en     km
en     km

រដ្ឋសភា​ សិក្សា​លទ្ធភាព​បង្កក​ប្រាក់ខែ​ឬ​ដកហូត​រថយន្ត​តំណាងរាស្ត្រ​ CNRP​ តែ​ CNRP​ ថា​មិន​បារម្ភ​ឡើយ​

Share

​អ្នកនាំពាក្យ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ រដ្ឋសភា​កំពុង​សិក្សា​អំពី​ការ​ដាក់​ពិន័យ​រដ្ឋបាល​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​ពហិការ​មិន​ចូល​ប្រជុំ​សភា​ និង​ការ​ប្រើប្រាស់​រថយន្ត​រដ្ឋ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នា​ពេល​កន្លង​មក​ ហើយ​ការ​សិក្សា​នេះ​គឺ​ផ្អែក​ទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ។​

Chean-vun​លោក​ ឈាង​ វុន ​អ្នកនាំពាក្យ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា

ប៉ុន្ដែ​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ដ្រ​គណបក្សប្រឆាំង​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​គម្រោង​កាត់​ប្រាក់ខែ​ ព្យួរ​ប្រាក់ខែ​ ឬ​ដក់ហូត​រថយន្ដ​អ្វី​នោះ​ទេ​ ព្រោះ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​មិន​បាន​បំពាន​ច្បាប់​ ហើយ​ក៏​បាន​ប្រាប់​ពី​មូលហេតុ​ដែល​មិន​អាច​ទៅ​ចូលរួម​ប្រជុំ​សភាព​រួច​ហើយ​ ។​ ចំណែក​អ្នកវិភាគ​ពិនិត្យ​ឃើញ​ថា​ វិធានការ​នេះ​ មិន​ឆ្លើយ​តប​ការ​បង្រួបបង្រួម​ជាតិ​ឡើយ​ ។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM102​ នៅ​ថ្ងៃ​ ច័ន្ទ​ ទី​ ២៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​  លោក​ ឈាវ​ វុន​ អ្នកនាំពាក្យ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​រដ្ឋសភា​នឹង​មាន​វិធានការ​រឿង​នេះ​ បន្ទាប់​ពី​សិក្សា​ផ្លូវ​ចាប់​រួចរាល់​ហើយ​នោះ​ ។​

​លោក​ ឈាង​ វុន​ បញ្ជាក់​ថា​ ការ​សិក្សា​នេះ​គឺ​ផ្អែក​ទៅ​លើ​ ច្បាប់រដ្ឋធម្មនុញ្ញ​ បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​លក្ខន្តិកៈ​តំណាងរាស្ត្រ​។​

​លោក​ ឈាង​ វុន​៖​ «​ឥឡូវ​អត់​មាន​សម្រេច​អី​ទេ​ គ្រាន់តែ​ជូន​ឯកឧត្ដម​ ជៀម​ យៀ​ប​ គាត់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រើ​ច្បាប់​បី​ រដ្ឋធម្មនុញ្ញ​ បទបញ្ជាផ្ទៃក្នុង​ និង​ ច្បាប់​អ្នកតំណាង​រាស្ដ្រ​ ពី​ការ​មិន​មក​ចូលរួម​ប្រជុំ​ និង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្ដិ​រដ្ឋ​ជាដើម​»​ ។​

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ធំ​នេះ​ តែងតែ​ធ្វើ​ពហិការ​ ប្រជុំ​សភា​នៅ​ពេល​ ពួក​គេ​មិន​គាំទ្រ​ ចំពោះ​អ្វីមួយ​ដែល​គេ​ហៅ​ថា​ បាន​បំពាន​សិទ្ធិ​របស់​ពលរដ្ឋ​ ឬ​បំពាន​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​ ហើយ​យមក​ចូល​ប្រជុំ​សភា​ក្រោយ​ ពី​មាន​ដំណោះស្រាយ​ ។​ ប៉ុន្តែ​ ការ​ធ្វើ​ពហិការ​របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​នេះ​គឺជា​ករណី​ ដាច់​ដោយឡែក​ មួយទៀត​ពួក​គេ​ ប្រឆាំង​ការ​បំពាន​រដ្ឋធម្មនុញ្ញ​ ត្រង់​មាត្រា​ ៨០​ ដែល​ចែង​ពី​ការ​ផ្ដល់​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ ។​

