en     km
en     km

នុត រត្ថា ធ្វើការ​​ពី​ប្រាក់ខែ ៦០ដុល្លារ រហូត​ក្លាយ​ជា CEO វ័យក្មេង

Share

មុន​ក្លាយ​ជា​ប្រធាន​​ក្រុមហ៊ុន បុគ្គល​ម្នាក់ៗ​តែង​មាន​ប្រវត្តិ​​សប្បាយ លំបាក​ជូរចត់​របស់​ខ្លួន ចុះ​​អ្នកស្រី នុត រត្ថា ដែល​​​ទើប​ក្លាយ​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ថ្មីថ្មោង​មួយ កាល​ពី​ចុង​ឆ្នាំ​ ២០១៥ នេះ មាន​ប្រវត្តិ​យ៉ាងណា​ដែរ?

បើ​ធៀប​នឹង​ស្ត្រី​ឯទៀត អាចនិយាយ​បាន​ថា អ្នកស្រី​ជា​កូន​ស្រី​មាន​សំណាង​មួយ​រូប ​ដែល​បាន​កើត​​​ក្នុង​គ្រួសារជីវភាព​​​បង្គួរ​មួយ ​មាន​ឪពុក​ជា​មន្ត្រី​រាជការ ​ក្នុង​ជួររដ្ឋាភិបាល និង​ម្ដាយ​ជា​មេផ្ទះ ប៉ុន្តែ​អារម្មណ៍​កក់ក្ដៅ ដែល​គ្រួសារ​បាន​ផ្ដល់​ឱ្យ​រយៈ​ពេល ២៣ ឆ្នាំ​ត្រូវ​​រលាយ ក្រោយ​​​ឪពុកម្ដាយ​ចែក​ផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១១។ គ្រួសារ​ដែល​ធ្លាប់​តែ​រីករាយរបស់​អ្នកស្រី បាន​ប្រែ​​ជួបវិបត្តិ​សេដ្ឋកិច្ច​។

Ms.-Rotha-Young-CEO-03

មាន​បញ្ហា​ផ្លូវចិត្ត​ខ្លាំង និង​បាត់​បង់​ជំហរ​សេដ្ឋកិច្ច​ដ៏​សំខាន់ អ្នកស្រីបាន​សម្រេច​ចិត្ត​​ បញ្ចប់​ជំនាញ​វិទ្យាសាស្ត្រ​សុខាភិបាល​ ជាជំនាញ​ដែល​ខ្លួន​ស្រលាញ់​បំផុត ក្រោយ​រៀន​បាន ៦ ​​ឆ្នាំ (បាន​ត្រឹម​បរិញ្ញាបត្រប៉ុណ្ណោះ ព្រោះ​ត្រូវ​រៀន៨ឆ្នាំ) ដើម្បី​រក​ការងារធ្វើជួយ​​​គ្រួសា​រ និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ជាមួយ​បង​ប្អូន​បី​នាក់​ផ្សេងទៀត។

ក្នុង​ឆ្នាំ ២០១១ អ្នកស្រី រត្ថា បាន​ធ្វើ​ការ​តាម​មន្ទីរពេទ្យ ដែល​ភាគច្រើន​ផ្ដោត​លើ​រដ្ឋបាល…ធ្វើ​ជា​អ្នក​ហាត់​ការផ្នែក​លក់ ក្នុង​ក្រុមហ៊ុន​ឯកជន​ (ឆ្នោត) មួយ​បាន​ប្រាក់​ខែ ៦០ ដុល្លារ ដែល​ប្រាក់​ខែ​តិចតួច​នេះ ស្ទើរ​ធ្វើ​ឱ្យ​​អតីត​​និស្សិត​​សាកលវិទ្យាល័យ ភ្នំពេញ​អន្តរជាតិ គ្មាន​​អាវ​​ថ្មី​​ពាក់​​ទៅ​​ហើយ​។

