en     km
en     km

សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប​ញ្ជូ​ល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​របប​សន្តិសុខ​សង្គម​

Share

ភ្នំពេញ៖ សង្គម​ស៊ី​វិល​ធ្វើការ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ចូល​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​ទៅ​ក្នុង​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​  ដូច​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែរ​។​ ការ​ស្នើ​នេះ​ ខណៈ​ពួក​គេ​សង្កេត​ឃើញ​ថា​ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កំពុង​ជួប​បញ្ហា​ប្រឈម​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​យកចិត្តទុកដាក់​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី​«​ កិច្ច​គាំពារ​សង្គម​ ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ ជំងឺ​វិជ្ជាជីវៈ​ ការ​ថែទាំ​សុខភាព​ សំរាប់​កម្មករ​ សេវា​កំសាន្ត​»​ ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សាន់​វេ​។​

 

Labor-wmc-thum
​​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី​កិច្ច​គាំពារ​សង្គម​ ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ ជំងឺ​វិជ្ជាជីវៈ​ ការ​ថែទាំ​សុខភាព​ សំរាប់​កម្មករ​ សេវា​កំសាន្ត។
ទស្សនៈទាន​មួយ​បាន​លើក​ទ្បើ​ង​ថា​ កិច្ច​គាំពារ​សង្គម​គឺជា​មូលដ្ឋាន​ចំបង​មួយ​ដែល​កម្មករ​ និង​ពលរដ្ឋ​គ្រប់​រូប​ ត្រួ​វ​ទទួល​បាន​ក្នុង​មួយ​ជីវិត​ហើយ​ការ​ផ្តល់​ឱ្យ​នេះ​ជា​កត​ព្វ​កិច្ច​របស់​រដ្ឋ​។​
​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំរិត​នៃ​ការ​យល់​ដឹង​អំពី​កិច្ច​គាំពារ​សង្គម​នៅ​មាន​កំរិត​តិចតួច​ បើ​ទោះបីជា​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចែង​អំពី​ការ​ទទួល​បាន​សេវា​សង្គម​ ឬ​កិច្ច​គាំពារ​សង្គម​ដែល​ជា​កត​ព្វ​កិច្ច​របស់​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ក៏​ដោយ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​វាគ្មិន​។​

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក​ វន់​ ពៅ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ទាក់ទង​និង​កិច្ច​គាំពារ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គេ​ផ្តោត​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ សេវា​សុខភាព​ សេវា​ផ្នែក​អប់រំ​ សេវា​ឯកសារ​ផ្សេងៗ​ទៀត​ដែល​អាជ្ញា​រដ្ឋ​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ព្រោះ​ពួក​គេ​ជា​អ្នក​បង់ពន្ធ​ចូល​រដ្ឋ​។​

​លោក​ វន់​ ពៅ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទាំង​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​ និង​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​ ពួក​គេ​បាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​យកចិត្តទុកដាក់​ ជា​ពិសេស​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​ដែល​ពួក​គេ​មិន​ទាន់​មាន​របប​សន្តិសុខ​សង្គម​ ដូច​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​នៅ​ទ្បើ​យ​នោះ​ទេ​ ។​ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​ពួក​គាត់​ទៅ​ក្នុង​បេ​ទ្បា​ជាតិ​សន្តិសុខ​សង្គម​ ដូច​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​ដែរ​។​ លោក​ វន់​ ពៅ​ ៖«​ហើយ​បើ​ក្រ​ទ្បែ​ក​ទៅ​មើល​ការ​ប្រឈម​មុខរប​ស់កម្ម​ករទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ជា​ពិសេស​ខ្ញុំ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​បញ្ហា​ប្រឈម​មុខ​របស់​គាត់​គឺ​ ទី​០១​ បញ្ហា​ផ្នែក​សេវា​សុខភាព​ មាន​ន័យ​ថា​នៅ​ពេល​យើង​មាន​ជំងឺ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឃើញ​ថា​អត់​ទាន់​មាន​ពេទ្យ​ណា​យកចិត្តទុកដាក់​ទេ​ ហើយ​បើ​កម្មករ​ក្នុង​ប្រព័ន្ធ​គេ​មាន​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ ប៉ុន្តែ​យើង​ក្រៅ​ប្រព័ន្ធ​អាហ្នឹង​យើង​អត់​មាន​ទេ​ អាហ្នឹង​ដែល​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ចូលរួម​គ្នា​ដើម្បី​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​សេវា​ស្តី​ពី​របប​សន្តិសុខ​សង្គម​សំរាប់​ការពារ​ទៅ​ដល់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​»​។​

