ភ្នំពេញ៖ សង្គមស៊ីវិលធ្វើការពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចូលកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលទៅក្នុងបេទ្បាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដូចកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។ ការស្នើនេះ ខណៈពួកគេសង្កេតឃើញថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងជួបបញ្ហាប្រឈមដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់។ ការថ្លែងបែបនេះធ្វើទ្បើងក្នុងសិក្ខាសាលាមួយស្តីពី« កិច្ចគាំពារសង្គម ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈ ការថែទាំសុខភាព សំរាប់កម្មករ សេវាកំសាន្ត» ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ។
ទស្សនៈទានមួយបានលើកទ្បើងថា កិច្ចគាំពារសង្គមគឺជាមូលដ្ឋានចំបងមួយដែលកម្មករ និងពលរដ្ឋគ្រប់រូប ត្រួវទទួលបានក្នុងមួយជីវិតហើយការផ្តល់ឱ្យនេះជាកតព្វកិច្ចរបស់រដ្ឋ។
នៅក្នុងប្រទេសកម្ពុជា កំរិតនៃការយល់ដឹងអំពីកិច្ចគាំពារសង្គមនៅមានកំរិតតិចតួច បើទោះបីជារដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ចែងអំពីការទទួលបានសេវាសង្គម ឬកិច្ចគាំពារសង្គមដែលជាកតព្វកិច្ចរបស់រាជរដ្ឋាភិបាលត្រូវផ្តល់ឱ្យប្រជាពលរដ្ឋគ្រប់រូបក៏ដោយ។ នេះជាការលើកឡើងរបស់វាគ្មិន។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ទាក់ទងនិងកិច្ចគាំពារសង្គមនៅក្នុងប្រទេសកម្ពុជាគឺគេផ្តោតទៅលើបញ្ហាមួយចំនួនដូចជា សេវាសុខភាព សេវាផ្នែកអប់រំ សេវាឯកសារផ្សេងៗទៀតដែលអាជ្ញារដ្ឋត្រូវផ្តល់ជូនប្រជាពលរដ្ឋព្រោះពួកគេជាអ្នកបង់ពន្ធចូលរដ្ឋ។
លោក វន់ ពៅ ក៏បានបញ្ជាក់ផងដែរថា ទាំងកម្មករនិយោជិតក្នុងប្រព័ន្ធ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ពួកគេបានជួបបញ្ហាប្រឈមមួយចំនួនដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ ជាពិសេសកម្មករនិយោជិតក្រៅប្រព័ន្ធដែលពួកគេមិនទាន់មានរបបសន្តិសុខសង្គម ដូចកម្មករនិយោជិតក្នុងប្រព័ន្ធនៅទ្បើយនោះទេ ។ លោកជំរុញឱ្យរដ្ឋាភិបាលបញ្ចូលពួកគាត់ទៅក្នុងបេទ្បាជាតិសន្តិសុខសង្គម ដូចកម្មករនិយោជិតក្នុងប្រព័ន្ធដែរ។ លោក វន់ ពៅ ៖«ហើយបើក្រទ្បែកទៅមើលការប្រឈមមុខរបស់កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាពិសេសខ្ញុំធ្វើការក្រៅប្រព័ន្ធបញ្ហាប្រឈមមុខរបស់គាត់គឺ ទី០១ បញ្ហាផ្នែកសេវាសុខភាព មានន័យថានៅពេលយើងមានជំងឺ នៅពេលដែលយើងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឃើញថាអត់ទាន់មានពេទ្យណាយកចិត្តទុកដាក់ទេ ហើយបើកម្មករក្នុងប្រព័ន្ធគេមានបេទ្បាជាតិរបបសន្តិសុខសង្គម ប៉ុន្តែយើងក្រៅប្រព័ន្ធអាហ្នឹងយើងអត់មានទេ អាហ្នឹងដែលជាបញ្ហាដែលយើងត្រូវតែចូលរួមគ្នាដើម្បីជម្រុញឱ្យរដ្ឋាភិបាលត្រូវផ្តល់សេវាស្តីពីរបបសន្តិសុខសង្គមសំរាប់ការពារទៅដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
លោក វន់ ពៅ គូសបញ្ជាក់ដែរថា ចំពោះកិច្ចគាំពារសង្គមសំរាប់កម្មករនិយោជិតនៅតែមានបញ្ហា និងឧបសគ្គមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់ពួកគេ ជាពិសេសស្ត្រីតែងតែជួបបញ្ហាប្រឈមច្រើនជាងបុរស។
