ភ្នំពេញ៖ លិខិតផាកពិន័យមួយដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយមន្ត្រីនគរបាលចរា ចរណ៍ខេត្តកោះកុង លោក ស៊ុន ណែម បានធ្វើការផាកពិន័យទៅលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួនមួយម៉ឺនប្រាំពាន់រៀល ករណីដែលសម្តេចបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្តិភាព និងម៉ូតូគ្មានផ្លាកលេខ។
ទន្ទឹមនឹងការផាកពិន័យនេះ សម្តេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសថា បើទោះបីសម្ដេចមានអភ័យឯកសិទ្ធិសភា និងជានាយករដ្ឋមន្ត្រីក៏ដោយ ក៏មិនអាចគេចផុតពីការផាកពិន័យ និងពីកំហុសរបស់ខ្លួនបានឡើយ។
សម្រាប់អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ថា នេះគឺជាគម្រូល្អមួយ ហើយថាអ្នកដឹកនាំទាំងអស់គួរតែនាំគ្នាគោរពច្បាប់ និងទទួលស្គាល់ចំពោះសូវកំហុសរបស់ខ្លួន កុំអាងអំណាច និងតួនាទីលុបបំបាត់ការធ្វើខុសរបស់ខ្លួន។
សម្តេចបានសរសេរលើទំព័រហ្វេសប៊ុកថា បើទោះបីជាលោកបានសុំអភ័យទោសជាសាធារណៈហើយក្តី ក៏នគរបាលនៅតែផាកពិន័យលោកដដែល ព្រោះលោកបានសាងនូវកំហុសរួចស្រេចទៅហើយ។
ចំពោះអ្នកវិភាគបញ្ហាសង្គម ហាក់មានការងើយឆ្ងល់ពីអ្វីបាននាំឱ្យនគរបាលខេត្តកោះកុងហ៊ានផាកពិន័យនាយករដ្ឋមន្ត្រី ដែលគេថាជាមេដឹកនាំមានអំណាចជាងគេនៅកម្ពុជា។
អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គម បានផ្ដល់បទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ត្រីថា បើរឿងនេះមិនមែនជាល្ខោន គឺពិតជារឿងគំរូល្អសម្រាប់ពលរដ្ឋខ្មែរ តែបើជាឈុតឆាក គឺជាល្បែងប្រជាធិបតេយ្យមួយថ្មីទៀត។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា នេះគឺជាកាយវិការវិជ្ជមានមួយ ដែលបង្ហាញពីការទទួល ខុសត្រូវរបស់អ្នកដឹកនាំ។ លោកមានប្រសាសន៍បន្ថែមថា លោកចង់ឃើញអ្នកដឹកនាំទាំងអស់ទទួលស្គាល់ចំពោះសូវកំហុសរបស់ខ្លួន កុំអាងអំណាច និងតួនាទីលុបបំបាត់ការធ្វើខុសរបស់ខ្លួន ដូចជាករណីដែលធ្លាប់កើតមានកន្លងមកតំណាងរាស្ត្របើកបុកគេហើយរត់គេចមិនទទួលខុសត្រូវកំហុសរបស់ខ្លួន ដែលវាមិនមែនគម្រូល្អសម្រាប់ប្រជាពលរដ្ឋឡើយ។លោក មាស នី ៖«ខ្ញុំគិតអានេះគឺជាគម្រូល្អមួយ ប៉ុន្តែត្រង់ថាការយកប្រៀបចំណេញផ្នែកនយោបាយអាហ្នឹងជារឿងមួយវាផ្សេង ។ ប៉ុន្តែខ្ញុំថា អ្នកដឹកនាំត្រូវនាំគ្នារស់នៅពីក្រោមច្បាប់ទាំងអស់គ្នា កុំឱ្យមានអ្នកខ្លះនៅលើច្បាប់អ្នកខ្លះនៅក្រោមច្បាប់ដូចរាល់ថ្ងៃ»។
ដូចគ្នានឹងការលើកឡើងរបស់អ្នកតាមដានព្រឹត្តិការសង្គមខាងលើដែរ សម្តេចបានសរសេរលើកទំព័រហ្វេសរបស់ខ្លួនទៀតថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀត គ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍នោះដែរ នៅពេលដែលខ្លួនបំពានច្បាប់។
សម្តេចក៏បានអំពាវនាវដល់អ្នកគាំទ្រសម្ដេចទាំងអស់ កុំថ្នាំងថ្នាក់ជាមួយនគរបាលដែលផាកពិន័យសម្ដេច ហើយត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់។
ជុំវិញបញ្ហានេះលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា បើទោះបីជាតំណាងរាស្ត្រ ឬមន្ត្រីធំក្ដីគឺត្រូវតែមានការអនុវត្តឱ្យស្នើគ្នាចំពោះមុខច្បាប់ ព្រោះច្បាប់បង្កើតមកមិនមែនតែសម្រាប់អ្នកក្រនោះទេ គឺសម្រាប់គ្រប់គ្នា ជាពិសេសជិកសភាដែលអ្នកធ្វើច្បាប់ឱ្យគេអនុវត្ត។ យ៉ង់ គឹមអេង ៖«ខ្ញុំថាអានេះគឺបង្ហាញពីការអនុវត្តច្បាប់ដោយស្នើភាពគ្នាដែរ។ ម្យ៉ាងវិញទៀត ក៏មន្ត្រីប៉ូលីសចរាចរណ៍ ហ្នឹងក៏ប្រហែលជានឹងមិនហ៊ានផាកទេ ប្រសិនបើកុំតែសម្តេចប្រកាសឱ្យផាកនោះ»។
តែសម្រាប់អ្នកវិភាគគឺលោក មាស នី យល់ថា ការផាកពិន័យនេះនៅតែខុស ព្រោះសម្តេច ជិះម៉ូតូទាំងអត់ពាក់មួយសុវត្តិភាព និងគ្មានផ្លាកលេខម៉ូតូ ប៉ុន្តែបែរជាផាកតែមួយម៉ឺនប្រាំពាន់រៀល៖លោក មាស នី៖«អាហ្នឹងដូចគេនិយាយថាចេញមកម៉ាភ្លេតខុសហ្មង បើចេញយូរខុសកាន់តែច្រើន»។
កាលថ្ងៃទី ១៨ ខែមិថុនា សម្តេច ហ៊ុន សែន នៅពេលសម្តេចធ្វើដំណើរទៅចូលរួមបុណ្យសពលោកសាយ ភូថង នៅឯខេត្តកោះកុង សម្តេចបានជិះម៉ូតូឌុបបុរសម្នាក់នៅស្ពានកោះកុងដោយគ្មានពាក់មួកសុវត្តិភាព រីឯម៉ូតូវិញមិនមានផ្លាកលេខនោះទេ។
ស្របពេលជាមួយគ្នានោះដែរ សម្តេចបានឧបត្ថម្ភប្រាក់ចំនួន ១ពាន់ដុល្លារអាមេរិកឲ្យបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនោះ។
តាមច្បាប់ចរាចរណ៍ផ្លូវគោគថ្មីចែងថា អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរមិនពាក់មួកសុវត្តិភាព ត្រូវពិន័យមួយម៉ឺនប្រាំពាន់រៀល។ ចំពោះអ្នកបើកបរទោចក្រយានយន្តដោយគ្មានប័ណ្ណសម្គាល់ ឬផ្លាកលេខ នឹងត្រូវពិន័យបីម៉ឺនរៀល៕