ភ្នំពេញ៖ ប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងចំនួន ៩ នាំគ្នាទ្បើងមកសាលារាជធានីភ្នំពេញ ដោយសុំ ឱ្យសាលារាជធានីភ្នំពេញបើកវេទិកាសាធារណៈមួយ បន្ទាប់ពីពួកគេទទួលបានព័ត៌មានថា សាលារាជធា នីភ្នំពេញ នឹងធ្វើការអភិវឌ្ឍន៏ផ្លូវដែកដែលជាទីកន្លែងពួកគេកំពុងតែរស់នៅសព្វថ្ងៃ ជាពិសេសពួកគេយល់ថា ប្រសិនបើអភិវឌ្ឍន៏ផ្លូវនោះនឹងអាចធ្វើឱ្យប៉ះពាល់ទៅដល់ការរស់នៅរបស់ពួកគេ។ ការទទូចសុំដូចនេះ ធ្វើទ្បើងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ខាងមុខសាលារាជធានីភ្នំពេញ។
តាមការពន្យល់របស់ពលរដ្ឋដែលឡើងមកខាងមុខសាលារាជធានីភ្នំពេញ គឺបើកវេទិកាសាធារណៈក្នុងគោលបំណងដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតនៃគម្រោងអភិវឌ្ឍន៏ផ្លូវថ្នល់ តាមបណ្តោយផ្លូវដែក ទៅកាន់ផ្លូវជាតិលេខ ៥ ពីចំណុចស្ថានីយ៍រថភ្លើងទៅកាន់គីទ្បូម៉ែត្រលេខ ៦ និងពិភាក្សាអំពីយន្តការធានាសិទ្ធិលំនៅឋានរបស់ប្រជាសហគមន៏។ ពលរដ្ឋទាំងនេះ ថាពួកគេគាំទ្រការអភិវឌ្ឍ ប៉ុន្តែត្រូវគិតគូពីផលប៉ះពាល់លំនៅដ្ឋានរបស់ពួកគាត់។
តំណាងសហគមន៍ភូមិ ២៣ ក្នុងចំណោមតំណាងសហគមន៏ ៨ ផ្សេងទៀត គឺអ្នកស្រី ហ៊ន់ ពៅ មានប្រសាសន៏ថា គោល បំណងសំខាន់ដែលអ្នកស្រីមកសាលារាជធានីភ្នំពេញនៅថ្ងៃនះ គឺដើម្បីស្នើឱ្យសាលាក្រុងបើកវេទិកាសាធារណៈមួយ ជុំវិញគម្រោងអភិវឌ្ឍន៏ផ្លូវដែកដែលពួកគាត់កំពុងរស់នៅ។
អ្នកស្រី ហ៊ន់ ស្រីពៅ គឺម្នាក់ក្នុងចំណោមពលរដ្ឋជាង ២០នាក់ និយាយថា មូលហេតុដែលអ្នកស្រីទទូចសុំនេះដោយសារប្រជាសហគមន៍ទទួលបានព័ត៌មានថា សាលារាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវអមសង ខាងផ្លូវដែកពីផ្លូវជាតិលេខ ៥ រហូតដល់ផ្លូវ R6 (បឹងកក់) ដូច្នេះទើបគាត់មានការព្រួយបារម្ភថា ការស្ថាបនាផ្លួវនោះអាចនឹងធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងរបស់ពួកគាត់។
អ្នកស្រី ពៅ បន្ថែមទៀតថា ពួកគាត់មិនរារាំងដំណើរការអភវិឌ្ឍរបស់សាលារាជធានីភ្នំពេញនោះទេ ប៉ុន្តែពួកគាត់គ្រាន់តែចង់ឱ្យសាលាក្រុងបើកវេទិកាសាធារណៈ ដើម្បីពន្យល់អំពីគម្រោងអភវិឌ្ឍផ្លូវនោះថា ប៉ះពាល់ប្រជាសហគមន៍ដែលកំពុងរស់នៅតាមផ្លូវរថភ្លើងនោះដែរឬទេ។ អ្នកស្រី ហ៊ន់ ស្រីពៅ ៖«រឿងនេះខ្ញុំមិនបង្អាក់ដំណើរកាអភិវឌ្ឍន៏របស់គាត់ទេ គាត់អភិវឌ្ឍន៏ក៏ប៉ុន្តែសូមឱ្យគាត់ពិចារណាលើថាអភិវឌ្ឍន៏ទៅវាប៉ះពាល់ប្រជាពលរដ្ឋយ៉ាងម៉េច ហើយគាត់នឹងផ្តល់ឱ្យប្រជាពលរដ្ឋយ៉ាងម៉េច អញ្ចឹងយើងចង់ដឹងព័ត៌មានហ្នឹង»។
តំណាងសហគមន៍មួយរូបទៀត គឺអ្នកស្រី មាស ស្រីមុំ មានប្រសាសន៍ថា ប្រជាសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងបានដាក់លិខិតជូនសាលារាជធានីភ្នំពេញតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងគម្រោងអភវិឌ្ឍន៏ផ្លូវអមសងខាងរថភ្លើង ប៉ុន្តែពុំមានការឆ្លើយតប។
អ្នកស្រី ស្រី មុំ បន្តថាការដាក់លិខិតនោះដោយសារប្រជាសហគមន៍មានការភ័យព្រួយពីការអភិវឌ្ឍន៍គម្រោងមួយនោះថា នឹងធ្វើឱ្យប៉ះពាល់ទៅដល់កន្លែងដែលពួកគាត់រស់នៅដែរឬទេ ។ អ្នកស្រីអះអាងថាតាំងពីថ្ងៃដាក់លិខិតនោះមកប្រជាសហគមន៍មិនទាន់ទទួលបានការឆ្លើយតបពីសាលារាជធានីភ្នំពេញនៅ ទ្បើយនោះទេដោយសារតែមូលហេតុនេះហើយទើបប្រជាសហគមន៏ទាំង ៩ ស្នើឱ្យសាលារាជធានីបើកវេទិកាសាធារណៈដើម្បីពន្យល់ពីគម្រោងអភវិឌ្ឍន៏ផ្លូវមួយនេះ។