​លោក​ វន់​ ពៅ​ គូសបញ្ជាក់​ដែរ​ថា​ ចំពោះ​កិច្ច​គាំពារ​សង្គម​សំរាប់​កម្មករនិយោជិត​នៅ​តែ​មាន​បញ្ហា​ និង​ឧបសគ្គ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ពួក​គេ​ ជា​ពិសេស​ស្ត្រី​តែងតែ​ជួប​បញ្ហា​ប្រឈម​ច្រើន​ជាង​បុរស​។​

​ចំនុច​នេះ​លោក​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​សេវា​សុខភាព​តាំងពី​ទីក្រុង​រហូត​ទៅ​ដល់​ជនបទ​។​លោក​ វន់​ ពៅ​៖«​រដ្ឋាភិ បាល​ត្រូវ​តែ​ធ្វើ​កិច្ច​គាំពារ​សង្គម​ទាក់ទង​នឹង​របប​សន្តិសុខ​សង្គម​ទៅ​លើ​សេវា​សុខភាព​ផ្នែក​ស្ត្រី​ ទី​០១​ស្ត្រី​នៅ​ពេល​សម្រាលកូន​ត្រូវ​ពង្រឹង​សេវា​សុខភាព​តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​ ជា​ពិសេស​ស្ត្រី​ដែល​រស់នៅ​ចង្កា​ត់មាត់​ញក​ដែល​តែងតែ​រង​គ្រោះ​ពេល​ឆ្លងទន្លេ​ ទី​០២​ រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​របប​ជាតិ​ស្តី​ពី​ សន្តិសុខ​សង្គម​ហ្នឹង​ត្រូវ​តែ​គ្របដណ្តប់​លើ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ក្នុង​នាម​ប្រជាពលរដ្ឋ​ជា​អ្នក​បង់ពន្ធ​ទើប​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​សុខភាព​ពី​អាជ្ញាធរ​រដ្ឋ​»​។​

​នាយករង​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ លោក​ ស៊ុំ​ សោភ័ណ​ ដែល​ជា​វាគ្មិន​ផង​ដែរ​ មាន​ប្រសាសន៍​ថា​ជា​យុទ្ធ​សាស្ត្រ​របស់​ រាជរដ្ឋាភិបាល​គឺ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​ គោលនយោបាយ​គាំពា​សង្គម​។​ ប៉ុន្តែ​លោក​ថា​ ក្នុង​ការ​រៀបចំ​គាំពារ​សង្គម​នេះ​ជា​ជម្រើស​នៅ​លើ​ពិភពលោក​ អ្នក​ដែល​នៅ​ក្នុង​ប្រព័ន្ធ​ត្រូវ​បាន​ចាប់​បញ្ចូល​មុន​ ហើយ​អ្នក​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​ត្រូវ​ចាប់​បញ្ចូល​បន្ត​បន្ទាប់​។​

​លោក​ ស៊ុំ​ សោ​ភ័​ណ្ឌ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក៏​គ្រោង​បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូល​ទៅ​ក្នុង​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ដែរ​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់ពេល​វា​ថា​ នឹង​ប​ញ្ជូ​ល​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​ ដោយ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​ច្បាប់​មួយ​នេះ​។​ លោក​ ស៊ុំ​ សោ​ភ័​ណ្ឌ​៖«​ជា​យុទ្ធ​សា​ ស្ត្រ​របស់​រដ្ឋាភិបាល​មាន​ហើយ​ចាំ​ដល់​ពេល​លិខិត​បទដ្ឋាន​ជា​ផ្លូវច្បាប់​ជាក់ស្តែង​ ខ្ញុំ​មិន​អាច​ពន្យល់​បាន​ព្រោះ​ការ​ធ្វើ​ច្បាប់​ត្រូវការ​ពេល​វា​មួយ​ ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​មាន​ហើយ​ អ​ញ្ចឹ​ង​ពេល​ណាមួយ​នឹង​ដាក់​ដំណើរការ​អាស្រ័យ​ទៅ​លើ​នឹង​រយៈពេល​ធ្វើ​ច្បាប់​នេះ​»​។​

