្នប្រយែងក្នុងការពារទឹកដីរបស់ខ្លួន។ ជម្លោះទឹកដីជាមួយថៃ រដ្ឋាភិបាលកម្ពុជាហាក់ដុតដៃដុតជើង ទើបធ្វើឲ្យប្រជាជនមិនសូវជាព្រួយបារម្ភ ហើយជនជាតិខ្មែរមិនសូវស្អប់ខ្ពើមជនជាតិថៃប៉ុន្មានទេ ម៉្យាងមកពីខ្មែរសុរិន្ទដែលរស់លើទឹកដីថៃបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលថៃយកចិត្តទុកដាក់។ ពួកគេមានជីវភាពធូរធារ មានសិទ្ធិសេរីភាព ហើយពួកគេបានក្លាយជាសេដ្ឋីស្រុកស្រែរស់នៅយ៉ាងសុខសាន្ត។
ចំណែកជម្លោះជាមួយវៀតណាមវិញ ប្រជាជនកម្ពុជាមានការបារម្ភ បារម្ភពីព្រោះថា រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឡើងកាន់អំណាចក្រោយរបបខ្មែរក្រហម ហាក់មិនបានការពារព្រំដែនខាងកើតដូចព្រំដែនខាងលិចនោះទេ។ ម្យ៉ាងទៀតជនអន្តោប្រវេសន៍ វៀតណាម ចេះតែហូរចូលមករស់នៅលើទឹកដីកម្ពុជាស្ទើររាល់ថ្ងៃ មកដល់ពេលបច្ចុប្បន្ននេះតាមជំរឿនថ្មីៗ របស់ក្រសួងមហាផ្ទៃដែលធ្វើទើបបាន៧០ភាគរយ បានរកឃើញថា ជនអន្តោប្រវេស៍វៀតណាមមានចំនួន១៦ម៉ឺននាក់ហើយ។
ស្រមោលប្រវត្តសាស្រ្តនិងគំនិតមហិច្ឆតារបស់វៀតណាម បានធ្វើឲ្យប្រជាជនជិតខាងទាំងពីរមើលមុខគ្នាមិនចំ មិនចំ ពីព្រោះថា ប្រជាជននៅប្រទេសទាំងពីរមានគំនិតផ្ទុយគ្នា។ បញ្ហានៅតាមតំបន់ព្រំដែន ត្រូវបានគណបក្សប្រឆំាងរបស់កម្ពុជា បានយកមកធ្វើការឃោសនានយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព។ ហើយពាក្យថា «យួន» ត្រូវបានខ្មែរអ្នកស្នេហាជាតិមួយចំនួននិយាយពេញៗមាត់ ដែលហៅសំដៅលើអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ បញ្ហាទំនាស់ទឹកដី បានធ្វើឲ្យប្រជាជនខ្មែរស្អប់ជនជាតិវៀតណាម ហើយមិនមែនជារឿងចម្លែកទេ មិនចម្លែកពីព្រោះថា វៀតណាមតែងតែឈ្លានពានកម្ពុជាទាំងដែនទឹក និងដែនគោក ហើយមកដល់ពេលនេះ វៀតណាមនៅតែទន្រ្ទានយកដីខ្មែរដដែល។
លើសពីនេះ អ្វីដែលធ្វើឲ្យប្រជាជនទាំងពីរស្អប់គ្នា គឺបញ្ហាភាសា វប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅរបស់ជនជាតិវៀតណាម ផ្ទុយគ្នាស្រឡះពីជនជាតិខ្មែរ ហើយបញ្ហានេះ ធ្វើឲ្យប្រជាជនទាំងពីរឃ្លាតពីគ្នាកាន់តែឆ្ងាយ។ មួយវិញទៀត ទម្លាប់ប្រើហឹង្សារវាងជនជាតិខ្មែរ និងជនជាតិវៀតណាមគឺតែងតែកើតមានឥតដាច់ តាំងពីប្រវត្តិសាស្រ្តរហូតមក។
កាលនោះ វៀតណាមបានយកខ្មែរទៅដាំតែអុង (យកក្បាលខ្មែរធ្វើមុំចង្ក្រាន ដើម្បីដាំតែផឹក) ដែលធ្វើឲ្យខ្មែរគ្រប់រូបមានការឈឺចាប់ ហើយគុំគួនជនជាតិមួយនេះរហូតមក។ ភាពប្រតិកិរិយា របស់ប្រជាជនទាំងពីរបានធ្វើឲ្យមានសង្គ្រាមប៉ាការបស់អ្នកជាតិនិយម និងការទាញយកប្រជាប្រិយភាពលើបញ្ហាព្រំដែនពីអ្នកនយោបាយនៃប្រទេសទាំងពីរ។
បញ្ហាការប្រកាប់ពូជសាសន៍ ការគុំគួន និងវប្បធម៌ហឹង្សា នៅតែជាប់ដិតដាមក្នុងផ្នត់គំនិតរបស់ប្រពលរដ្ឋទាំងពីរ ហើយវានឹងអាចប៉ះពាល់បាវចនារបស់អាស៊ានគឺទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ។
ទំនាស់ព្រំដែននេះ អាចដោះស្រាយបាន លុះត្រាតែអ្នកនយោបាយនៃប្រទេសទាំងពីរ អនុវត្តន៍ច្បាប់អន្តរជាតិ និងគោរពដែនអធិបតេយ្យគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងល្អ។ មួយវិញទៀត ត្រូវខិតខំពន្យល់ពលរដ្ឋរបស់ខ្លួនកុំឲ្យមានគំនិតជាតិនិយមជ្រុល និងការអប់រំប្រវត្តិសាស្រ្តពិតដល់ក្មេងៗជំនាន់ក្រោយ ដើម្បីចៀសវាងការយល់ច្រឡំធ្វើឲ្យមានសង្គ្រាមជាតិសាសន៍ទៅថ្ងៃក្រោយ៕