ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះ បានព្រមានដោយមិនចំឈ្មោះតែទំនងទៅលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិថា បើអ្នកឯងមិនដើរចូលគុក ក៏គុកមកជួបអ្នកឯងដែរ។ ការព្រមានរបស់នាយករដ្ឋមន្ដ្រីធ្វើឡើងនៅក្នុងពិធីរំលឹកខួបលើកទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និរដ្ឋាករកម្ពុជា នៅអគ្គនាយកដ្ឋានគយនៅថ្ងៃនេះ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា ៖« អ្នកឯង(លោក កឹម សុខា) គឺជាប់គុក អស់មួយជីវិត គ្មានផ្លូវអ្នកឯងឈ្នះទេ»។
ប្រសាសន៍របស់នាយករដ្ឋមន្ដ្រីបានថ្លែងដូចនេះ គឺសម្ដេចប្រតិកម្មនូវអ្វីដែលលោក កឹម សុខា បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានរ៉យទ័រថា សម្ដេច ហ៊ុន សែន ដឹងថា ចាញ់ឆ្នោតទើបរកវិធីកំចាត់រូបលោក។ តែសម្ដេចមានប្រសាសន៍ថា លោកមិនខ្វល់ដូចលោក កឹម សុខា និយាយរិះគន់លោកនេះទេ។
ក្រៅព្រមានលោក កឹម សុខា សម្ដេចនាយករដ្ឋមន្ត្រីក៏បានទទូចឱ្យសហគមន៍អន្តរជាតិយល់ ឱ្យច្បាស់ មុននឹងចាប់អារម្មណ៍រឿងកម្ពុជា ត្រូវស្វែងយល់ពីអង្គហេតុអង្គច្បាប់ជាមុនសិន៕