son-chay
លោក​ សុ​ន​ ឆៃ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​

លោក​ សុ​ន​ ឆៃ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ នេះ​ជា​យុទ្ធសាស្ដ្រ​ដដែល​ ដែល​គណបក្ស​ប្រជាន​ធ្លាប់​បាន​បង្កក​ប្រាក់ខែ​អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ ទាំង​ ៥៥​រូប​ រហូត​ដល់​ជិត​មួយ​ឆ្នាំ​ដែរ​ ប៉ុន្ដែ​មិន​បាន​ផល​អ្វី​ទេ​។​ លោក​ថា​ បើ​យោង​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​គឺ​មិន​មានច្បាប់​អ្វី​ដែល​ចែង​ពី​ការ​កាត់​ប្រាក់ខែ​អ្នកតំណាង​រាស្ដ្រ​ដែល​មិន​បាន​ប្រព្រឹត្ដិ​ខុសច្បាប់​ លើកលែងតែ​អ្នកតំណាង​រាស្ដ្រ​ខ្លួនឯង​ធ្វើ​ខុស​ប៉ុណ្ណោះ​ ហើយ​ជាង​នេះ​ទៀត​សោត​ ប្រសិនបើ​អ្នកតំណាង​រាស្ដ្រ​មិន​មក​ធ្វើការ​ គឺ​រដ្ឋសភា​ត្រូវ​ចេញ​លិខិត​ក្រើនរំលឹក​ ឬ​ដាស់តឿន​គាត់​ ។​

​លោក​ សុ​ន​ ឆ័​យ​ បន្ថែម​ទៀត​ថា​ នា​ពេល​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ផ្ញើ​លិខិតបញ្ជាក់​ពី​មូលហេតុ​ដែល​ អ្នកតំណាង​រាស្ដ្រ​មិន​អាច​ចូលរួម​ប្រជុំ​រដ្ឋ​សភាព​ទៅ​កាន់​រដ្ឋសភា​ម្ដង​រួច​មក​ហើយ​ ជុំវិញ​ការ​ចាប់ចង​អ្នកតំណាង​រាស្ដ្រ​ដែល​មាន​អភ័យឯកសិទ្ធិ​សភា​ ។​

​លោក​ សុ​ន​ ឆៃ​ បញ្ជាក់​ថា​ ការ​គម្រាម​កាត់​ប្រាក់ខែ​ ដកហូត​រថយន្ដ​ពី​បក្ស​ប្រឆាំង​មិន​មាន​ជា​ប្រយោជន៍​អ្វី​ទេ​ ផ្ទុយ​ទៅ​វិញ​វា​កាន់តែ​ធ្វើ​ឲ្យ​បញ្ហា​អូស​បន្លាយ​ទៅ​គ្មាន​ពេល​ចប់​ទេ​ ។​ លោក​ថា​ រឿង​ដែល​សំខាន់​គួរតែ​ងាក​មក​រក​ការ​ចរចា​រណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​វិញ​ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ រៀបចំ​ខ្លួន​ដើម្បី​ការ​ចរចា​ណ៍​គ្នា​រួច​ហើយ​ ហើយ​គណបក្ស​ក៏​បញ្ជាក់​ហើយ​ថា​ មិន​មានការ​ដាក់​លក្ខណ​អ្វី​នោះ​ទេ​ ។​

​លោក​ សុ​ន​ ឆៃ​៖ «​ដូច​ខ្ញុំ​ធ្លាប់​បញ្ជាក់​ជា​សាធារណៈ​អ​ញ្ចឹ​ង​ ថា​ការ​ធ្វើ​ឲ្យ​សៅហ្មង​ដោយ​កាត់​ប្រាក់ខែ​ ប្រាក់​អីហ្នឹង​ វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អូស​បន្លាយ​ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទេ​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ជជែក​គ្នា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ យើង​ចង់​ជជែក​គ្នា​ដោយ​មិន​មាន​លក្ខណ​»​ ។​

​តើ​អ្នក​តាមដាន​កិច្ចការ​សង្គម​យល់​ឃើញ​ដូច​ម្ដេច​ដែរ​ រឿង​នេះ​?

