ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច បានប្រកាសគាំទ្រការប្រកាន់គោលជំហររបស់សម្តេចនាយករដ្ឋមន្ត្រីដែលថា កម្ពុជាមិនជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូង តែអ្នកវិភាគថាកម្ពុជាសព្វថ្ងៃនេះ មានភាពលម្អៀងទៅរកចិនច្រើនជាងសមាជិកអាស៊ាន ។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជន ចេញនៅថ្ងៃទី ២២ ខែមិថុនា បានបញ្ជាក់ថា កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាព ប្រកាន់ជំហរអព្យាក្រិត និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍នេះបន្តថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង ហើយកម្ពុជាមិនចូលរួមចេញសេចក្តីថ្លែងការណ៍ណាមួយ ដែលគាំទ្រសាលដីការបស់តុលាការ មជ្ឈឹត្តការអន្តរជាតិពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ។
សេចក្តីថ្លែងការណ៍របស់បក្សកាន់អំណាច ក៏បានធ្វើការបដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាបានបំផ្លាញការចេញសេច ក្តីថ្លែងការណ៍រួមរបស់សមាគមអាស៊ានពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង ទាំងនៅទីក្រុង គុនមីញ ប្រទេសចិននាពេលថ្មីៗនេះ និងនៅភ្នំពេញកាលពីឆ្នាំ២០១២។
ផ្ទុយទៅវិញកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីរក្សាសាមគ្គីភាព និងសុខដុមរមនាក្នុងទំនាក់ទំនងអាស៊ានចិន។ ម្យ៉ាងទៀត បញ្ហាសមុទ្រចិនខាងត្បូងពុំមែនបញ្ហាអាស៊ានទេ។
កាលពីថ្ងៃចន្ទទី ២០ មិថុនានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្តែងកំហឹងដោយប្រើវោហាសាស្ត្រវាយប្រហារធ្ងន់ៗលើសមាជិកអាស៊ាន ជាពិសេសប្រទេសហ្វីលីពិន ដែលតែងតែចោទកម្ពុជាថា មានជំហរទន់ជ្រាយជាមួយចិនជុំវិញជម្លោះសមុទ្រចិនខាងត្បូង។ សម្ដេច ហ៊ុន សែន បញ្ចេញជំហរការពារគោលនយោបាយរបស់កម្ពុជា។
តែក្រុមអ្នកវិភាគមួយចំនួនដែលវិទ្យុស្ត្រីបានសុំសម្ភាសន៍ គឺពួកគេភាគច្រើនពិនិត្យឃើញចំនុចអវិជ្ជមានច្រើនជាងចំនុកវិជ្ជមានទៅថ្ងៃខាងមុខ ចំពោះការប្រកាន់ជំហររបស់បក្សកាន់អំណាច។ ពួកគេថា កម្ពុជាមិនអាចឈរនៅចំនុចកណ្ដាលបានទេនៅពេលនេះ ព្រោះកម្ពុជាត្រូវទន់ភ្លន់ជា មួយចិន ដោយពួកគេមើលឃើញចិនមានគុណប្រយោជន៍ច្រើនណាស់ ហើយជាពិសេសកម្ពុជាជំពាក់បំណុលចិនច្រើនពាន់លានដុល្លារ។
បើទោះជាយ៉ាងណាគណបក្សប្រជាជនកម្ពុជា ទទូចឱ្យភាគីពាក់ព័ន្ធ អត់ធ្មត់ និងកុំប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង ក្នុងការទំនាក់ទំនងលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីទុកលទ្ធភាពឱ្យភាគីពាក់ព័ន្ធ ដោយផ្ទាល់ដោះស្រាយជាមួយគ្នា ដោយប្រើប្រាស់យន្តការសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង និងខិតខំធ្វើការរួមគ្នារវាងអាស៊ាន និងចិន ដើម្បីធ្វើឱ្យសម្រេចបានក្រមប្រតិបត្តិ៕