en     km
en     km

​សកម្មជន​មាតា​ធម្មជាតិ​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃនេះ​ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យ​ជាង​១០០​លាន​រៀល​

Share

កោះកុង៖ ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​ខេត្ដកោះកុង​មក​ពី​ចលនា​មាតា​ធម្មតា​ជាតិ​ចំនួន​បី​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​​នេះ​ ត្រូវ​បាន​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ ដោយ​កំណត់​ឲ្យ​អ្នក​ទាំង​បី​នាក់​នោះ​ទទួលទោស​ ១​ឆ្នាំ​ ៦​ខែ​ ដោយ​អនុវត្ដន៍​ទោស​រយៈពេល​ ១០​ខែ​ ១៥​ថ្ងៃ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​ជាង​ ១០០​លាន​រៀល​ ។​ ចំពោះ​ការ​សម្រេច​នេះ​ ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ពលរដ្ឋ​យល់​ថា​ ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ ។​ 

 

Syna-Big
ប្រជាពលរដ្ឋឈរលើកបដានៅមុខសាលាដំបូងខេត្តកោះកុងទាមទារឲ្យដោះលែងសកម្មជនការពារបរិស្ថានតំបន់អារ៉ែងបីរូប។

​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់​នេះ​គឺ​ លោក​ សំ​ ចំរើន​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ថា​ តុលាការ​បាន​ចេញ​សាលក្រម​ដូចនេះ​នៅ​ចំពោះ​មុខ​ ជនជាប់ចោទ​ទាំង​៣​រូប​នេះ​។​ ជនជាប់ចោទ​ទាំង​៣​រូប​នេះ​គឺ​ លោក​  សាន់​ ម៉ា​ឡា​ លោក​ ទ្រី​ សុ​វី​គា​ និង​លោក​ ស៊ី​ម​ សំណាង​។​

​លោក​មេធាវី​បន្ដ​ថា​ អ្នក​ទាំង​បី​នាក់​នឹង​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃនេះ​ព្រោះ​បើ​គិត​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ ចាប់ខ្លួន​កាលពី​ខែ​ សីហា​ ឆ្នាំ​មុន​ មក​ដល់​ថ្ងៃនេះ​គឺ​ការ​អនុវត្ដន៍​ទោស​បាន​ចប់​ហើយ​ ។​ ​លោក​ សំ​ ចំរើន ​បញ្ជាក់​ថា​ ចំពោះ​ថ្ងៃ​កំណត់​ត្រូវ​បង់ប្រាក់​សំណង​ឬ​ក៏​យ៉ាងណា​នោះ​គឺ​ត្រូវ​រង់ចាំ​សាលក្រម​សម្រេច​ចេញ​ជា​ស្ថាពរ​មក​សិន​ ទើប​អាច​កំណត់​បាន​ថា​ តើ​ត្រូវ​ទទួលយក​ឬ​ក៏​ធ្វើ​យ៉ាងណា​ទៀត​។​

​លោក​ សំ​ ចំរើន​៖«​រឿង​ផ្សេង​ទៀត​ខ្ញុំ​នឹង​ជួប​ពិភាក្សា​ជាមួយ​គាត់​ឆាប់ៗ​នេះ​ដែរ​  តើ​ថា​យើង​ត្រូវ​ស្ងប់ស្ងាត់​ទទួលយក​សេចក្ដីសម្រេច​ហ្នឹង​ ឬថា​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ពេល​បន្ទាប់​»​។​

​ជាមួយ​គ្នា​នេះ​លោក​ ស៊ន​ ចាន់​តា​រ៉ា​ ជាស​កម្មជាន​ការពារ​ព្រៃឈើ​ មក​ពី​ចលនា​មាតា​ធម្មជាតិ​ ដោយ​បាន​ចូល​ទៅ​ស្ដាប់​ការ​ប្រកាស​សាលក្រម​ កាលពី​ព្រឹក​មិ​ញ​ដែរ​នោះ​យល់​ថា​ ការ​សម្រេច​ដាក់ទោស​ទៅ​លើ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់​នោះ​ជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ដែល​ លោក​ថា​ការ​អនុវត្ដន៍​ច្បាប់​នៅ​កម្ពុជា​ មាន​ស្ដង់ដា​ពីរ​ ។​