​ចំណែក​កញ្ញា​ ផា​ន់​ ណា​រ៉ា​ ដែល​ជា​ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវាកម្ម​នៅ​ក្នុង​ខារ៉ាអូខេ​មួយ​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​ ការ​ទទួល​បាន​កិច្ច​គាំពារ​ពី​សង្គម​តាម​រយៈ​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ ពិតជា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​កម្មករនិយោជិត​ ជា​ពិសេស​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​កញ្ញា​ ណា​រ៉ា​ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ទៅ​ក្នុង​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ដែរ​ ដោយ​កញ្ញា​បញ្ជាក់​ថា​ ការ​ចូល​ទៅ​ជា​សមាជិក​របប​សន្តិសុខ​សង្គម​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កម្មករ​សេដ្ឋ​ក្រៅ​ប្រព័ន្ធ​កំពុង​ជួប​ប្រទះ​។​ កញ្ញា​ ផា​ន់​ ណា​រ៉ា​៖«​ពេល​ខ្លះ​មាន​ប្រឈម​មុខ​ប៉ះ​ភ្ញៀវ​ដូច​ថា​គាត់​ស្រវឹង​មក​ពី​ក្រៅ​អ​ញ្ចឹ​ង​អី​ទៅ​ ដល់​ពេល​គាត់​ចូល​មក​លេង​អ​ញ្ចឹ​ង​ ទៅ​ គាត់​ហៅ​នារី​មក​អង្គុយ​គាត់​រៀង​ទ្បូ​ទ្បា​អ​ញ្ចឹ​ង​ទៅ​ ប៉ុន្តែ​យើង​ទៅ​ប្រាប់​អ្នកគ្រប់គ្រង​យើង​អ​ញ្ចឹ​ង​ទៅ​ថា​ភ្ញៀវ​គាត់​ស្រវឹង​ហើយ​ ឱ្យ​មេ​ជួយ​ដោះស្រាយ​ហើយ​សម្រួល​ភ្ញៀវ​អ​ញ្ចឹ​ង​ទៅ​»​។​

​យោង​តាម​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​៣៦​ កថាខណ្ឌ​ទី​ ០៤​ បាន​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​បានការ​ធានា​រ៉ាប់រង​សង្គម​ និង​អត្ថប្រយោជន៍​ខាង​សង្គមកិច្ច​មាន​ចែង​ក្នុង​ច្បាប់​។​

​ចំណែក​មាត្រា​ ៤៦​ បាន​ចែង​ថា​ រដ្ឋ​ និង​សង្គម​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទីពឹង​ បាន​ទទួល​ការ​ឧបត្ថម្ភ​ដើម្បី​មានមុខ​របរ​ មាន​លទ្ធភាព​ព្យាបាល​ជម្ងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​មាន​ជីវភាព​រស់នៅ​សមរម្យ​ ជា​ពិសេស​មាត្រា​ ៧៥​ ចែង​ថា​ រដ្ឋ​ត្រូវ​ចាត់ចែង​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ដល់​កម្មករនិយោជិត​ជាដើម​។​

​សូម​បញ្ជាក់​ថា​ កម្មករនិយោជិត​ដែល​កំពុង​ទទួល​សេវា​ពី​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម​ សំរាប់​ហានិភ័យ​ការងារ​មាន​ជិត​ ១​លាន​២​សែន​នាក់​ ហើយ​សំរាប់​ថែទាំ​សុខភាព​ជិត​២០​ម៉ឺន​នាក់​៕

Share

Image
Image
Image