ភ្នំពេញ៖ ទោះបីជាកន្លងមករាជរដ្ឋាភិបាលកម្ពុជានិងក្រុមអង្គការសង្គមស៊ីវិល បានបង្កើតឱកាសការងារស្ម័គ្រចិត្តជាច្រើនដល់យុវជន តែឱកាសការងារស្ម័គ្រចិត្តទាំងនេះនៅមិនទាន់បំពេញតម្រូវការរបស់យុវជនគ្រប់គ្រាន់ឡើយ ។ ក្រុមយុវជន បានលើកឡើងថា រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលត្រូវបង្កើតឱកាសការងារស្ម័គ្រចិត្តបន្ថែមទៀតជូនពួកគេ។ ការលើកឡើងដូច្នេះ នៅក្នុងវេទិកាតម្រង់ទិសការងារស្ម័គ្រចិត្តយុវជនស្តីពី «យុវជន និងឱកាសហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃ អាទិត្យទី ២៦ ខែមិថុនា នៅភោជនីដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។ ចំណែកមន្ត្រីតំណាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល បានគាំទ្រចំពោះសំណើរបស់ក្រុមយុវជន។
ខណៈប្រទេសកម្ពុជាបានចូលក្នុងសមាហរណកម្មអាស៊ាននាពេលកន្លងមកនេះ ក្រុមយុវជនដែលជានិស្សិតមួយចំនួន បានសម្តែងការព្រួយបារម្ភអំពីការបាត់បង់ឱកាសការងាររបស់ខ្លួន ជាពិសេសទីផ្សារការងារកាន់តែចង្អៀតបន្ថែមទៀត។ ដោយសារតែបញ្ហានេះក្រុមយុវជនបានស្នើទៅកាន់រដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលត្រូវបង្កើតឱកាសការងារស្ម័គ្រចិត្តបន្ថែមទៀតទៅដល់យុវជនដើម្បីជាដើមទុនមុនពេលពួកគេចេញទៅធ្វើការងារខាងក្រៅ។
និស្សិតឆ្នាំទី ០៣ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញច្បាប់ និងជាអ្នកធ្វើការងារស្ម័គ្រចិត្តនៅអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ថា YCC លោក ជា ចំរុង បាននិយាយថា ការបង្កើតឱកាសការងារស្ម័គ្រចិត្ត គឺជារឿងសំខាន់ដែលរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើតឱកាសការងារស្ម័គ្រចិត្តបន្ថែមដល់យុវជន ខណៈការបង្កើតឱកាសការងារស្ម័គ្រចិត្តនេះនៅតែមានកម្រិតនៅទ្បើយ។
យុវជនរូបនេះបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការសង្គមស៊ីវិលត្រូវបង្កើតឱកាសការងារបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យយុវជនអាចមានឱកាសការងារស្ម័គ្រចិត្តកាន់តែច្រើនថែមទៀត។ «ស្នើទៅក្រសួងស្ថាប័ន ក្រសួងរដ្ឋរបស់យើងមាន២០ជាងក្រសួង ក្រសួងគួរតែជាបង្គោលមួយសំរាប់ទំនាក់តាមបណ្តាសាកលវិទ្យាល័យ ឧបមាថាក្រសួងអប់រំចុះគាត់តែជាអ្នកទំនាក់ទំនងការទូតមួយឱ្យយុវជន ឱ្យនិស្សិតនៅតាមសាកលវិទ្យាល័យហើយគាត់ធ្វើការសហការជាមួយខាងសង្គមស៊ីវិលទំនាក់ទំនងសហគ្រាសឯកជន… »។
ចំណែកយុវតី អ៊ុំ ស្រីរដ្ឋ សិក្សាឆ្នាំទី ០២ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម និងជាអ្នកធ្វើការងារស្ម័គ្រចិត្តនៅអង្គការសមាគមនារីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអនាម័យ បាននិយាយថា យុវជនពិតជាត្រូវការឱកាសការងារស្ម័គ្រចិត្តពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការសង្គមស៊ីវិល ព្រោះការផ្តល់ឱកាសការងារស្ម័គ្រចិត្តគឺជាចំណុចផ្តើមឱ្យយុវជនស្គាល់ពីការអនុវត្តការងារ ដែលជាគ្រឹះពង្រឹងសមត្ថភាពមុននឹងពួកគេចេញទៅប្រទ្បូកការងារខាងក្រៅ។