​លោក​បន្ត​ថា​ នា​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​ យុវជន​ត្រូវ​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​ព្រៃឈើ​ ប៉ុន្ដែ​មន្ដ្រី​អាជ្ញាធរ​បែរជា​មិន​អនុវត្ដន៍​ហើយ​មិនតែប៉ុណ្ណោះ​បែរជា​ចាប់​អ្នក​ការពារ​ព្រៃឈើ​ដាក់​គុ​គ​ទៅ​វិញ​។​ ​លោក​ សន​ ចាន់​តា​រ៉ា​៖«​ខ្ញុំ​យល់​ឃើញ​ថា​ ការ​អនុវត្ដន៍​ច្បាប់​នៅ​កម្ពុជា​មាន​ស្ដងដា​ពីរ​ ហើយ​ខ្ញុំ​គិត​ថា​វា​មិន​មាន​ភាព​ស្មើរ​គ្នា​ចំពោះ​យុវជន​ ហើយ​អ្នក​ទាំង​បី​នាក់​នេះ​គឺ​គាត់​លះបង់​ធំធេង​មែន​ទែ​ប៉ុន្ដែ​គាត់​បែរជា​ទទួល​បានការ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​និង​បង់ប្រាក់​ពិន័យ​ចំនួន​សំណង​រដ្ឋ​ប​វេ​នី​ទៅ​ក្រុមហ៊ុន​ដែល​ជាដើម​បណ្ដឹង​ចំនួន​ ១០២​លាន​រៀល​ទៀត​ អ​ញ្ចឹ​ង​វា​គឺ​អ​យុ​ត្ដិ​ធ​ម៍​មែនទែន​»​។​

​ចំណែក​លោក​ អ៊ិ​ន​ គង់​ជិត​ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លី​កាដូ​(LICADHO)​ ប្រចាំ​ខេត្តកោះកុង​ដែល​បាន​តាមដាន​សវនាការ​កាលពី​ព្រឹក​មិ​ញ​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​កាត់ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​នេះ​ គឺជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​សម្រាប់​ពួក​គាត់​ ព្រោះ​អ្នក​ ទាំង​បី​នាក់​គឺជា​ជន​ក្រីក្រ​ដែល​លះបង​ទាំង​ប្រយោជន៍​គ្រួសារ​និង​ជីវភាព​គ្រួសារ​ដើម្បី​ជួយ​សង្គម​ ។​

​លោក​យល់​ថា​ តុលាការ​មិន​គួរ​ដាក់​ពី​ន័យ​គាត់​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ​ ព្រោះតែ​អ្នក​ទាំង​៣​នាក់​នោះ​ មិន​មាន​លទ្ធភាព​បង់​សំណង​ច្រើន​បែប​នេះ​ឡើយ​ ។​​លោក​ អ៊ិ​ន​ គង់​ជិត​ បញ្ជាក់​ថា​ ទ​ង្វើ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដែល​ចូលរួម​ការពារ​បរិស្ថាន​នេះ​ រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ផ្ដល់​ការ​លើកលែង​ដល់​ពួក​គាត់​ ហើយ​ផ្ទុយ​ទៅ​វិញ​គួរ​ផ្ដល់​ជា​ពានរង្វាន់​ ដល់​សកម្មជន​ទាំង​៣​នាក់​នេះ​វិញ​។​ ​លោក​ អ៊ិ​ន​ គង់​ជិត​៖«​ខ្ញុំ​យល់​ថា​ ការ​ដែល​គាត់​ចូលរួម​ការពារ​បរិស្ថាន​នេះ​ គួរតែ​រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ដ​គាត់​ ផ្ដល់​ពានរង្វាន់​ដល់​គាត់​ ហើយ​មិន​គួរ​ដាក់​ទោសទណ្ឌ​លើ​គាត់​ធ្ងន់ធ្ងរ​ដូចនេះ​ទេ​ ហើយ​យើង​យល់​ថា​ សាលក្រម​នេះ​វា​អ​យុ​ត្ដិ​ធ​ម៍​សម្រាប់​ពួក​គាត់​»​។​

​សូម​ជម្រាប​ថា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​ ៣​នាក់​នេះ​ ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ ឃុំខ្លួន​ដោយ​ចោទ​ពី​បទ​គំរាមកំហែង​ ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​ បន្ទាប់​ពី​ក្រុមហ៊ុន​ បូម​ខ្សាច់​មួយ​ឈ្មោះ​ ដាយ​រ៉េ​ក​ អាក​សេស​ ខូ​,​អ៊ិ​ល​,​ធី​ឌី​បាន​ប្ដឹង​ ។​ ​អ្នក​ទាំង​៣​នាក់​​ មក​ពី​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដែល​មាន​លោក​ អា​ឡិច​ ហ្ស​ង់​ដ្រូ​ ហ្គ​ន់​សា​ឡេ​ស​ ដេ​វិត​សិន​(Alejandro​ Gonzalez​ Davidson)​ ជា​ប្រធាន​ ដែល​បច្ចុប្បន្ន​នេះ​​លោក​ កំពុង​រស់នៅ​និរទេស​ខ្លួន​ ៕
 

Share

Image
Image
Image