en     km
en     km

សហគមន៍​ក្រីក្រ​មួយ​នៅ​ភ្នំពេញ​ អស់សង្ឃឹម​ក្នុង​ជីវិត​បន្ទាប់ពីអគ្គិភ័យ​លេប​ត្របាក់​លំនៅ​ដ្ឋា​ន?​

Share

​បទ​យកការណ៍​ ៖​ ពាក្យចាស់ពោលថា ស៊ូលិចទូក កណ្ដាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ ​។​ ពាក្យ​នេះ​ គឺជា​ការ​ក្រើនរំលឹក​ពី​ការ​ប្រុង​ប្រយ័ត្ន​ ឱ្យ​មនុស្ស​គ្រប់​គ្នា​ ត្រូវ​ជៀសវាង​ ឧបទ្ទវហេតុ​ទាំងនេះ​ ។​ តែ​ពាក្យ​នេះ​នៅ​តែ​តាម​លង​ជា​និច្ច​អ្នក​ក្រីក្រ​ ។​

fri-thum
អគ្គិភ័យបានលេបត្របាក់លំនៅ​ដ្ឋា​ន​របស់សហគមន៍​ក្រីក្រ​មួយ​នៅ​ភូមិ​សំបុកចាប​ សង្កាត់​បឹង​ទំពុន​ រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​អង្គារ​ទី​២៨​ មិថុនា​

កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ មិថុនា​ សហគមន៍​ ក្រីក្រ​មួយ​នៅ​ភូមិ​សំបុកចាប​ សង្កាត់​បឹង​ទំពុន​ រាជធានី​ភ្នំពេញ​ បាន​ជួបក្នុងគ្រាអាសន្នជា​ថ្មី​ទៀត​ ដោយសារ​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​ ចំនួន​៣៣​ខ្នង​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​  ដែល​ធ្វើ​ឱ្យ​សហគមន៍​ក្រីក្រ​មួយ​នេះ​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដើម្បី​កសាង​ទីជម្រក​ជា​ថ្មី​ទៀត​ ។​ ពួក​គេ​បាន​ អំពាវនាវ​រក​ ប្រាក់​ជំនួយ​ ពី​សម​ម្បុ​រស​ជន​ នានា​ ដើម្បី​ជួយ​ពួក​គាត់​ មាន​ជីវភាព​ប្រសើរ​វិញ​ ។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ បាន​ចុះ​ស្រង់​ហេតុការណ៍​នេះ​ ដោយ​មាន​សេចក្ដីរាយការណ៍​ដូច​តទៅ​៖​

 

​នេះ​ជា​ហេតុការណ៍​ ឆាបឆេះ​មួយ​ ដែ​លាន់​ឮជា​បន្ដបន្ទាប់​ពី​ឡាន​ពន្លត់​អគ្គិភ័យ​ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ នៅ​ក្បែរ​ស្ថានីយ៍​បូមទឹក​ បឹង​ទំពុន​ ។​ សភាពការណ៍​នេះ​ គួរ​ឱ្យរ​ន្ទ​ត់​ក្រៃ​លែង​ ព្រោះ​អគ្គិភ័យ​បាន​ វា​យស​ន្ធុះ​យ៉ាង​ខ្លាំង​លេប​ត្របាក់​ផ្ទះ​សហគមន៍​ក្រីក្រ​ ជាង​៣០​ខ្នង​ ដោយ​ មួយ​រំពេច​ប៉ុណ្ណោះ​ ។​ ខណៈ​អ​គិ្គ​ភ័យ​លេប​ត្របាក់​ គឺ​សភា​ការណ៍​កាន់តែ​ស្លន់ស្លោ​ ម្ដាយ​បាត់​ កូន​ កូន​បាត់​ម្ដាយ​ មនុស្ស​នា​ រត់​រកគ្នា​ទៅ​វិញ​ទៅ​មក​ចាប់​នេះ​ បន្តិច​ចាប់​នោះ​បន្តិច​ ដែល​ទីបំផុត​ អ​គិ្គ​ភ័យ​លេប​ត្របាក់​លំនៅ​ដ្ឋា​ន​ ពួក​គេ​បាន​ទាំងស្រុង​ ។​ សហគមន៍​ក្រីក្រ​នេះ​ បាន​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​ម្ដងទៀត​ ។​

