ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី របាយការជួញដូរមនុស្សឆ្នាំ២០១៦ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៃ ការជួញដូរមនុស្ស ដែលចំណាច់ថ្នាក់ល្អមធ្យម។
តាមរបាយការណ៍ TIP របស់ក្រសួងការបរទេសអាមេរិក ដែលបានស្រាវជ្រាវទាក់ទងនឹងការអនុវត្ត និងការខិតខំប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប របស់រដ្ឋាភិបាលនៅជុំវិញពិភពលោក គឺ នៅឆ្នាំ២០១៦នេះ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន កាលពីឆ្នាំទៅ។
តាមសេចក្ដីប្រកាសព័ត៌មាន ដដែលនេះ ចំណាត់ថ្នាក់លេខ២ គឺផ្អែកតាមការខិតខំគួរសមរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងឆ្នាំកន្លងទៅនោះ។
សេចក្ដីប្រកាសនេះ ក៏បានកត់សំគាល់ឃើញពីដំណើរជឿនលឿនរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើសនៃការជួញដូរកំលាំងពលកម្ម។ តែបែបេះក្ដី របាយការណ៍នេះបានបង្ហាញចំណុចមួយចំនួន ដើម្បីធ្វើការកែលំអ នៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើបដែលកម្ពុជាត្រូវបន្តអនុវត្ត។
របាយការណ៍ TIP របស់ក្រសួងការបរទេសអាមេរិក ប្រចាំឆ្នាំលើកទី១៦ នេះ មានការរៀបរាប់អំពីប្រទេស និងទឹកដីចំនួន១៨៨ ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ៕