រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព តាំងពីឆ្នាំ ២០០៨មក ដើម្បីថែរក្សាសុវត្ថិភាពជួនពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ។ បន្ទាប់ពីដាក់ចេញគោលនយោបាយនេះ ពលរដ្ឋមានការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយនេះ ។ ទោះជាយ៉ាងណា រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថា ភាពអសកម្មនៅតែកើតមានជាហូរហែ ដូចជា ចោរ លួច ឆក់ ប្លន់ ស្ទើររាល់ថ្ងៃ ។
បញ្ហានេះ បណ្តាលឱ្យពលរដ្ឋរស់នៅក្នុងខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ មានការព្រួយបារម្មណ៍ និងបានលើកឡើងថា គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព មានតែគោលនយោបាយតែគ្មានការអនុវត្ដន៍ឲ្យបានល្អប្រសើរ ព្រោះសព្វថ្ងៃតាមភូមិឃុំពួកគាត់រស់នៅ គឺមានផលវិបាកជាច្រើនតែគ្មានមន្ដ្រីអាជ្ញធរ ដោះស្រាយឲ្យបានល្អប្រសើរនៅឡើយនោះទេ ។ តើពលរដ្ឋមានមតិយ៉ាងណាជុំវិញការអនុវត្ដន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍របស់ លោក លៀ ស៊ីណា ដូចតទៅ៖
«សម្រាប់ខ្ញុំអត់ដឹងផង » «ខ្ញុំពេលឮពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលហ្នឹង ខ្ញុំគិតថា នឹងលែងមានដាក់បះ លែងវ៉ៃគ្នាអីអញ្ចឹង តែតាមពិតអត់ផង» «តាមថាវាអត់មានប្រសិទ្ធិភាពអីខ្ពស់ផង ដូចថាដាក់នេះគ្រាន់តែដាក់ក្នុងរបៀបថាឲ្យពលរដ្ឋឃើញថារាជរដ្ឋាភិបាលបានដាក់ហើយ តែតាមពិតវាអត់មានប្រសិទ្ធិភាពអីផង» ។
នេះជាសម្លេងរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីមតិយោបល់របស់ពួកគេជុំវិញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យមន្ដ្រីទាំងអស់អនុវត្ដន៍នៅតាមមូលដ្ឋានទូទាំងប្រទេស ។
ស្ដ្រីវ័យ ៤៩ឆ្នាំ ម្នាក់ដែលកំពុងអង្គុយនៅខាងមុខផ្ទះដោយដៃម្ខាងពរកូនផងនោះ គឺអ្នកស្រី ខុន ផល្លា បានរៀបរាប់ថា គាត់មិនបានដឹងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះទេ «ខ្ញុំអត់ដឹងផងខ្ញុំនៅតែក្នុងផ្ទះ អត់មានទួរទស្សន៍ទេខ្ញុំទៅដក់ក្រអៅឈួកប៉េះត្រគួនអីបាត់ៗ» ព្រោះប្ដីមិនជួយរកស៊ីចិញ្ជឹមកូនទើបអ្នកស្រីរវល់តែការរកទទួលទានមិនដឹងពីរឿងរ៉ាវក្នុងសង្គម «ពិបាកនិយាយដែរប្ដីដើរបាត់ៗពីផ្ទះ រាល់ថ្ងៃជាជំហគ្រួសារម្នាក់ឯង ចិញ្ចឹមកូនម្នាក់ឯង ទុកដាក់ក្នុងគ្រួសារតែឯង ជួបទុក្ខលំបាកម្នាក់ឯង ធ្វើការធ្ងន់ធ្វើការស្រាលម្នាក់ឯង មិនមានពេលទៅស្ដាប់រឿងអីទេ» ។