“ចូល​ធ្វើការ​ដំបូង ខ្ញុំ​ទិញ​អាវ​បាន​តែ ​២ ប៉ុណ្ណោះ …ខ្ញុំ​មាន ៦ កំប្លេ ពាក់​ឆ្លាស់​គ្នា…ជួន​ពាក់​អាវ​ហ្នឹង​មួយ តែ​ជាមួយ​សំពត់​ផ្សេង ៗ ឬ​ស្លៀក​សំពត់​ដដែល តែ​ដូរ​អាវ​ពណ៌​ផ្សេង។ ខ្ញុំ​អត់​ដែលបាន​ពាក់​​អាវ​ថ្មី ៦ ខែ”។

យ៉ាងណា ប្រឹង​យកចិត្ត​ទុកដាក់​ធ្វើ​ការ​បាន​បី​ខែ អ្នកស្រី​បាន​ក្លាយ​ជា​​​បុគ្គលិក​ពេញ​សិទ្ធិ ទទួល​បាន​ប្រាក់​​​បៀវត្ស ១៥០ ដុល្លារ។ ដោយអ្នកស្រី ​មានចេះ​ផ្នែក​​រដ្ឋបាល​​ ពី​មន្ទីរពេទ្យស្រាប់ អ្នកស្រី​ត្រូវ​​ប្រធាន​ ឱ្យ​ធ្វើ​ការ​ខាង​រដ្ឋាល។ មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ អ្នកស្រី​​ត្រូវ​​​ថ្នាក់លើតែងតាំង​ជា លេខា និង​ជំនួយការ​នាយកប្រតិបត្តិ​​ ផ្នែក​រដ្ឋបាលជា​បន្តបន្ទាប់ ដោយ​​ទទួល​បាន​ថ្លៃ​ពលកម្មជាង​ ២០០ ទៅជាង ២០០ ​ដុល្លារ​ក្នុង​មួយ​ខែ។

អ្នកភ្នំពេញ​រូប​នេះបន្ត​ថា៖ “…​ការងារ​ចេះតែ​​វិវឌ្ឍម្ដងតិចៗ ក៏​យើង​បាន​ចេះ​ច្រើន​ជាងមុន ហើយខណៈ​ពេល​ហ្នឹង​មាន​បងៗ​​ជួយបង្រៀន​បន្ថែម​ផង ហើយ​ហ្នឹង​ប្រធាន​ខ្ញុំ​ផ្ទាល់​ គាត់​លើក​ទឹកចិត្ត​ឱ្យ​ខ្ញុំ​ទៅ​រៀន​ផ្នែក​រដ្ឋាបាល។ គ្រាន់​កាល​នោះ យើង​រៀន​វគ្គខ្លីៗ​ទេ។ ផ្នែក​រដ្ឋបាល ផ្នែក​ទីផ្សារ និង​ការ​ធ្វើ​ជំនួញ…ក្រៅពី​ហ្នឹង​ខ្ញុំ​ក៏​ធ្លាប់​ចុះ​រៀបចំ​កម្មវិធី​ ផ្សេងៗ​នៅ​តាម​ខេត្ត​ដែរ”។

ក្រុមហ៊ុន​ឆ្នោត​មិនឋិតស្ថេរ​យូរអង្វែង ក្នុង​ឆ្នាំ ២០១៣ អ្នកស្រី​បាន​​ជាប់​​ការងារផ្នែកទីផ្សារ ​ផ្នែក​ការិយាល័យ​​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ។ ក្រោយ​បញ្ចេញ​ស្នាដៃ​គួរ​ឱ្យ​កត់​សម្គាល់​ជិត​មួយ​ឆ្នាំមក អ្នកស្រី​​ត្រូវ​ថ្នាក់​លើកទឹកចិត្ត ​​​តែងតាំង​ជា​ប្រធាន​ទីផ្សារ ចុង​ឆ្នាំ ២០១៣ តែ​ម្ដង។ ធ្វើការ​បានជាង ​២ ឆ្នាំប៉ុណ្ណោះ អ្នកស្រី​​បាន​​លាឈប់​ពី​ការងារ​នេះ ហើយ​មក​បើក​ក្រុមហ៊ុន​ធ្វើ​វីដេអូ​អប់រំ​ខ្លី ស្ពត​ពាណិជ្ជកម្ម​ កម្មវិធី​ទូរទស្សន៍ ​Romdoul Media co,.Ltd ចុង​ឆ្នាំ ២០១៥ដោយខ្លួន​ឯង។

