បទយកការណ៍ ៖ ពាក្យចាស់ពោលថា ស៊ូលិចទូក កណ្ដាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ ។ ពាក្យនេះ គឺជាការក្រើនរំលឹកពីការប្រុងប្រយ័ត្ន ឱ្យមនុស្សគ្រប់គ្នា ត្រូវជៀសវាង ឧបទ្ទវហេតុទាំងនេះ ។ តែពាក្យនេះនៅតែតាមលងជានិច្ចអ្នកក្រីក្រ ។
កាលពីថ្ងៃអង្គារទី២៨ មិថុនា សហគមន៍ ក្រីក្រមួយនៅភូមិសំបុកចាប សង្កាត់បឹងទំពុន រាជធានីភ្នំពេញ បានជួបក្នុងគ្រាអាសន្នជាថ្មីទៀត ដោយសារលំនៅដ្ឋានរបស់ពួកគេ ចំនួន៣៣ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលធ្វើឱ្យសហគមន៍ក្រីក្រមួយនេះ ជួបការលំបាកយ៉ាងខ្លាំងដើម្បីកសាងទីជម្រកជាថ្មីទៀត ។ ពួកគេបាន អំពាវនាវរក ប្រាក់ជំនួយ ពីសមម្បុរសជន នានា ដើម្បីជួយពួកគាត់ មានជីវភាពប្រសើរវិញ ។ កញ្ញា ជុំ ជោគជាតា បានចុះស្រង់ហេតុការណ៍នេះ ដោយមានសេចក្ដីរាយការណ៍ដូចតទៅ៖
នេះជាហេតុការណ៍ ឆាបឆេះមួយ ដែលាន់ឮជាបន្ដបន្ទាប់ពីឡានពន្លត់អគ្គិភ័យ នៅតាមបណ្ដោយផ្លូវ៣៧១ នៅក្បែរស្ថានីយ៍បូមទឹក បឹងទំពុន ។ សភាពការណ៍នេះ គួរឱ្យរន្ទត់ក្រៃលែង ព្រោះអគ្គិភ័យបាន វាយសន្ធុះយ៉ាងខ្លាំងលេបត្របាក់ផ្ទះសហគមន៍ក្រីក្រ ជាង៣០ខ្នង ដោយ មួយរំពេចប៉ុណ្ណោះ ។ ខណៈអគិ្គភ័យលេបត្របាក់ គឺសភាការណ៍កាន់តែស្លន់ស្លោ ម្ដាយបាត់ កូន កូនបាត់ម្ដាយ មនុស្សនា រត់រកគ្នាទៅវិញទៅមកចាប់នេះ បន្តិចចាប់នោះបន្តិច ដែលទីបំផុត អគិ្គភ័យលេបត្របាក់លំនៅដ្ឋាន ពួកគេបានទាំងស្រុង ។ សហគមន៍ក្រីក្រនេះ បានជួបប្រទះនឹងភាពក្រីក្រម្ដងទៀត ។
ពលរដ្ឋមួយគ្រួសារ ក្នុងចំណោមពលរដ្ឋ៧៨គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះ ផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងស្រុង ក្រោយហេតុការណ៍ ថ្ងៃទី២៨ មិថុនា ២០១៦ គឺអ្នកស្រី ស្មញ ហុយ ។ អ្នកស្រី ស្មញ ហុយ ៖«អស់រលីងហើយក្មួយអើយ ស្រវ៉ាបានតែចៅគត់» ។
រៀបរាប់ទាំងទឹកមុខតក់ស្លុត ស្ដ្រីវ័យ៥៥ឆ្នាំអ្នកស្រី ស្មញ ហុយ បានប្រាប់ឱ្យដឹងថា៖ « អត់ដឹងពីមូលហេតុអីទេ អ្នកគ្រូ ។ ស្រវ៉ាតែចៅគត់គេថា ឆេះហើយ ឆេះហើយ បានតែចៅ…» ។ ក្នុងជីវភាពក្រីក្រ មានត្រឹមតែរទេះអេតចាយ ជារបររកស៊ី ។ ធម្មតាទេដែលពលរដ្ឋរូបនេះមានអារម្មណ៍ក្ដុកក្ដួល ហើយយំសោកសៅខ្លាំងបែបនេះ ។ ជាមួយនិងសំនួរអ្នកសារព័ត៌មាន អ៊ុំស្រី ស្មញ ហុយ បានរៀបរាប់ ទៀតថា៖ « មិនដឹងគិតយ៉ាងម៉េចទេគ្រូអើយ អាណិតតែចៅបួននាក់…»។