យុវតីរូបនេះបន្តថា ការធ្វើការងារស្ម័គ្រចិត្តផ្តល់ប្រយោជន៍ច្រើនទៅដល់យុវជន ដូច្នេះក្រសួង និងដៃគូរពាក់ព័ន្ធផ្សេងៗទៀត ត្រូវតែបន្តបង្កើតឱកាសកាងារស្ម័គ្រចិត្តបន្ថែមទៀតដល់យុវជន។ «សំរាប់ការធ្វើ Volunteers ហ្នឹងមានប្រយោជន៍ដល់យុវជនដូចជារូបខ្ញុំផ្តល់ជាបទពិសោធន៍យើងអាចដឹងពីស្ថានភាពនៅក្នុងប្រទេសទាំងក្នុង និងក្រៅប្រទេស ការផ្តល់បទពិសោធន៍ដល់យុវជនមិនទាន់គ្រប់គ្រាន់នោះទេ ចង់ឱ្យក្រសួងស្ថាប័នបង្កើតឱកាសការងារឱ្យគាត់បានធ្វើ »។
ក្នុងឱកាសនោះដែរ នាយករងនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា លោក ទ្បេង វីរៈ ទទួលស្គាល់ថា ការបង្កើតឱកាសការងារស្ម័គ្រចិត្តរបស់យុវជនគឺនៅមានកម្រិតនៅទ្បើយ។ លោក ទ្បេង វីរៈ បន្តថា លោកគាំទ្រនឹងការស្នើរបស់យុវជនដែលចង់ឱ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តបង្កើតឱកាសការងារស្ម័គ្រចិត្តបន្ថែមជូនយុវជន។
លោក ទ្បេង វីរៈ បន្ថែមទៀតថា ការងារស្ម័គ្រចិត្តមានផលប្រយោជន៍ពីរសំខាន់ ហើយផលប្រយោជន៍នោះរួមមាន៖ ទីមួយគឺផលប្រយោជន៍ជាតម្លៃមួយដែលអ្នកដទៃមិនអាចវាយតម្លៃ កាត់ថ្លៃបាន, ទីពីរ គឺទទួលបានបទពិសោធន៍មួយចំនួនផ្សេងៗទៀតសម្រាប់ជីវិតរបស់ខ្លួនឯងផ្ទាល់។ បើតាមលោក វីរៈ ដើម្បីរួមចំណែកបង្កើតឱកាសការងារស្ម័គ្រចិត្ដទៅដល់យុវជននោះ អង្គការរបស់លោកមានទស្សនៈវិស័យដូចជា៖ «ក្នុងនាមជាអង្គការទស្សនៈពិភពលោកនៅកម្ពុជាគឺយើងបានបោះជំហានយ៉ាងវែង ហើយមានយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដើម្បីធ្វើម៉េចដើម្បីឱ្យមានឱកាសការងារស្ម័គ្រចិត្តហ្នឹង អញ្ចឹងបានយើងមាន partnership ជាមួយសាកលវិទ្យាល័យ ជាមួយនឹងយុវជនដែលគាត់ឈប់រៀនដែលគាត់នៅតាមសហគមន៍ផ្សេងៗអញ្ចឹងទេគឺជាផ្នែកមួយនៃ Built capacity ទៅជាមួយគ្នា…»។
ឆ្លើយតបនឹងការលើកទ្បើងរបស់យុវជននេះដែរ អគ្គលេខាធិការរងនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីទ្បា លោកចឹក លីម បានថ្លែងថា អង្គការសង្គមស៊ីវិលគឺជាដៃគូរមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកចឹក លីម បន្តទៀតថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននោះ ក្រសួងអប់រំបានបង្កើតគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជនកម្ពុជា ហើយគោលនយោយមួយនេះមាន១២យុទ្ធសាស្ត្រ។ ក្នុងចំណោម១២យុទ្ធសាស្ត្រនេះមានការងារអទិភាពមួយគឺការធ្វើការងារស្ម័គ្រចិត្តរបស់យុវជនផងដែរ។
សូមជំរាបថា វេទិកាតម្រង់ទិសការងារស្ម័គ្រចិត្តយុវជនស្តីពី «យុវជន និង ឱកាសហ្វឹកហាត់ការងារ» ធ្វើទ្បើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសារៈសំខាន់នៃការហ្វឹកហាត់ការងារស្ម័គ្រចិត្ត និងជម្រុញពួកគេឱ្យចូលរួមសកម្មភាពហ្វឹកហាត់ការងារ និងស្ម័គ្រចិត្ត ផ្តល់ឱកាសដល់ស្ថាប័នដៃគូអភិវឌ្ឍន៍យុវជននានា បានចែករំលែក ឬបង្ហាញនូវការអនុវត្តន៍របស់ខ្លួន ព្រមទាំងផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជនជាមួយស្ថាប័នទាំងទ្បាយលើការងារស្ម័គ្រចិត្ត និងហ្វឹកហាត់ការងារដែលមានយុវជនចូលរួមជាង ៣០០ នាក់៕