អ្នកស្រី ស្រីមុំ៖«ពួកយើងសុំជួបឯកឧត្តម ប៉ា សុជាតិវង្សដើម្បីឱ្យគាត់បំភ្លឺក្នុងគម្រោងការអភិវឌ្ឍន៏ផ្លូវជាតិពី រ៉ា ទៅគីទ្បូម៉ែត្រលេខ ៦ហ្នឹងថាតើតំរូវការរបស់គាត់ហ្នឹងគាត់តំរូវការប៉ុន្មានម៉ែត្រពីអ័ក្រផ្លូវដែលគម្រោងរបស់គាត់ហ្នឹង ក៏ប៉ុន្តែគាត់ចុះទៅគាត់មិនបានចុះពិនិត្យ ចុះពិភាក្សាឬពិគ្រោះយោបល់ថាគម្រោងអភិវឌ្ឍន៏ហ្នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ហើយខ្ញុំមកក្រសួងនេះគឺខ្ញុំចង់ឱ្យក្រសួងបើកជាវាទិកាសាធារណៈមួយដើម្បីសួរសំនួរចម្លើយលំអិតព័ត៌មានថាតើគាត់ធ្វើយ៉ាងណាជូនប្រជា ពលរដ្ឋពួកខ្ញុំ»។
ជុំវិញការដាក់លិខិតនៅព្រឹកមិញនេះដែរ ពុំមានការរារាំងពីកងកម្លាំងសន្តិសុខនោះទេ ហើយសាលារាជធានីភ្នំពេញក៏បានអនុញ្ញាត្តិឱ្យ តំណាងសហគមន៍ចំនួន ៥រូប ចូលទៅជួបពិភាក្សាអំពីការដាក់លិខិតនោះ។ ក្នុងចំណោមតំណាងសហគមន៏ទាំង ៥ ដែលបានចូលជួបពិភក្សាជាមួយតំណាងសាលារាជធានី នោះគឺអ្នកស្រី មាស ស្រីមុំ។
អ្នកស្រី បាននិយាយថា ប្រធានការិយាល័យសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៃសាលារាជធានីភ្នំ ពេញ លោកភក្តី បានប្រាប់អ្នកស្រីថា សាលារាធានីមិនទាន់អាចសម្រេចថា នឹងធ្វើការអភិវឌ្ឍន៏តំបន់នោះនៅពេលណានៅទ្បើយនោះទេ ប៉ុន្តែនៅពេលដែលពួកគេសម្រេចអនុវត្តគម្រោងនោះពេលណា សាលាក្រុងនឹងជូនដំណឹងទៅដល់ប្រជាសហគមន៏ឱ្យបានដឹង។
ទាក់ទងនឹងការលើកទ្បើងរបស់សហគមន៏នេះដែរ វិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននៅទ្បើយទេនៅថ្ងៃនេះ។
សូមជំរាបថា ប្រជាសហគមន៏ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញមាន ៩សហគមន៏ទាំងនោះរួមមាន៖ ទី០១ សហគមន៏អភិវឌ្ឍន៏ថ្មី ទី០២ សហគមន៏រួមចិត្តតែមួយ ទី០៣ សហគមន៏ភូមិ១០៤ ទី០៤ សហគមន៏ភូមិ១០៥ ទី០៥ សហគមន៏ភូមិ១៧ ទី០៦ សហគមន៏ភូមិ២ ទី០៧ សហគមន៏ភូមិ២៣ ទី០៨ សហគមន៏ភូមិ២១ និងទី០៩សហគមន៏ទួលសង្កែប៊ី។
តែគួរបញ្ជាក់ដែរថា លោក ប៉ា សុជាតិវង្សបានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ០៤ ខែឧសភា កន្លងមកនេះថា កន្លែងកាន់តែស្មុគស្មាញ ជាកន្លែងដែលត្រូវអភិវឌ្ឍន៏ ហើយនៅព្រឹកថ្ងៃដដែលនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារសំខាន់២ចំនុច៖ ទី០១ ផ្លូវទំនប់កប់ស្រូវនៅសល់ប្រវែង ១៧, ៧គីទ្បូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី០១ ត្រូវស្ថាបនាមួយចំហៀងប្រវែង៧ម៉ែត្រ កម្រាស់ ២តឹក ប្រើរយៈពេល៨ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។ ទី០២ ការស្ថាបនាផ្លូវអមសងខាងផ្លូវដែកពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6(បឹងកក់) មានប្រវែង ៥, ៦២គីទ្បូម៉ែត្រដែលត្រូវស្ថាបនា ៧ម៉ែត្រសងខាងផ្លូវរថភ្លើង។ បច្ចុប្បន្នក្រុមការងារត្រូវសិក្សាបន្ថែមនូវផលប៉ះពាល់នឹងលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់៕