​ពលរដ្ឋ​មួយ​គ្រួសារ​ ក្នុង​ចំណោម​ពលរដ្ឋ​៧៨​គ្រួសារ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ ផ្ទះសម្បែង​ និង​ទ្រព្យសម្បត្តិ​ទាំងស្រុង​ ក្រោយ​ហេតុការណ៍​ ថ្ងៃ​ទី​២៨​ មិថុនា​ ២០១៦​ គឺ​អ្នកស្រី​ ស្ម​ញ​ ហុយ​   ។​ អ្នកស្រី​ ស្ម​ញ​ ហុយ​   ៖«​អស់រលីង​ហើយ​ក្មួយ​អើយ​ ស្រ​វ៉ា​បាន​តែ​ចៅ​គត់​»​ ។​

​រៀបរាប់​ទាំង​ទឹកមុខ​តក់ស្លុត​ ស្ដ្រី​វ័យ​៥៥​ឆ្នាំ​អ្នកស្រី​ ស្ម​ញ​ ហុយ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ «​ អត់​ដឹង​ពី​មូលហេតុ​អី​ទេ​ អ្នកគ្រូ​ ។​ ស្រ​វ៉ា​តែ​ចៅ​គត់​គេ​ថា​ ឆេះ​ហើយ​ ឆេះ​ហើយ​ បាន​តែ​ចៅ​…»​ ។​ ក្នុង​ជីវភាព​ក្រីក្រ​ មាន​ត្រឹមតែ​រទេះ​អេ​ត​ចាយ​ ជា​របរ​រកស៊ី​ ។​ ធម្មតា​ទេ​ដែល​ពលរដ្ឋ​រូប​នេះ​មាន​អារម្មណ៍​ក្ដុកក្ដួល​ ហើយ​យំសោក​សៅ​ខ្លាំង​បែប​នេះ​ ។​ ជាមួយ​និង​សំនួរ​អ្នក​សារព័ត៌មាន​ អ៊ុំ​ស្រី​ ស្ម​ញ​ ហុយ​ បាន​រៀបរាប់​ ទៀត​ថា​៖​ «​ មិនដឹង​គិត​យ៉ាងម៉េច​ទេ​គ្រូ​អើយ​ អាណិត​តែ​ចៅ​បួន​នាក់​…»​។​

​រឿង​នេះ​ពិតជា​បាន​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ជីវភាព​ និង​ការ​រស់នៅ​របស់​អ្នកស្រី​ ស្ម​យ​ ហ៊ុយ​ និង​អ្នក​ភូមិ​សំបុកចាប​ គឺ​ក្រ​ហើយ​ ថែម​ទាំង​ភ្លើង​ឆេះ​ផ្ទះ​ទៀត​ ។​ ពលរដ្ឋ​មួយ​រូប​ទៀត​ រាង​ចំណាស់​បន្តិច​ គឺ​ អ្នកស្រី​ ពៅ​ រឿ​ន​ ។​ អ្នកស្រី​ក៏​ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ដោយសារ​តែ​ភ្លើង​ គឺ​ គាត់​បាត់បង់​ទ្រព្យសម្បត្តិ​ដែល​ខំ​សន្សំ​ អស់​គ្មាន​សល់​ ។

​អ្នកស្រី​ ពៅ​ រឿ​ន​ ៖​ «​ ឆេះ​អស់រលីង​ទាំង​ម៉ត់​ បាន​ថា​នៅ​តែ​ប៉ុណ្ណឹង​មួយ​ (​ខោអាវ​ជាប់​និង​ខ្លួន​ មួយ​កំ​ផ្លេ​)​ អស់រលីង​ទាំង​កង់​ទាំង​ខោអាវ​ ទាំង​អង្គរ​ ទាំង​ឆ្នាំង​ចាន​ យប់​ហ្នឹង​បាន​ អី​ស៊ី​…»​ ។​

​ឆ្លើយ​បន្ដ​និង​សំនួរ​អ្នក​សារព័ត៌មាន​ អ៊ុំ​ស្រី​ ពៅ​ រឿ​ន​ បាន​ប្រាប់​បន្ដ​ថា​ការ​ឆាបឆេះ​នេះ​ ពិតជា​ធ្វើ​អោយ​គាត់​តក់ស្លុត​ និង​មិនដឹង​ថា​ធ្វើ​អ្វី​ហើយ​ត្រូវ​ទៅ​រស់នៅ​ទីណា​នោះ​ទេ​ ។​ ​អ្នកស្រី​ ពៅ​ រឿ​ន​ ៖​ «​ អត់​ទាន់​ដឹង​ថា​នៅ​ណា​ទេ​អ្នកគ្រូ​ !​ អោយ​អ្នកគ្រូ​ឯង​ ជំនួយ​ធ្វើ​ផ្ទះ​អោយ​ប​ន្ថិ​ច​បាន​ទេ​?»​ ។