ចំណែកពលរដ្ឋម្នាក់ទៀត គឺលោក ប៉ាល់ មករា ដែលសព្វថ្ងៃលោករស់នៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បាននិយាយថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួចមក ភាពអសន្តិសុខ គឺមានការកាត់បន្ថយច្រើន ។ លោក ប៉ាល់ មករា សាទរចំពោះគោលនយោបាយនេះ ហើយក៏ស្នើអោយអាជ្ញាធរ បន្ថែមការរឹតបន្តឹង ទៅលើភាពអសកម្មមួយចំនួនទៀតដែលនៅសេសសល់ ។ «បើគិតពីស្ថានភាពតាំងពីឆ្នាំ២០០៨ ឆ្នាំ ២០០៩ ខ្ញុំមើលទៅវាមានស្ថានភាពមិនទាន់ល្អប្រសើរច្រើន រញ៉េរញ៉ៃ ក៏ប៉ុន្ដែបើមើលពីស្ថានភាពរយៈពេលចុងក្រោយនេះឃើញថារាងគ្រាន់បើ ដូចថាភាពរញ៉េរញ៉ៃក្នុងភូមិឃើញថាបានកាត់បន្ថយបានច្រើន បើកាលពីមុនមកវាមានក្មេងស្ទាវមានអីច្រើន នៅសុខៗវា យកដំបងមកវ៉ៃគ្នាពាស់ទឹកពាស់ដីអីក៏មានដែរ ហើយអត់មានឃើញចាត់វិធានការអីទេ តែរយៈពេលចុងក្រោយនេះឃើញមានសភាពស្ងប់ស្ងាត់ច្រើន» ។
រីឯស្ដ្រីវ័យ ៥៥ ឆ្នាំ មួយរួប ដែលកំពុងឈរបេះត្រួយសំបូរ រស់នៅភ្នំពេញថ្មី ខណ្ឌសែនសុខ អ្នកស្រី ម៉ន សុភាព លើកឡើងថា បច្ចុប្បន្ននេះ តំបន់អ្នកស្រីរស់នៅហាក់មានភាពស្ងប់ស្ងាត់ មិនដូចពីមុន ដែលធ្លាប់តែមានចោរប្លន់ ឬគាស់ផ្ទះជាដើមនោះ បន្ទាប់ពីមានគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ «ឥឡូវគេចាប់អស់ហើយ ម្ដុំនេះសុទ្ធតែមានដែរតើកាលពីមុនអ្នកជក់ (ថ្នាំញៀន) តែគេចាប់អស់ហើយ ស្ងាត់ តែកាលពីមុនឃើញដើរទាំងហ្វូងៗ ក្មេងៗ ដល់ឥឡូវស្ងាត់អស់ហើយអត់មានទេ ចា អត់មានអ្នកណាលួច អត់មានអ្នកធើអីផងអត់មានចោរអត់ទេ ក្រៅម្ដុំនេះខ្ញុំមិនអត់ធានាទេ តែបើនៅម្ដុំនេះគឺសុវត្ថិភាពល្អ» ។
ផ្ទុយទៅវិញ លោក ស៊ាង ពូន រស់នៅក្នុងខណ្ឌសែនសុខនេះដែរ យល់ឃើញខុសពីអ្នកស្រី ម៉ន សុភាព ។ លោក ស៊ាង ពូន លើកឡើងថា នៅខណ្ឌសែនសុខនេះ គឺពុំមានសុវត្ថិភាពនោះទេ ព្រោះលោកទើបតែបាត់កង់មួយ នាពេលថ្មីៗនេះ ។ លើសពីនេះទៀត មិត្ដភក្តិលោក ក៏ត្រូវបានចោរវាយយកទូរស័ព្ទទៀតផង។ «ចំពោះការអនុវត្ដន៍គឺមិនបានដូចគោលការណ៍ចេញមកទេ គោលការណ៍គឺល្អតែការអនុវត្ដន៍ហាក់ដូចជាផ្ទុយស្រឡះ នៅទីនេះប្រជាជនមានការភ័យព្រួយច្រើនឲ្យតែយប់មិនទាន់ពលរដ្ឋនាំគ្នាចូលផ្ទះអស់ ហើយកាលពីជាងកន្លះខែមុនខ្ញុំក៏ត្រូវចោរលួចកង់មួយដែរ ហើយរំលងបានប៉ុន្មានថ្ងៃមិត្ដភក្ដិខ្ញុំក៏ត្រូវម៉ូតូឌុបវ៉ៃយកទូរស័ព្ទទៀត» ។
ដូចគ្នានេះដែរ លោក ផាន ធា ពលរដ្ឋមួយរូបរស់នៅភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ និយាយថា លោកក៏មិនពេញចិត្ដចំពោះការអនុវត្ដន៍របស់អាជ្ញាធរមានសមត្ថកិច្ចនោះដែរ ព្រោះលោកមើលឃើញមានតែគោលនយោបាយ ប៉ុន្តែមន្ដ្រីអាជ្ញាធរ មិនព្រមអនុវត្ដន៍ឲ្យបានល្អនោះឡើយ ។ «តាមការសង្កេតយើងឃើញថាមានក្មេងទំនើងច្រើនដែរក្នុងភូមិរបស់ខ្ញុំ អត់មានស្រែកឡូឡាអីទេ ប៉ុន្ដែប្រព្រឹត្ដិអំពើរមិនល្អច្រើន មានវ៉ៃគ្នាតាមវត្ដ តាមផ្លូវអីអញ្ចឹង ហើយពេលដែលប៉ូលីសចាប់ទៅណែនាំបង់លុយបង់អីរួចហើយ លែងមកវិញ ហើយភាគច្រើនការជក់ថ្នាំជក់អីហ្នឹងក៏មានដែរតែដូចអត់ឃើញមានការអើរពើរអីទេ» ។
