en     km
en     km

​លោក​ សម​ រ​ង្ស៊ី​៖​ ខ្ញុំ​ពិតជា​វិល​ចូល​ប្រទេស​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ខែមិថុនា​ ឆ្នាំ​២០១៧🔊

Share

ភ្នំពេញ៖ ​មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​គឺ​លោក​ សម​ រ​ង្ស៊ី​ បាន​អះអាង​ថា​ លោក​ពិតជា​វិល​ត្រលប់​ចូល​ប្រទេស​វិញ​ ជា មួយនឹង​ការ​យល់ព្រម​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ គឺ​ប្រហែល​នៅ​ខែឧសភា​ ឆ្នាំ​២០១៧​។​ លោក​ថា​ វត្តមាន​របស់​លោក​សំខាន់​ណាស់​ដើម្បី​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​ ហើយ​បើ​ពុំនោះ​ទេ​ សហគមន៍​អន្តរជាតិ​ នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ បើ​លោក​មិន​អាច​ចូល​ប្រទេស​វិញ​បាន​នោះ​។​

​តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​មក​ដេក​នៅ​សណ្ឋាគារ​ព្រៃ​ស​ បើ​ហ៊ាន​មក​ជាន់​ដី​កម្ពុជា​វិញ​នោះ​។​

sam-rangsy-thum
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងជួួបពិភាក្សាជាមួយមន្រ្តី និងសកម្មជនបក្សរបស់ខ្លួននៅទីក្រុងម៉ានិល ប្រទេសហ្វីលីពិន។

​លោក​ សម​ រ​ង្ស៊ី​ ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លូ​ន​បាន​អះអាង​ថា​ លោក​នឹង​វិល​ចូល​ប្រទេស​វិញ​នៅ​មុន​ខែមិថុនា​ ឆ្នាំ​២០១៧​ គឺ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​នឹង​ប្រព្រឹត​ទៅ​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​។​

​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ដូចនេះ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ នៅ​ទីក្រុង​ម៉ានីល​ ទី​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​លោក​ ដើម្បី​វាយតម្លៃ​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​។​ ក្នុង​បទ​សម្ភាសន៍​នេះ​ លោក​បង្ហាញ​ជំនឿ​ចិត្ត​ថា​ សម្ដេច​ ហ៊ុន​ សែន​ នឹង​អនុញ្ញាត​ឱ្យ​លោក​វិល​ចូល​កម្ពុជា​វិញ​ ដើម្បី​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​។​

តែ​បែប​នេះ​ក្ដី​ លោក​ សមរ​ង្ស៊ី​ បាន​លើក​ឡើង​ច្រើន​ទៀត​ ដោយ​វាយប្រហារ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ។​ លោក​បាន​ចោទ​សម្ដេច​ ហ៊ុន​ សែន​ ថា​មាន​ចេតនា​ចង់​ធ្វើ​ឱ្យ​ខូចការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ដែល​លោក​អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​នឹង​ឈ្នះ​ឆ្នោត​ ។​ លោក​ សម​ រ​ង្ស៊ី​៖«​ខ្ញុំ​គិត​ថា​ លោក​ ហ៊ុន​ សែន​ ពិតជា​បានដឹង​ថា​ ពិភពលោក​មានការ​ផ្លាស់​ប្ដូរ​ ហើយ​លោក​ ហ៊ុន​ សែន​ មិន​អាច​ច្បាមអំណាច​ បាន​ទៀត​ឡើយ​ ហើយ​មេដឹកនាំ​ផ្ដាច់​ការ​ជា​ច្រើន​ហើយ​បាន​ចុះ​ចេញពី​តំណែង​»​ ។​

​តែ​បែប​នេះ​ក្ដីលោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ គ្មាន​ការ​ស្វា គមន៍​លោក​ សម​ រ​ង្ស៊ី​ ទេ​។​ លោក​បញ្ជាក់​ថា​ មាន​តែ​គុក​ទេ​ រង់ចាំ​ស្វាគមន៍​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ។​ លោក​ សុខ​ ឥ​សាន្ត​៖«​សូម​ស្វាគមន៍​គាត់​ កាលណា​គាត់​អញ្ជើញ​ចូល​មក​ ព្រោះ​កន្លង​ទៅ​យើង​មិន​បាន​ដេញ​គាត់​ ហើយ​ក៏​មិន​ដែល​ហាមឃាត់​គាត់​ មិន​ឱ្យ​ចូល​ដែរ​។​ ..​វា​ច្បាស់​ហើយពី​ព្រោះ​គាត់​មាន​ដីការ​ ស្ថាពរ​របស់​តុលាការ​ហើយ​ អ​ញ្ចឹ​ង​ពេល​ដែល​គាត់​ចូល​មក​ គឺ​គាត់​ទៅ​នៅ​សណ្ឋាគារ​ព្រៃ​សរ​»។

តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​អះអាង​ថា​ ទោះជា​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​នាំ​ខ្លួន​ចូល​ពន្ធនាគារ​ តែ​ការ​បោះ​ឆ្នោត​នៅ​តែ​ដំណើរការ​តាម​ការ​កំណត់​។​

sok-eysan-thum-07-06-16
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

​លោក​ សម​ រ​ង្ស៊ី​ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​ ២០១៥​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​ចេញ​ដីកាចាប់ខ្លួន​លោក​ពាក់ព័ន្ធ​សំណុំរឿង​របស់​លោក​ ហោ​ ណាំ​ហុង​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​។​ ក្រោយមក​ទៀត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ទទួល​រង​ដីកា​កោះ ហៅ​ឱ្យ​ចូល​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​ និង​ករណី​បង្ហោះ​ផែនទី​ព្រំដែន​មាន​ចំនួន​ ៥​ បទ​ចោទ​ ។​ តែ​បែប​នេះ​ក្ដី​លោក​ សម​ រ​ង្ស៊ី​ នៅ​តែ​អះអាង​ថា​ លោក​នឹង​ត្រូវ​តែ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ​ ។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខម​ហ្វ្រែ​ល​យល់​ថា​ ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ វិល​ត្រលប់​មក​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​ ហើយ​មានការ​ចាប់ខ្លួន​នោះ​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​។​

លោក​មាន​ប្រសាសន៍​ថា​ ប្រសិនបើ​មាន​វត្តមាន​លោក​ សម​ រ​ង្ស៊ី​ ចូលរួម​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ក្រោយ​ នោះ​នឹង​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​បាន​ពេញលេញ​ និង​សេរី​  ហើយ​ក៏​ជួយ​ឱ្យ​ការ​បោះ​ឆ្នោត​កាន់ តែ​មាន​អត្ថន័យ​ផង​ដែរ​។​ លោក​ គល់​ បញ្ញា​ ៖«​ការ​ប្រកួតប្រជែង​របស់​គណបក្ស​សំខាន់​គឺ​មេដឹកនាំ​គណបក្ស​ហ្នឹងឯង​ ដែល​ត្រូវ​តែ​មាន​វត្តមាន​ចូលរួម​ ក្នុង​ការ​គាំទ្រ​ជួយ​ធ្វើ​យុទ្ធ​ការ​ឱ្យ​គណបក្ស​នយោបាយ​ហ្នឹង​។​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្រៅ​តែ​ពី​មើល​គោលនយោបាយ​របស់​គណបក្ស​ រចនាសម្ព័ន្ធ​របស់​គណបក្ស​  គេ​មើល​អ្នកដឹកនាំ​គណបក្ស​ដែរ​ អ​ញ្ចឹ​ង​វត្តមាន​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​ហ្នឹង​សំខាន់​ណាស់​ ជា​ពិសេស​គណបក្ស​សំខាន់ៗ​ដែល​មាន​កម្លាំង​ប្រកួតប្រជែង​គ្នា​»។​

​នាយក​ប្រតិបត្តិ​អង្គការ​ខម​ហ្វ្រេ​ល​រូប​នេះ​ បាន​ទទូច​ឱ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​ គួរតែ​មានការ​សម្របសម្រួល​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ និង​បើក​លទ្ធភាព​ឱ្យ​មានការ​ប្រកួតប្រជែង​ឱ្យ​បាន​ពេញ​ ដើម្បី​ឱ្យ​មេដឹកនាំ​ ឬ​អ្នកនយោបាយ​គណបក្សប្រឆាំង​ បាន​ចូលរួម​ប្រកួតប្រជែង​បាន​ពេញលេញ​ និង​គ្មាន​ការ​បំភិតបំភ័យ​។​

លោក​ សម​ រ​ង្ស៊ី​ ធ្លាប់​និរទេស​ខ្លួន​ដូចនេះ​ ចំនួន​ ៤​ លើក​មក​ហើយ​  ប៉ុន្តែ​តែងតែបាន​ចូល​ប្រទេស​វិញ​មុន​ការ​បោះ​ឆ្នោត​ ហើយ​ធ្វើ​ឡើង​តាម​រយៈ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​។​

ប៉ុន្តែ​លោក​ សម​ រ​ង្ស៊ី​ បាន​វិល​ចូល​ប្រទេស​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដោយ​មាន​អ្នកគាំទ្រ​ ប្រហែល​មួយ​លាន​នាក់​ទៅ​ទទួល​លោក​ ពី​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ គឺ​បន្ទាប់​ពី​លោក​ប្ដេជ្ញា​ដើរ​ ចូល​ពន្ធនាគារ​ បើ​មានការ​ចាប់ខ្លួន​លោក​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​មាន​លិខិត​លើកលែងទោស​លោក​ ចេញ​ដោយ​ព្រះមហាក្សត្រ​ និង​តាម​សំណើ​របស់​សម្ដេច​ហ៊ុន​សែន​ ។​

​តែ​យ៉ាងណា​ក្តី​សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​ស្បថ​ថា​នឹង​កាត់​ដៃស្តាំ​ក្រ​វែង​ចោល​បើ​សម្ដេច​ចុះហត្ថលេខា​ ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ជា​ថ្មី​ទៀត​នោះ​៕

Share

ព័ត៌មានទាក់ទង

Image