​ឈរ​មិន​ឆា្ង​យ​ពី​ទីនោះ​ដែរ​  អ្នកស្រី​ ហម​ ចិន្ដា​ បាន​ប្រាប់​អោយ​ដឹង​ថា​៖​ «​ផ្ទះ​ខ្ញុំ​នៅ​ទីនោះ​ បណ្ដោយ​ប្រាំ​មែ​ត្រ​ ទទឹង​ប្រាំមួយ​មែ​ត្រ​ ឆេះ​ដល់​គូទ​ ឆេះ​រលីង​ គ្មាន​សល់​អ្វី​តិច​ទេ​ក្មួយ​ …»​ ។​

​អ្នកស្រី​បាន​ប្រាប់​ទៀត​ថា​ ទ្រព្យសម្បត្តិ​ដែល​គាត់​សន្សំ​ គឺ​ត្រូវ​បាន​បាត់បង់​ទៅ​ក្នុង​ភ្នក់ភ្លើង​គ្មាន​សល់​ ។​ អ្នកស្រី​ ហម​ ចិន្ដា​ ៖​ «​ទ្រព្យសម្បត្តិ​ដែល​ឆេះ​ ក្នុង​នោះ​មាន​លុយ​តិចតួច​អ្នកគ្រូ​ លុយ​ បួនដប់​ម្ភៃ​ម៉ឺន​ ដែល​ខំ​សន្សំ​ និង​ខោអាវ​កូន​រៀន​…»​ ។​

​ក្នុង​ស្ថានភាព​ឆាបឆេះ​ផ្ទះ​ចំនួន​ ៣៣​ខ្នង​ក្នុងភូមិ​សំបុកចាប​ ពិតជា​រំជួលចិត្ត​ និង​ធ្វើ​អោយ​ព្រួយបារម្ភ​ចំពោះ​ជីវភាព​របស់​ពួក​គាត់​ពិតមែន​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នេះ​។​

​ក្រោយ​ហេតុការណ៍​នៃ​ការ​ឆាបឆេះ​នោះ​ គឺ​ផ្ទះ​ឈើ​ប្រក់​តំបូល​ស័ង្កសី​ ទាំង​៣៣​ខ្នង​ជាប់ៗ​គ្នា​ គឺ​ ឆេះ​អស់​គ្មាន​សេសសល់​ សូ​ម្បី​តែ​ដំបូលផ្ទះ​ក៏​មិន​សល់​ដែរ​ ។​ ដើរ​ហួស​ទៅ​មុខ​បន្តិច​ បានឃើញ​ស្ដ្រី​ចំណាស់​មួយ​រូប​ទៀត​ ដែល​កំពុង​ឈរ​យំ​នៅ​មុខ​ភ្នក់ភ្លើង​ ជាមួយ​និង​សម្ដី​ថា​អស់រលីង​គ្មាន​សល់​ ។​

​ស្ត្រី​ម្នាក់​នេះ​គឺ​អ្នកស្រី​ ទ្រឹង​ យឿ​ន​ ៖​ «​ គ្មាន​សល់​ទេ​លោក​ អស់​មាន​សល់​អី​ទេ​លោក​..​ភ្លើង​ឆេះ​ផ្ទះ​អស់ហើយ​អ្នកគ្រូ​ អត់​មាន​សល់​អី​ទេ​ ខ្ញុំ​អត់​មាន​យក​អី​បាន​ទេ​ ខ្ញុំ​តែ​ម្នាក់ឯង​អត់​មាន​យក​អី​បាន​ទេ​ ខ្ញុំ​អស់រលីង​ហើយ​ ខ្ញុំ​គ្មាន​លុយ​ គ្មាន​កាក់​ ធ្វើ​ផ្ទះ​នៅទេ​ទៀត​ សូ​ម្បី​ស្លាបព្រា​ចាន​ យក​មិន​បាន​មួយ​ផង​ តែ​ម្នាក់ឯង​ខ្ញុំ​យក​អី​អត់​បាន​ ហើយ​ជើង​ឈឺ​ទៀត​…»​ ។​

