កូឡាឡាំពួរ: មានការបំផ្ទុះគ្រាប់បែកមួយនាព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨មិថុនានេះ នៅកន្លែងកំសាន្តពេលរាត្រីនៅសង្កាត់ Puchong ប្រទេសម៉ាឡេងស៊ី ដោយបង្កឱ្យមនុស្ស៨នាក់រងរបួស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានស្រង់សម្តីរបស់ប៉ូលីសបានរាយការណ៍ថា គេមិនទាន់អាចវាយតំលៃបានថា ជាហេតុការណ៍នេះជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយបាននៅឡើយ។
ស្នងការរងខេត្ត Selangor លោក Abdul Rahim Jaafar ដែលស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន ម៉ាឡេស៊ី The Star បាននិយាយថា ការបំផ្ទុះនេះគឺបង្កឡើងដោយគ្រាប់បែកដៃមួយគ្រាប់។ លោកថាប៉ូលិសកំពុងបើកការស៊ើបអង្កេតឧបទ្ទវហេតុនេះ ដោយហៅហេតុការណ៍នេះថា ជាការប៉ុនប៉ងឃាតកម្ម។
លោកបន្ថែមថា ការស៊ើបអង្កេតនេះនឹងកំណត់បានថា ហេតុការណ៍នេះគឺកើតចេញពីលទ្ធផលនៃការប្រជែងផ្នែកអាជីវកម្ម, ការសងសឹក ឬជាការវាយប្រហារទៅលើបុគ្គលណាមួយ។
យោងតាមរបាយការណ៍របស់កាសែតក្នុងស្រុកបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្លិបរាត្រីមួយកន្លែងឈ្មោះថា Movida នៅម៉ោងប្រហែល ២និង៣០នាទីព្រឹក ខណៈដែលមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រកួតបាល់ទាត់យូរ៉ូ Euro ឆ្នាំ 2016 រវាងប្រទេសអង់គ្លេស និងប្រទេសអ៊ីស្លង់។
តាមទីភ្នាក់ងារព័ត៌មាន Bernama បានដកស្រង់សម្តីប៉ូលិសលោក រ៉ាហ៊ីម ថា រថយន្តមួយគ្រឿងដែលបានចតទុកនៅជិតទីតាំងកើតហេតុប្រមាណ 30 ម៉ែត្រក៏ត្រូវបានរងការខូចខាតផងដែរ។
សូមជំរាបជូនថា កាលពីសប្តាហ៍មុនក្រុមភវរកម្មISដែលមានមូលដ្ឋានក្នុងស្រុកបានគំរាមវាយប្រហារដោយអំពើភវរកម្ម តែប៉ូលិសមិនបានព្រួយបារម្ភនោះឡើយ។
ប្រភព: CAN