រឿងនេះពិតជាបានធ្វើអោយប៉ះពាល់ខ្លាំងទៅដល់ជីវភាព និងការរស់នៅរបស់អ្នកស្រី ស្មយ ហ៊ុយ និងអ្នកភូមិសំបុកចាប គឺក្រហើយ ថែមទាំងភ្លើងឆេះផ្ទះទៀត ។ ពលរដ្ឋមួយរូបទៀត រាងចំណាស់បន្តិច គឺ អ្នកស្រី ពៅ រឿន ។ អ្នកស្រីក៏ បានប្រាប់ឱ្យដឹងដែរថា ដោយសារតែភ្លើង គឺ គាត់បាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំ អស់គ្មានសល់ ។
អ្នកស្រី ពៅ រឿន ៖ « ឆេះអស់រលីងទាំងម៉ត់ បានថានៅតែប៉ុណ្ណឹងមួយ (ខោអាវជាប់និងខ្លួន មួយកំផ្លេ) អស់រលីងទាំងកង់ទាំងខោអាវ ទាំងអង្គរ ទាំងឆ្នាំងចាន យប់ហ្នឹងបាន អីស៊ី…» ។
ឆ្លើយបន្ដនិងសំនួរអ្នកសារព័ត៌មាន អ៊ុំស្រី ពៅ រឿន បានប្រាប់បន្ដថាការឆាបឆេះនេះ ពិតជាធ្វើអោយគាត់តក់ស្លុត និងមិនដឹងថាធ្វើអ្វីហើយត្រូវទៅរស់នៅទីណានោះទេ ។ អ្នកស្រី ពៅ រឿន ៖ « អត់ទាន់ដឹងថានៅណាទេអ្នកគ្រូ ! អោយអ្នកគ្រូឯង ជំនួយធ្វើផ្ទះអោយបន្ថិចបានទេ?» ។
ឈរមិនឆា្ងយពីទីនោះដែរ អ្នកស្រី ហម ចិន្ដា បានប្រាប់អោយដឹងថា៖ «ផ្ទះខ្ញុំនៅទីនោះ បណ្ដោយប្រាំមែត្រ ទទឹងប្រាំមួយមែត្រ ឆេះដល់គូទ ឆេះរលីង គ្មានសល់អ្វីតិចទេក្មួយ …» ។
អ្នកស្រីបានប្រាប់ទៀតថា ទ្រព្យសម្បត្តិដែលគាត់សន្សំ គឺត្រូវបានបាត់បង់ទៅក្នុងភ្នក់ភ្លើងគ្មានសល់ ។ អ្នកស្រី ហម ចិន្ដា ៖ «ទ្រព្យសម្បត្តិដែលឆេះ ក្នុងនោះមានលុយតិចតួចអ្នកគ្រូ លុយ បួនដប់ម្ភៃម៉ឺន ដែលខំសន្សំ និងខោអាវកូនរៀន…» ។
ក្នុងស្ថានភាពឆាបឆេះផ្ទះចំនួន ៣៣ខ្នងក្នុងភូមិសំបុកចាប ពិតជារំជួលចិត្ត និងធ្វើអោយព្រួយបារម្ភចំពោះជីវភាពរបស់ពួកគាត់ពិតមែនចំពោះអ្វីដែលបានកើតឡើងនេះ។
ក្រោយហេតុការណ៍នៃការឆាបឆេះនោះ គឺផ្ទះឈើប្រក់តំបូលស័ង្កសី ទាំង៣៣ខ្នងជាប់ៗគ្នា គឺ ឆេះអស់គ្មានសេសសល់ សូម្បីតែដំបូលផ្ទះក៏មិនសល់ដែរ ។ ដើរហួសទៅមុខបន្តិច បានឃើញស្ដ្រីចំណាស់មួយរូបទៀត ដែលកំពុងឈរយំនៅមុខភ្នក់ភ្លើង ជាមួយនិងសម្ដីថាអស់រលីងគ្មានសល់ ។