​លោ​កប​ណ្ទិ​ត​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​ល្អ​ និង​ លទ្ធិប្រជាធិបតេយ្យ​យល់​ឃើញ​ថា​ ប្រសិនជា​ការ​កាត់​ប្រាក់ខែ​អ្នកតំណាង​រាស្ដ្រ​ដែល​មិន​ទៅ​ចូលរួម​បំពេញការងារ​របស់​ខ្លួន​ ដើម្បី​ពង្រឹង​និ​តិ​រដ្ឋ​ដោយ​ស្មោះ​ត្រង់នោះ​ គឺជា​រឿង​ល្អ​ ប្រសិនជា​ការ​ធ្វើ​នោះ​ ក្នុង​គោលបំណង​បំរើ​ផលប្រយោជន៍​ជាតិ​ មិនមែន​ដើម្បី​ផល​ចំណេញ​សម្រាប់​បក្ស​ម្ខាង​ទេ​ ។​ ​លោក​បន្ដ​ថា​ ចំពោះ​យន្ដការ​កាត់​ប្រាក់ខែ​ ឬ​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ពុំ​មែន​ជា​យន្ដការ​ដែល​ល្អ​សម្រាប់​យក​មក​អនុវត្ដន៍​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​ទេ​ ។​

​លោក​ ចាន់​ វិបុល​ យល់​ថា​ ប្រសិនជា​បក្សនយោបាយ​ធំៗ​ទាំង​២​នៅ​តែ​ប្រកាន់​ជំហរ​រឹង​មាំ​តែ​រៀងៗ​ខ្លួន​ មិន​ព្រម​ចរចា​រក​ដំណោះស្រាយ​ទេ​ គឺ​តទៅ​មុខ​ទៀត​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​កាន់តែ​បាត់បង​ផលប្រយោជន៍​ជា​ច្រើន​ពីព្រោះ​តែ​ទំនាស់​អ្នកនយោបាយ​ពេល​នេះ​ ។​

​លោក​ ចាន់​ វិបុល៖​ «​ខ្ញុំ​ឃើញ​ថា​ ការ​រឹត​បន្ដឹង​ផ្នែក​រដ្ឋបាល​ដល់​សមាជិក​សភា​ដែល​គាត់​មិន​បាន​ចូលរួម​ប្រជុំ​នេះ​ មិនមែន​ជា​ដំណោះស្រាយ​ល្អ​មួយ​សម្រាប់​កម្ពុជា​ទេ​ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ឃើញ​ថា​វា​ នឹង​ធ្វើ​អោយ​កម្ដៅ​កាន់តែ​ធ្ងន់​ទៅ​វិញ​ ហើយ​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា​ យន្ដការ​នេះ​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ប្រជុំ​សភាព​វិញ​បាន​ទេ​»​ ។​

​សូម​រំលឹក​ថា​ គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ពហិការ​ចូល​ប្រជុំ​សភា​ ជិត​មួយ​ឆ្នាំ​ កាលពី​ឆ្នាំ​ ២០១៣​  ហើយ​ ពេល​នោះ​
​ពួក​គាត់​ក៏​មិន​ទទួល​បាន​ប្រាក់ខែ​ដែរ​ ប៉ុន្តែ​ ពួក​គាត់​ សម្រេច​ចូល​សភា​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​ ថ្ងៃ​២២​ កក្កដា​ ឆ្នាំ​២០១៤​ ដែល​ជាមួយ​គ្នា​នេះ​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ៧​នាក់​ត្រូវ​បាន​ដោះ​លែង​ ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង