ភ្នំពេញ៖ ប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងចំនួន៩ ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើសាលារាជធានីភ្នំពេញនៅតែមិនព្រមបើកវេទិកាសាធារណៈតាមការស្នើសុំ ដើម្បីពន្យល់ដល់ពួកគាត់ជុំវិញគម្រោងអភិ វឌ្ឍន៍ផ្លូវមួយនេះ។ ការលើកទ្បើងដូចនេះ បន្ទាប់ពីពួកគេទទួលបានព័ត៌មានថា សាលារាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍន៍ផ្លូវដែក ដែលជាកន្លែងរបស់ពួកគេកំពុងរស់នៅសព្វថ្ងៃ។ ការថ្លែងបែបនេះធ្វើទ្បើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខសាលារាជធានីភ្នំពេញ។
នេះជាលើកទី០៣ ហើយដែលប្រជាសហគមន៍ទាំង៩ រស់នៅតាមបណ្តោយផ្លូវរថភ្លើងទ្បើងមកសាលារាជធានីភ្នំពេញក្នុងគោលបំណងស្នើឱ្យថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញបើកវេទិកាសាធារណៈជុំវិញគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ តាមបណ្តោយផ្លូវដែក តែការស្នើសុំនោះនៅតែពុំមានលទ្ធផលដូចនឹងអ្វីដែលពួកគេចង់បាននៅទ្បើយ។
តំណាងសហគមន៍ទាំង៩ ដែលបានទ្បើងមកសាលារាជធានីភ្នំពេញត្រូវបានមន្ត្រីសាលាក្រុង អនុញតឱ្យជួបពិភាក្សាជុំវិញគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់អមសងខាងផ្លូវរថភ្លើង។ បន្ទាប់ពីកិច្ចពិភាក្សាជាងមួយម៉ោងត្រូវបានបញ្ចប់ ពួកគេដើរចេញមកវិញដោយទឹកមុខមិនស្បាយចិត្ត ព្រោះលទ្ធផលមិនបានដូចការរំពឹងទុក។
តំណាងសហគមន៍មួយរូបរស់នៅភូមិ ១៧ សង្កាត់បឹកក់០២ ខណ្ឌទួលគោក ក្នុងចំណោមសហគមន៍ ៨ ផ្សេងទៀតដែលបានចូលទៅជួបមន្ត្រីសាលាក្រុងនោះ គឺលោក នូ សារិន មានប្រសាសន៍ថា គោលបំណងសំខាន់ដែលលោកទ្បើងមកសាលារាជធានីភ្នំពេញនៅថ្ងៃនេះគឺ ដើម្បីមកតាមការណាត់ជួបរបស់មន្ត្រីសាលារាជធានីភ្នំពេញក្នុងការឆ្លើយតបជុំវិញគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងដែលជាទីកន្លែងដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃ។
លោក នូ សារិន បានបន្តទៀតថា កិច្ចពិភាក្សានោះមិនទទួលបានលទ្ធផលដូចពួកគាត់ចង់បានោះទេ ដោយសារតែមន្ត្រីរបស់សាលារាជធានីភ្នំពេញថា សាលារាជធានីភ្នំពេញមិនអាចបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋបាននៅទ្បើយនោះទេ ព្រោះសាលារាជធានីភ្នំពេញកំពុងរៀបចំក្រុមបច្ចេកទេសដើម្បីចុះទៅពិនិត្យអំពីករណីនេះ។
លោក នូ សារិន បន្ថែមថា តំណាងសហគមន៍ទាំង៩ នឹងស្នើសុំជួបអភិបាលសាលារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅថ្ងៃទី ១៤ ខែកក្កដាខាងមុខនេះ ដើម្បីស្នើឱ្យលោកបើកវេទិកាសាធារណៈ ប៉ុន្តែបើការស្នើសុំនោះមិនទទួលបានលទ្ធផលទេនោះ ប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវដែកនឹងរកអន្តរាគមន៍ពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេសនឹងដាក់ញត្តិទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយអន្តរាគមន៍។ លោក នូ សារិន ៖«ប្រសិនបើលោកមិនចេញមកជួបប្រជាពលរដ្ឋ ហើយក៏មិនទទួលសំណើរជំនួបប្រជាពលរដ្ឋចំពោះឯកឧត្តមខ្ញុំនឹងនាំបងប្អូនខ្ញុំមកច្រើនទ្បើងៗគ្រប់សហគមន៍ រង់ចាំមើលថាថ្ងៃទី១៤ ថាតើគាត់អាចខ្ញុំបានឬមួយក៏គាត់បដិសេធបើកាលណាគាត់អាចជួបតំណាងប្រជាពលរដ្ឋយើងទាំងអស់គ្នាទាំង៩សហគមន៍នេះអូខេខ្ញុំអបអរសាទរជាមួយគាត់ក៏ប៉ុន្តែបើគាត់បដិសេធមិនអាចជួបតំណាងសហគមន៍បានទេខ្ញុំនឹងរកវិធីសាស្ត្រនាំបងប្អូនខ្ញុំទាំងអស់ទៅសួរដល់ក្រសួងដែនដីនគរូបនីយកម្មទី០១ ទី០២អាចនឹងដាក់ញត្តិសុំជួបសម្តេចនាយកតែម្តង»។
តំណាងសហគមន៍មួយរូបទៀតដែលបានចូលជួបមន្ត្រីសាលាក្រុងដែរនោះ គឺអ្នកស្រី នី សន្តោស បាននិយាយថា ការស្នើសុំបើកវេទិកាសាធារណៈរបស់ប្រជាសហគមន៍មិនទាន់ទទួលបានលទ្ធផលល្អប្រសើរនៅទ្បើយនោះទេ។ បើតាមការឱ្យដឹងបន្ថែមពីអ្នកស្រី សន្តោស ប្រធានការរិយាល័យសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៃសាលារាជធានីភ្នំពេញលោក មាស ម៉េតភក្តី ដែលបានជួបតំណាងសហគមន៍ទាំង៩ កាលពីព្រឹកមិញ បានប្រាប់ទៅកាន់ពួកគាត់ថា សាលាក្រុងមិនទាន់អាចបើកវេទិកាសាធារណៈបាននៅទ្បើយទេ។
អ្នកស្រីថា គេត្រូវរង់ចាំក្រុមបច្ចេកទេសរបស់សាលារាជធានីភ្នំពេញសិក្សាពីគម្រោងអភិវឌ្ឍផ្លួវនោះឱ្យចប់សពគ្រប់ជាមុនសិន ហើយក្រោយពេលពួកគេពិនិត្យរួចរាល់ហើយនោះ សាលារាជធានីនឹងបើកវេទិកាសាធារណៈជូនប្រជាសហគមន៍។
ជាមួយគ្នានេះដែរអ្នកស្រីអះអាងថា សហគមន៍នឹងមិនរង់ចាំតទៅទៀតនោះទេ ដោយពួកគេនឹងដាក់លិខិតទៅសាលាក្រុងសុំជួបលោក ប៉ា សុជាតិវង្ស ដោយផ្ទាល់ ប៉ុន្តែបើអភិបាលសាលារាជធានីភ្នំពេញបដិសេធមិនជួបពួកគេ ឬក៏មិនមានដំណោះស្រាយគឺ ពួកគាត់នឹងបន្តតវ៉ារហូតមានដំណោះស្រាយ។ អ្នកស្រី សន្តោស ៖«ពួកយើងនឹងមកទៀត យើងនឹងព្យាយាមមកហើយមកទៀត លុះត្រាតែបានជួបអភិបាលតែម្តងពីព្រោះពេលខ្លះព័ត៌មានអ្នកនាំពាក្យ នឹងឯកឧត្តមអភិបាលមិនដូចគ្នា ប្រសិនបើសាលារាជធានីនៅមិនផ្តល់ព័ត៌មានឱ្យពួកយើង ហើយមិនធ្វើអ្វីតាមជាតំរូវការដូចថា សេចក្តីត្រូវការរបស់យើងរៀងខ្លួនគឺយើងនឹងបន្តទៅជួបសម្តេច ឬទៅក្រសួងដែនដីពេលក្រោយទៀតយើងមិនបោះបង់ចោលនោះទេ»។
ជុំវិញបញ្ហានេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបបន្ថែមពី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននៅទ្បើយនោះទេនៅថ្ងៃនេះ ដោយហៅទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
សូមជំរាបថា ប្រជាសហគមន៏ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ មាន៩។ សហគមន៏ទាំងនោះរួមមាន៖ ទី០១ សហគមន៏អភិវឌ្ឍន៏ថ្មីទី០២ សហគមន៏រួមចិត្តតែមួយ ទី០៣ សហគមន៏ភូមិ១០៤ ទី០៤ សហគមន៏ភូមិ១០៥ ទី០៥ សហគមន៏ភូមិ១៧ ទី០៦ សហគមន៏ភូមិ២ ទី០៧ សហគមន៏ភូមិ២៣ ទី០៨ សហគមន៏ភូមិ២១ និងទី០៩សហគមន៏ទួលសង្កែប៊ី៕