ស្ត្រីម្នាក់នេះគឺអ្នកស្រី ទ្រឹង យឿន ៖ « គ្មានសល់ទេលោក អស់មានសល់អីទេលោក..ភ្លើងឆេះផ្ទះអស់ហើយអ្នកគ្រូ អត់មានសល់អីទេ ខ្ញុំអត់មានយកអីបានទេ ខ្ញុំតែម្នាក់ឯងអត់មានយកអីបានទេ ខ្ញុំអស់រលីងហើយ ខ្ញុំគ្មានលុយ គ្មានកាក់ ធ្វើផ្ទះនៅទេទៀត សូម្បីស្លាបព្រាចាន យកមិនបានមួយផង តែម្នាក់ឯងខ្ញុំយកអីអត់បាន ហើយជើងឈឺទៀត…» ។
ការរៀបរាប់ទាំងអួលដើមករ ពីអ្នកស្រី ទ្រឹង យឿន ពិតជាធ្វើអោយគេដឹងច្បាស់ថា ទ្រព្យសម្បត្តិ ដែលខំរកនិងសន្សំតាំងពីបាតដៃទទេ ត្រូវបាត់បង់មួយប៉ព្រិចភ្នែកនេះ ដោយសារ ភ្លើង ដែលពិតជាបង្ហាញឲ្យឃើញថា ពួកគាត់ពិតជាត្រូវការជំនួយជាបន្ទាន់ពីសប្បុរសជន ។
អ្នកស្រី ទ្រឹង យឿន៖ « ខ្ញុំមិនដឹងធ្វើម៉េចទេ ខ្ញុំចង់អោយអង្គការជួយ ខ្ញុំចង់អោយឯកឧត្ដម (សម្តេច) ហ៊ុន សែន ជួយកូនចៅផង កូនចៅអត់មានអីទេអស់រលីងហើយ អត់មានលុយធ្វើជម្រកជ្រកទេ…»។
ជីវិតជាស្ដ្រីមេម៉ាយ គ្មានទីពឹងមានត្រឹមរបរដើររើសអេតចាយ ជាង២០ឆ្នាំ ។ តើនឹងជួបអ្វី បន្ដទៀត បើសិនជាការអំពាវនាវមួយនេះ មិនបានឆ្លើយតប ។ ចំនុចនេះសុទ្ធសឹង គួរពិចារណា ថា អាចនឹងមានអ្វីជួយទៅដល់ពួកគាត់ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ បើតាមសម្ដី លោក គុយ ចាន់កុមារ ម្ចាស់ដីដែលបានជួលអោយពលរដ្ឋ នៅទីនេះគឺថា ពលរដ្ឋដែលបានមកសុំជួលដីគាត់ធ្វើផ្ទះនៅគឺ ជាពលរដ្ឋក្រីក្រ ភាគច្រើនពលរដ្ឋនៅទីនេះ ប្រកបរបរជាអ្នករើសអេតចាយ ។
លោក គុយ ចាន់កុមារ ៖ «ភាគច្រើនកាលមុន គាត់នៅតាមកន្លែងរើសអេតចាយ ដូចចាក់សំរាមស្ទឹងមានជ័យ ដល់ពេលគេដេញៗទៅ គាត់អត់មានកន្លែងនៅ ពួកគាត់មកសុំនៅទីនេះ ហើយចឹងក៏អាណិតពួកគាត់ …» ។
ជាមួយគ្នានេះដែរបើតាមការសង្កេត គឺពលរដ្ឋដែលត្រូវបានភ្លើងឆាបឆេះអស់ផ្ទះគ្មានសល់ គឺ សុទ្ធតែជាពលរដ្ឋដែលមានជីវភាពក្រីក្រ ។ ហើយបើតាមការសម្ភាសផ្ទាល់ គឺក្រៅពីមុខរបរ ប្រមូលអេតចាយលក់ហើយនោះ គឺ ពួកគាត់មួយចំនួនទៀតជាកម្មករប្រមូលសំរាម ហើយមួយភាគតូចទៀតជាកម្មករកាត់ដេរ ។ ពាក្យចាស់ពោលថា ក្រចុះ កុំអោយតែភ្លើងឆេះផ្ទះ និងលិចទូកកណ្ដាលទន្លេ គឺតែងតែជួបជានិច្ចចំពោះអ្នកក្រីក្រ ៕