​ការ​រៀបរាប់​ទាំង​អួល​ដើម​ករ​ ពី​អ្នកស្រី​ ទ្រឹង​ យឿ​ន​ ពិតជា​ធ្វើ​អោយ​គេ​ដឹង​ច្បាស់​ថា​ ទ្រព្យសម្បត្តិ​ ដែល​ខំ​រក​និង​សន្សំ​តាំងពី​បាតដៃ​ទទេ​ ត្រូវ​បាត់បង់​មួយ​ប៉​ព្រិច​ភ្នែក​នេះ​ ដោយសារ​ ភ្លើង​ ដែល​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​គាត់​ពិតជា​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពី​សប្បុរសជន​ ។​

​អ្នកស្រី​ ទ្រឹង​ យឿ​ន​៖​ «​ ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ទេ​ ខ្ញុំ​ចង់អោយ​អង្គការ​ជួយ​ ខ្ញុំ​ចង់អោយ​ឯកឧត្ដម​ (​សម្តេច​)​ ហ៊ុន​ សែន​ ជួយ​កូនចៅ​ផង​ កូនចៅ​អត់​មានអី​ទេ​អស់រលីង​ហើយ​ អត់​មាន​លុយ​ធ្វើ​ជម្រក​ជ្រក​ទេ​…»​។​

​ជីវិត​ជា​ស្ដ្រី​មេម៉ាយ​ គ្មាន​ទីពឹង​មាន​ត្រឹម​របរ​ដើរ​រើស​អេ​ត​ចាយ​ ជាង​២០​ឆ្នាំ​ ។​ តើ​នឹង​ជួប​អ្វី​ បន្ដ​ទៀត​ បើសិនជា​ការ​អំពាវនាវ​មួយ​នេះ​  មិន​បាន​ឆ្លើយ​តប​ ។​ ចំនុច​នេះ​សុទ្ធ​សឹង​ គួរ​ពិចារណា​ ថា​ អាច​នឹង​មាន​អ្វី​ជួយ​ទៅ​ដល់​ពួក​គាត់​ ។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះនោះ​ បើ​តាម​សម្ដី​ លោក​ គុយ​ ចាន់​កុមារ​ ម្ចាស់​ដី​ដែល​បាន​ជួល​អោយ​ពលរដ្ឋ​ នៅ​ទី​នេះ​គឺថា​ ពលរដ្ឋ​ដែល​បាន​មក​សុំ​ជួល​ដី​គាត់​ធ្វើ​ផ្ទះ​នៅ​គឺ​ ជា​ពលរដ្ឋ​ក្រីក្រ​ ភាគច្រើន​ពលរដ្ឋ​នៅ​ទី​នេះ​ ប្រកបរ​បរជា​អ្នក​រើស​អេ​ត​ចាយ​ ។​

​លោក​ គុយ​ ចាន់​កុមារ​ ៖​ «​ភាគច្រើន​កាល​មុន​ គាត់​នៅ​តាម​កន្លែង​រើស​អេ​ត​ចាយ​ ដូច​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ ដល់​ពេល​គេ​ដេញៗ​ទៅ​ គាត់​អត់​មាន​កន្លែង​នៅ​ ពួក​គាត់​មក​សុំ​នៅ​ទី​នេះ​ ហើយ​ចឹ​ង​ក៏​អាណិត​ពួក​គាត់​ …»​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​បើ​តាម​ការ​សង្កេត​ គឺ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ផ្ទះ​គ្មាន​សល់​ គឺ​ សុទ្ធតែ​ជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ ។​ ហើយ​បើ​តាម​ការ​សម្ភាស​ផ្ទាល់​ គឺ​ក្រៅពី​មុខរបរ​ ប្រមូល​អេ​ត​ចាយ​លក់​ហើយ​នោះ​ គឺ​ ពួក​គាត់​មួយ​ចំនួន​ទៀត​ជា​កម្មករ​ប្រមូល​សំរាម​ ហើយ​មួយ​ភាគ​តូច​ទៀត​ជា​កម្មករ​កាត់ដេរ​ ។​ ពាក្យចាស់​ពោល​ថា​ ក្រចុះ កុំអោយតែភ្លើងឆេះផ្ទះ និងលិចទូកកណ្ដាលទន្លេ គឺតែងតែ​ជួប​ជា​និច្ច​ចំពោះ​អ្នក​ក្រីក្រ​ ៕

Share

Image
Image
Image