អតីត​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​ បាន​បន្ថែម​ថា ដល់​ពេល​ដែល​អ្នកស្រី ត្រូវ​មាន​អ្វី​ជា​របស់​ខ្លួន​ហើយ ព្រោះ​ថា​បើ​បន្ត​ធ្វើការ​​ឱ្យ​គេ​ទៀត នោះ​អ្នកស្រី​មិន​​អាច​លូតលាស់​ធំ​ជាង​នេះ​​​​បាន​​ឡើយ។

អ្នកស្រី បន្ត​ថា៖ “ខ្ញុំ​ចង់​បើក​ក្រុមហ៊ុន​តាំង​ពី​ក្មេង ខ្ញុំ​ចង់​សាក​អ្វី​ដែល​ថ្មី ហើយ​មាន​មនុស្ស​សំខាន់​ពីរ​នាក់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​បើក​ក្រុមហ៊ុន។ ទី​១ ​អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ គឺ​បង​ស្រី​ម្នាក់​ជាប្រធាន​​របស់​ខ្ញុំ​ នៅ​ក្រុម​ហ៊ុន​ចាស់។ គាត់​ជនជាតិ​សង្ហបុរី។ គាត់​​បង្រៀន​ខ្ញុំ​ច្រើន គាត់​ធ្វើ​ឱ្យ​ខ្ញុំ Inspire។ ទី២ ម៉ាក់​ខ្ញុំ គាត់​ជា​មនុស្ស​ម្នាក់ មិន​ដែល​ប្រឡូក​ក្នុង​សង្គម នៅ​តែ​ក្នុង​ផ្ទះ ធ្វើ​ម្ហូប… គាត់​ទន់ជ្រាយ។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា មិន​ត្រូវ​ធ្វើ​ដូច​គាត់​ទេ ត្រូវ​ធ្វើ​មនុស្ស​រឹងមាំ ហើយ​ខ្ញុំ​នឹង​ទាញ​ម៉ាក​ឱ្យ​ចេញ​ពី​រូបភាព​អស់​ហ្នឹង”។

Ms.-Rotha-Young-CEO-02

ក្រៅ​ពី​មនុស្ស​សំខាន់​ទាំង​ពីរ​ខាងលើ វិនិយោគិនវ័យ​ក្មេង​រូប​នេះ រៀបរាប់​ថា ក្រុមការងារ និង​ដៃគូ​សហការ ជា​ក្រុម​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​បើ​គ្មាន​ពួកគេ​ទេ អ្នកស្រី​​ក៏​មិន​អាច​បើ​ក្រុមហ៊ុន​មួយ​​បាន​ឡើយ ហើយ​ការ​បង្កើត​ក្រុមហ៊ុនថ្មីមួយ ​​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​បញ្ហាជាច្រើន ប៉ុន្តែ​បើ​ទោះជា​​យ៉ាងណា​ក្ដី អ្នកស្រីនិង​ក្រុមការងារ មិន​ចុះញ៉ម​ឡើយ។

