ភ្នំពេញ៖ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ថ្លែងថា ប្រសិនជនទុច្ចរិត ដែលមានបំណងចង់បន្លំចុះឈ្មោះបោះឆ្នោតពីរដង នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ពី ១ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល ។ តែក្រុមសង្គមស៊ីវិលនិងអ្នកអង្កេតការណ៍បោះឆ្នោតបង្ហាញការសាទរចំណាត់ការថ្មីនេះ ប៉ុន្ដែពួកគេយល់ថា ត្រឹម ១ម៉ឺន ទៅ ១០ម៉ឺនរៀលនេះ ហាក់នៅតិចតួចណាស់សម្រាប់ជនមានបំណងទុច្ចរិត ហើយគួរតែគុណជាទឹកប្រាក់ ១០ដងលើនេះទៀត ទើបសក្ដិសមហើយត្រូវដាក់ ផ្ដន្ទាទោសទៀតផង។
ឆ្លើយតបនិងសំនួរអ្នកសារព័ត៌មានក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលស្តីពីការស្វែង«យល់ដិតដល់ទៅលើបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦» កាលថ្ងៃទី២២មិថុនា លោក សោម សូរីដា បញ្ជាក់ថា ជនណានកប្រព្រឹត្តគឺត្រូវទទួលការផាកពិន័យ ។ លោក សោម សូរីដា៖«នៅក្នុងច្បាប់គេចែងថា ការព្យាយាមដោយទុច្ចរិតចុះឈ្មោះលើសពីម្ដង នឹង ទទួលការពិន័យពី ១ម៉ឺន ដល់ ១០ម៉ឺនរៀល ប៉ុន្ដែបើគាត់ផ្ដល់ព័ត៌មានថា គាត់ចុះឈ្មោះរូចហើយបានន័យថាគាត់គេផុតពីការពិន័យ»។
ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនជាពលរដ្ឋដែលភ័ន្ដច្រឡំចុះឈ្មោះពីរដង ហើយរាយការណ៍ដល់ស្ថាប័ន គ. ជ. ប ជននោះពុំមានទទួលរងការផាកពិន័យឡើយ ។
ចំណែកលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព PDP សម្ដែងការសាទរ ចំពោះចំណាត់ការរបស់ គ.ជ.ប ដែលប្រឹងប្រែងរក្សាតម្លាភាពរបស់ខ្លួន ដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយសេរី យុត្ដិធម៌ និង ត្រឹមត្រូវពេលខាងមុខ។
ប្រធានមជ្ឈមណ្ឌល PDP រូបនេះ យល់ថា ប្រសិនជាការផាកពិន័យចំពលរដ្ឋគឺពិតជាច្រើនណាស់ ក៏ព្រោះតែពលរដ្ឋមួយចំនួនគឺមួយថ្ងៃរកចំណូលស្ទើរមិនបាន ១ម៉ឺនរៀលទេ ។ ប៉ុន្ដែលោកថា បើសម្រាប់ជនដែលជាសកម្មជននយោបាយ លោកគិតថា នៅតិចតូចណាស់ ទោះបីជាច្រើនជាង ១០ម៉ឺនរៀល ក៏មិនជាបញ្ហាសម្រាប់ពួកគេដែរ។
លោក យ៉ង់ គឹមអេង យល់ថា ប្រសិនជាគណកម្មាធិការជាតិរៀបចំការបោះឆ្នោតពិតជា ចង់ឲ្យកាន់តែមានតម្លាភាព គ.ជ.ប គួរតែគុណចំនួនទឹកដែលត្រូវផាកពិន័យជន ក្លែងបន្លំការចុះឈ្មោះបោះឆ្នោតនោះ យ៉ាងហោចណាស់ ១០ដងទៀត បើរកឃើញថាជននោះជាសកម្មជននយោបាយ ។ លោក យ៉ង់ គឹមអេង៖«សំរាប់ខ្ញុំ ខ្ញុំយល់ថា ការពិន័យនេះបើ អ្នកនោះជាគណ បក្សចូលរួមប្រកួតប្រជែង ខ្ញុំគិតថា គួរតែដាក់ពិន័យឲ្យធ្ងន់អាចកុំឲ្យមានការប៉ុនប៉ងការចុះលើសពីម្ដងនោះបាទ គុណ ៤ , ៥ដង ១០ដង អីទៅធ្វើយ៉ងណាឲ្យធ្ងន់»។