ស្ថិតក្នុងវ័យ ២០ ឆ្នាំកញ្ញា ស្រីនូ រស់នៅខណ្ឌ ច្បារអំពៅ និងជាបុគ្គលិកដែលបម្រើការងារវេនយប់មួយរូប មានការព្រួយបារម្ភខ្ពស់ពីសុវត្ថិភាពរបស់កញ្ញា ស្ទើររាល់ថ្ងៃ បន្ទាប់ពីចេញពីធ្វើការ នៅពេលយប់ ។ ព្រួយបារម្មណ៍ ព្រោះតែនៅពេលថ្មីៗនេះ សាច់ញាតិរបស់កញ្ញា ត្រូវបានចោរឆក់កាបូបលុយយកទៅបាត់ដោយសុវត្ថិភាព ។ កញ្ញាបានសំនូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យរឹតបន្តឹងសន្តិសុខបន្ថែមទៀត ខណៈបច្ចុប្បន្ន ស្រីនូ មើលឃើញថា បញ្ហាអសន្តិសុខកើតឡើងជាបន្តបន្ទាប់ ដូចជា ចោរ ឆក់ ប្លន់ មាននៅគ្រប់ទីកន្លែង ។ «ខ្ញុំខ្លាចតែចោរឆក់ប្លន់ពេលធ្វើដំណើរ ព្រោះយើងជាស្រីជិះម៉ូតូយប់ធ្វើការចេញម៉ោង ៧ កន្លះជួនម៉ោង៨ ខ្ញុំគិតថាអត់សុវត្ថិភាពទេ ព្រោះដូចប្អូនជីដូនមួយខ្ញុំចឹងត្រូវចោរឆក់កាបូបប្រហែលម៉ោង ៩ ហ្នឹង ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទៅនឹងការអនុវត្ដន៍គោលការណ៍ភូមិឃុំមានសុវត្ថិភាពហ្នឹងតាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ» ។
ជុំបញ្ហានេះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានទទួលស្គាល់ថា ការអនុវត្ដន៍របស់មន្ដ្រីតាមខណ្ឌមួយចំនួន ពិតជានៅមិនទាន់បានល្អប្រសើរមែន ។ លោកបានបញ្ជាក់ដែរថា សព្វថ្ងៃថ្វីបើការអនុវត្ដន៍របស់មន្ដ្រីតាមខណ្ឌនៅមានការឆកល្វែងខ្លះក្តី ប៉ុន្ដែអាជ្ញាធរ មិនដែលបន្ធូរដៃក្នុងការរក្សាសន្ដិសុខជួនពលរដ្ឋនោះទេ ។ «ខ្ញុំទទួលស្គាល់ថាយើងមិនទាន់បានធ្វើអ្វីពេញចិត្ដយើងនៅឡើយទេ យើងត្រូវការពេលវេលាហើយ ចន្លោះពេលខ្លះពួកជនល្មើសវាឈ្លៀតធ្វើសកម្មភាព ប៉ុន្ដែបើយើងនិយាយពីចំនួននៃជនល្មើសដែលយើងប្រឹងបង្ការនឹងបង្ក្រាបនោះឃើញថាសកម្មភាពមានការថយចុះ ហើយចំពោះជនល្មើសដែលបានប្រព្រឹត្ដិល្មើសជានិច្ចជាកាលគឺសមត្ថកិច្ចតែងតែស្រាវជ្រាវចាប់បានច្រើនជាងមុន ហើយយើងសង្ឃឹមថាលទ្ធិផលហ្នឹងកាន់តែល្អទៅៗ» ។
គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យអនុវត្ដន៍កាលពីខែ ឧសភា ឆ្នាំ ២០០៨ ដោយក្នុងនោះមានប្រាំចំណុច ទី១ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ទី២ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទី៣ គ្មានអំពើអនាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ទី៤ គ្មានក្មេងទំនើង និងទី៥ គ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់យ៉ាងក្នុងប្រទេស ការប្រើប្រាស់អាវុធខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទជាដើម ៕