“​ជាង​កន្លះ​ឆ្នាំ​ហ្នឹង យើង​ជួប​ច្រើន ព្រោះ​យើងថ្មី យើង​​ក្មេង ហើយ​បណ្ដាញ​ទាក់ទង​របស់​​យើង​នៅ​ខ្សោយ។ បញ្ហា​សំខាន់​ គឺ​​គំនិត​ថ្មីៗ​ដែល​យើង​លើក​​ទៅអតិថិជន អត់​ទាន់​ទទួល​បាន​ការគាំទ្រ​ច្រើន​ទេ។ ឧទាហរណ៍​យើង​ធ្វើស្ពត​ពាណិជ្ជកម្ម​មួយ ​យើង​អត់និយាយ​ឱ្យ​ចំលើ​​ផលិតផល​ហ្នឹង​ទេ យើង​បង្កើត​ជា​រឿង​អប់រំ រឿង​កំប្លែង មនោសញ្ចេតនា ស្នេហា ​តែ​​យើង​បញ្ចូល​ការផ្សាយ​ដោយ​មិន​ផ្ទាល់…យើង​​អាច​ប្រូម៉ូត​ផ្ទាល់ៗ​បាន តែ​យើង​អត់​ធ្វើ​ចឹង​ទេ។  ការ​ប្រូម៉ូត​ផ្ទាល់​មើល​ម្ដង វា​ធ្វើ​ឱ្យ​ធុញ តែ​ពាណិជ្ជកម្ម​បង្កប់​ដោយ​ច្នៃ​ប្រឌិត មើល​ម្ដង​ហើយ​ ចង់​មើល​ម្ដង​ទៀត”។ អ្នកស្រី ថ្លែង។ តែ​ទោះបីជា​យ៉ាងណា អ្នកស្រី​ជឿ​ថា អតិថិជន​នឹង​យល់​ក្នុង​​ពេល​អនាគត។

អ្នកស្រី​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អ្នកស្រី មាន​​ម្ចាស់​ភាគហ៊ុន​ពីរ​នាក់ផ្សេង​​ទៀត ដែល​សុទ្ធសឹងតែ​​ជា​មិត្ត​រួម​ការងារ​​ស្មោះស្ម័គ្រ និងមាន​កញ្ចប់​​វិនិយោគទំហំជិត​ ១០ ម៉ឺន​ដុល្លារអាមេរិក។

​ថ្វី​បើ​​​មាន​បទពិសោធន៍​ក្មេង​ខ្ចី​ ក្នុង​ការគ្រប់គ្រង​ក្រុមហ៊ុនក្ដូី ប៉ុន្តែ​ស្ត្រីវ័យ ២៨ ឆ្នាំ​រូប​នេះ ប្រាប់​ថា បទពិសោធន៍​ការងារជា​ដុំ​មាស ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​មានពន្លឺ​​រស្មី​ ហើយ​មិត្ត​អ្នកអាន​គួរ​ស្វែង​យល់ និង​សិក្សា​ពី​​ការងារ​ឱ្យ​បាន​ច្រើន ដូចជា ផ្នែក​រដ្ឋបាល ទីផ្សារ គណនេយ្យ ​រក​ដៃគូ​សហការ និង ​ផ្នែក​ធនធាន​មនុស្ស​ជាដើម មុននឹង​​បើក​ជំនួញ​អ្វី​មួយ។

“ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន ​ត្រូវតែ​​ចេះ​ការងារ​តូច​ច្រើន បើ​ទោះ​មិន​ចេះ​​ខ្លាំងឬ​មិន​ខ្លាំង ក៏​បាន​ដឹងដែរ​​ថា គេ​ធ្វើ​ម៉េច​ដែរ”។ អ្នកស្រី​បញ្ជាក់​បន្ថែម។

ក្រៅ​ពី​មុខ​ជំនួញ ក្រុមហ៊ុន​ខាង​លើ​ក៏​តែង​ជួយ​ការងារ​សង្គម ព្រម​ទាំង​ធ្វើ​សកម្មភាព​មនុស្សធម៌​នានា ជា​ពិសេស​គឺ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្មេង​កំព្រា៕

ប្រភព ៖ www.news.sabay.com.kh

Share

Image
Image
Image