ជាមួយគ្នានេះលោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីថា ចំពោះការផាកពិន័យគឺតម្រូវដោយហើយស្ថាប័ន គ.ជ.ប ធ្វើការសំអាងលើច្បាប់ដូចគ្នា ហើយចំពោះការសម្រេចផាក ពិន័យប៉ុន្មាននោះ គ.ជ.ប មិនមានសិទ្ធិសម្រេចនោះទេ។
តែយ៉ាងនេះក្ដីអ្នកនាំពាក្យ គ.ជ.ប រូបនេះ បង្ហាញជំនឿចិត្ដថា ច្បាប់ដែលចែងពីការផាកពិន័យលើអ្នកក្លែងបន្លំការចុះឈ្មោះពីរដងនេះ នឹងជួយឲ្យការបោះឆ្នោតនៅកម្ពុជា កាន់តែសុក្រឹត្យ និង មានតម្លាភាពទាំងការបោះឆ្នោតឃុំសង្កាត និង ការបោះឆ្នោតថ្នាក់ជាតិផង។ លោក ហង្ស ពុទ្ធា៖«ដូច្នេះហើយបូកផ្សាំ និង និតិវិធិដែល គ.ជ.ប បីកន្លាគ់ ដើម្បីរកឈ្មោះស្ទូន និង ការអប់រំ បូករួមនឹងការផាកពិន័យនេះ គ.ជ.ប ជឿជាក់មែនទែនថា មិនមានការខុសឆ្គងក្នុងការធ្វើបញ្ជឺបោះឆ្នោតលើកនេះទេ»។
ជុំវិញវិធានការរបស់ គ.ជ.ប នេះដែរលោក គល់ បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្វ្រែល (COMFREL) ហាក់ដូចជាស្ទាក់ស្ទើរក្នុងបង្ហាញជំនឿចិត្ដ លើវិធានការផាកពិន័យជន ដែលក្លែងបន្លំ ចុះឈ្មោះបោះឆ្នោតពីរលើកនេះ។
នាយកប្រតិបត្ដិ ខមហ្វ្រែល រូបនេះមានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃថា ការអនុវត្ដន៍នីតិវិធី របស់គ.ជ.ប នាពេលបោះឆ្នោតខាងមុខ ថាជាការប្រសើរ ឬ យ៉ងណាទេ ។ លោកថា រឿងនេះយើងត្រូវការអ្នកអង្កេតការណ៍ពីការអនុវត្ដន៍បន្ដ ព្រោះប្រសិនជា គ.ជ.ប អនុវត្ដន៍ចំជនទុច្ចរិតពិតគ្មានបញ្ហាចោទទេ ។ ប៉ុន្ដែផ្ទុយទៅវិញបើ គជប អនុវត្ដន៍ទៅចំអ្នកទន់ខ្សោយ អ្នកដែលមិនយល់ច្បាស់ពីដំណើរការនេះ គឺជារឿងដែលយើងត្រូវបារម្ភ ។
លោក គល់ បញ្ញា បញ្ជាក់ថា រឿងដែលសំខាន់ពេលនេះគឺ ក្រៅតែពីការរៀបចំនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតឲ្យបានល្អប្រ សើរហើយ ស្ថាប័ណ្ណមួយនេះគួរតែបង្កើនការអំពាវនាវ និង លើកទឹកចិត្ដដល់ពលរដ្ឋខ្មែរ ឲ្យមានភាពក្លាហានចូលរួមចុះបោះឆ្នោតឲ្យបានទាំងអស់គ្នា។លោក គល់ បញ្ញា៖«ការវាយតម្លៃរបស់យើង យើងគិតថារឿងហ្នឹងថា វាអាចវិជ្ជមាន និង អវិជ្ជមាន តែយើងមិនអាចអះអាងច្បាស់បានទេ នៅពេលអនុវត្ដន៍ អញ្ចឹងបានយើង ត្រូវមានអ្នកអង្កេតការណ៍ ពេលអនុវត្ដន៍ តើអនុ វត្ដន៍លើអ្នកណា លើអ្នកដែលមានបំណងទុច្ចរិតមែនទេ យើងខ្លាចអនុវត្ដន៍ទៅប៉ះអ្នកដែលទន់ខ្សោយ អត់យល់ទៅវិញ »។
សូមជម្រាបថា ដំណើរការនៃចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុននេះ ហើយ ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ សហភាពអ៊ឺរ៉ុប និង ប្រទេសជប៉ុន សន្យាជួយកម្ពុជាផ្នែកបច្ចេកទេស និង សម្ភារៈដែលក្នុងនោះ អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួន សន្យាថាពួកគេ នឹងតាមដានការបោះឆ្នោតនៅកម្ពុជាខាងមុខនេះយ៉ាងប្រុងប្រយ័តុ្នបំផុត៕