ចំនុចនេះលោកក៏បានស្នើឱ្យរដ្ឋាភិបាលត្រូវពង្រឹងសេវាសុខភាពតាំងពីទីក្រុងរហូតទៅដល់ជនបទ។លោក វន់ ពៅ៖«រដ្ឋាភិ បាលត្រូវតែធ្វើកិច្ចគាំពារសង្គមទាក់ទងនឹងរបបសន្តិសុខសង្គមទៅលើសេវាសុខភាពផ្នែកស្ត្រី ទី០១ស្ត្រីនៅពេលសម្រាលកូនត្រូវពង្រឹងសេវាសុខភាពតាំងពីទីក្រុងរហូតដល់ជនបទ ជាពិសេសស្ត្រីដែលរស់នៅចង្កាត់មាត់ញកដែលតែងតែរងគ្រោះពេលឆ្លងទន្លេ ទី០២ រដ្ឋាភិបាលត្រូវតែធ្វើរបបជាតិស្តីពី សន្តិសុខសង្គមហ្នឹងត្រូវតែគ្របដណ្តប់លើប្រជាពលរដ្ឋទាំងអស់ដែលក្នុងនាមប្រជាពលរដ្ឋជាអ្នកបង់ពន្ធទើបប្រជាពលរដ្ឋទទួលបានសេវាសុខភាពពីអាជ្ញាធររដ្ឋ»។
នាយករងបេទ្បាជាតិរបបសន្តិសុខសង្គម (ប.ស.ស) លោក ស៊ុំ សោភ័ណ ដែលជាវាគ្មិនផងដែរ មានប្រសាសន៍ថាជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលគឺមានគោលនយោបាយច្បាស់លាស់ក្នុងការរៀបចំ គោលនយោបាយគាំពាសង្គម។ ប៉ុន្តែលោកថា ក្នុងការរៀបចំគាំពារសង្គមនេះជាជម្រើសនៅលើពិភពលោក អ្នកដែលនៅក្នុងប្រព័ន្ធត្រូវបានចាប់បញ្ចូលមុន ហើយអ្នកដែលនៅក្រៅប្រព័ន្ធត្រូវចាប់បញ្ចូលបន្តបន្ទាប់។
លោក ស៊ុំ សោភ័ណ្ឌ បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក៏គ្រោងបញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងបេទ្បាជាតិរបបសន្តិសុខសង្គមដែរ ប៉ុន្តែលោកមិនទាន់អាចកំណត់ពេលវាថា នឹងបញ្ជូលនៅពេលណានៅទ្បើយនោះទេ ដោយអាស្រ័យទៅលើការធ្វើច្បាប់មួយនេះ។ លោក ស៊ុំ សោភ័ណ្ឌ៖«ជាយុទ្ធសា ស្ត្ររបស់រដ្ឋាភិបាលមានហើយចាំដល់ពេលលិខិតបទដ្ឋានជាផ្លូវច្បាប់ជាក់ស្តែង ខ្ញុំមិនអាចពន្យល់បានព្រោះការធ្វើច្បាប់ត្រូវការពេលវាមួយ ជាផែនការយុទ្ធសាស្ត្ររបស់ប្រមុខរាជ រដ្ឋាភិបាលមានហើយ អញ្ចឹងពេលណាមួយនឹងដាក់ដំណើរការអាស្រ័យទៅលើនឹងរយៈពេលធ្វើច្បាប់នេះ»។
ចំណែកកញ្ញា ផាន់ ណារ៉ា ដែលជាស្ត្រីបម្រើការងារផ្នែកសេវាកម្មនៅក្នុងខារ៉ាអូខេមួយកន្លែង នៅរាជធានីភ្នំពេញ បាននិយាយថា ការទទួលបានកិច្ចគាំពារពីសង្គមតាមរយៈបេទ្បាជាតិរបបសន្តិសុខសង្គម ពិតជាមានអត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិត ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កញ្ញា ណារ៉ា ក៏បានស្នើឱ្យរដ្ឋាភិបាលបញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងបេទ្បាជាតិរបបសន្តិសុខសង្គមដែរ ដោយកញ្ញាបញ្ជាក់ថា ការចូលទៅជាសមាជិករបបសន្តិសុខសង្គមនេះនឹងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកម្មករសេដ្ឋក្រៅប្រព័ន្ធកំពុងជួបប្រទះ។ កញ្ញា ផាន់ ណារ៉ា៖«ពេលខ្លះមានប្រឈមមុខប៉ះភ្ញៀវដូចថាគាត់ស្រវឹងមកពីក្រៅអញ្ចឹងអីទៅ ដល់ពេលគាត់ចូលមកលេងអញ្ចឹង ទៅ គាត់ហៅនារីមកអង្គុយគាត់រៀងទ្បូទ្បាអញ្ចឹងទៅ ប៉ុន្តែយើងទៅប្រាប់អ្នកគ្រប់គ្រងយើងអញ្ចឹងទៅថាភ្ញៀវគាត់ស្រវឹងហើយ ឱ្យមេជួយដោះស្រាយហើយសម្រួលភ្ញៀវអញ្ចឹងទៅ»។
យោងតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣៦ កថាខណ្ឌទី ០៤ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលបានការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ចមានចែងក្នុងច្បាប់។
ចំណែកមាត្រា ៤៦ បានចែងថា រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារីជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹង បានទទួលការឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជម្ងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ ជាពិសេសមាត្រា ៧៥ ចែងថា រដ្ឋត្រូវចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករនិយោជិតជាដើម។
សូមបញ្ជាក់ថា កម្មករនិយោជិតដែលកំពុងទទួលសេវាពីបេទ្បាជាតិរបបសន្តិសុខសង្គម សំរាប់ហានិភ័យការងារមានជិត ១លាន២សែននាក់ ហើយសំរាប់ថែទាំសុខភាពជិត២០ម៉ឺននាក់៕