ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បានថ្លែងអំពាវនាវដល់សហគមន៍អន្តរជាតិ កុំលូកដៃចូលកិច្ចការនយោបាយកម្ពុជាដែលសម្ដេចថា ជាការជ្រៀតជ្រែងអធិបតេយ្យភាពកម្ពុជា។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីប្រារព្ធខួប ៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅស្នាក់ការគណបក្សនៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី ២៨ មិថុនានេះ។
ក្នុងពិធីនេះសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហារបស់កម្ពុជាគឺកិច្ចការផ្ទៃក្នុងកម្ពុជាដែលបរទេសខ្លះ មិនគួរលូកដៃចូលកិច្ចការនយោបាយកម្ពុជា ដែលសម្ដេចថា គេគួរគោរពអធិបតេយ្យភាពរបស់កម្ពុជា។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏មានប្រសាសន៍រិះគន់អ្នកនយោបាយមួយចំនួនមិនហ៊ានចេញមុខ មកទទួលខុសត្រូវកំហុសខ្លួនដែលបានប្រព្រឹត្ត។ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ទំនងនិយាយសំដៅលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលមានរឿងក្ដីហើយសម្ងំជ្រកកោននៅស្នាក់ការគណបក្សជាច្រើនថ្ងៃមកហើយនេះ។
តែការកត់សម្គាល់របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតប្រទេសជាច្រើន រួមមានអាមេរិក សហភាពអឺរ៉ុប កាណាដា បារាំង អាល្លឺម៉ង់ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានចូលជួបលោក កឹម សុខា ដែលក្នុងជំនួបនោះ ជនបរទេសទាំងនោះ សម្ដែងការចាប់អារម្មណ៍ចំពោះនយោបាយនៅកម្ពុជា ខណៈបក្សប្រឆាំងថានឹងនាំឱ្យទៅរកចំនុចគ្រោះថ្នាក់៕