en     km
en     km

​បទ​យកការណ៍​៖​ ប្រជា​នេសាទ​សមុទ្រ​ថា​ផល​នេសាទ​មានការ​ថយ​ចុះ

Share

កោះកុង៖ ​ការ​នេ​សា​ជា​មុខរបរ​មួយ​របស់​ប្រជា​ព​រដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ និង​សមុទ្រ​ ប្រកប​ប្រចាំ​ថ្ងៃ​ដើម្បី​ចិញ្ចឹមជីវិត​។​ នៅ​ពេល​នេះ​ប្រជា​នេសាទ​នៅ​កោះ​ខ្យង​ ដែល​ស្តិ​ត​ក្នុងភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​  បាន​ត្អូញត្អែរ​ពី​ផល​នេសាទ​ថយ​ចុះ​។​

​តើ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួប​បញ្ហា​អ្វីខ្លះ​ បន្ទាប់​ពី​ផលិតផល​នេសាទ​របស់​ពួក​គេ​ថយ​ចុះ​?​ តទៅ​នេះ​សូម​ ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ច្រឹ​ក​ ស្រី​អូន​៖

koskong-wmc-thum-01jpg
ប្រជានេសាទខេត្តកោះកុង ភូមិ​អង្គ​ឆ្អឺ​ត កំពុងប្រមូលនេសាទដែលរកបានតិចតួច។

​ព្រលឹម​ស្រាងៗ​ពន្លឺ​ព្រះ​អា​ទ្យិ​ចាប់ផ្តើម​រះ​ ជះ​រស្មី​មក​លើ​ផ្ទៃ​ទឹកសមុទ្រ​ដែល​កំដរ​ទៅ​ដោយ​សំឡេង​រលក​ទឹក​ សមុទ្រ​ និង​សំឡេង​សត្វ​យំ​ឆ្លើយឆ្លង​គ្នា​។​

បើ​មើលទៅ​លើ​ផ្ទៃ​ទឹក​ដែល​ចាំង​ព្រិចៗ​ ប្រដេញ​គ្នា​ក៏​មាន​ទូក​នេសាទ​ជា​ច្រើន​គ្រឿង​សំដៅ​មក​កំពង់​ដើម្បី​ចុះ​ចត​និង​ដាក់​ត្រី​ដែល​គេ​រកបាន​។​

​បុរស​ម្នាក់​ឈរ​នៅ​លើ​ទូក​ និង​កាន់​ឬ​ស្សី​មួយ​កំណាត់​ចាក់​ដោត​ទៅ​ក្នុង​ទឹក​ដើម្បី​ដោល​មក​កំពង់​នោះ​ គឺ​លោក​លាង​ ណោះ​។​ លោក​បាន​លើក​ឡើង​ថា​ លោក​បាន​ប្រកប​មុខរបរ​នេះ​មាន​រយៈ​ជាង​ ១០​ ឆ្នាំ​មក​ហើយ​។​ លោក​ថា​ ប្រាក់​ចំណូល​ដែល​លោក​អាច​រកបាន​គឺ​ប្រមាណ​ ៣​ ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ខណៈ​បណ្ដា​ឆ្នាំ​មុន​លោក​រក​ប្រាក់​បាន​ជិត​ ១០​ ម៉ឺន​រៀល​។​ លោក​ លាង​ ណោះ​ ៖«​ប្រាក់​ចំនូល​មួយ​ថ្ងៃ​អាច​រកបាន​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ហើយ​២​ ឬ​ ៣​ ថ្ងៃ​បាន​ទៅ​ម្តង​»​។​

​កណ្តាល​សាគរ​មើល​មិនឃើញ​កោះ​ មិនឃើញ​ត្រើយ​ គឺជា​រឿង​ដែល​គួរ​ឲ្យ​តក់​ស្លុក​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឆ្លងកាត់​។​
​លោក​ លាង​ ណោះ​ និយាយ​បន្ត​បែប​សំនៀង​អ្នក​ខេត្តកោះកុង​ថា​ ទោះបី​លោក​ជា​អ្នកនេសាទ​លោក​ក៏​នៅ​តែ​មាន​អារម្មណ៍​ភិតភ័យ​នៅ​ពេល​មាន​ព្យុះ​ភ្លៀង​នៅ​កណ្ដាល​សមុទ្រ​ និង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពេល​យប់​ដែល​ប្រ​ឈប​មុខ​និង​គ្រោះថ្នាក់​ខ្លាំង​។​ លោក​ លាង​ ណោះ​៖«​របស់​ការពារ​មាន​តែ​ពី​ដុ​ង​ទឹក​អ្វី​នឹង​ដាក់​ទៅ​តាម​ទូក​ទៅ​ ។​ ពី​ដុ​ង​ទឹក​អា​ចក​ការពារ​បាន​ តែ​យើង​អត់​ហ៊ាន​ទៅ​ឆ្ងាយ​ទេ​យើង​ទៅ​ជិតៗ​»​។​

koskong-wmc-thum-012pg
រូបចំណតទូកនេសាទនៅភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។

​ដោយសារ​តែ​ស្ថានភាព​បរិស្ថាន​មិន​អំណោយផល​ ធ្វើ​ឱ្យ​ការ​រក​ត្រី​កាន់តែ​ថយ​ចុះ​។​ លោក​ លាង​ ណោះ​ ថា​៤​ ឬ​ ៥​ឆ្នាំ​មុន​ មុខរបរ​នេសាទ​ទទួលផល​បាន​ច្រើន​ មិន​ដូច​ពេល​នេះ​ទេ​គឺ​ការ​នេសាទ​មិនសូវ​បាន​។​ លោក​ពន្យល់​ថា​ កត្តា​អ្នកនេសាទ​ប្រើ​ឧបការ​ណ៍​នេសាទ​ខុសច្បាប់​ និង​ទំនើបៗ​ គឺជា​ការ​បំផ្លាញ​សំបុក​ត្រី​ ខណៈ​ដើម​កោង​កាង​ ដែល​ជា​ជម្រក​ត្រី​ពង​កូន​ត្រូវ​បំផ្លាញ​។​ លោក​ លាង​ ណោះ​៖«​ផល​នេសាទ​ធ្លាក់​តើ​ពេល​មុខ​ចេញ​នេសាទ​មួយ​ថ្ងៃ​បាន​៤​ឬ​៥​ម៉ឺន​ ទៅ​ម្តង​៧​ឬ​៨​ម៉ឺន​ក៏​មាន​តែ​ឥឡូវ​អត់​។​ គេ​អនុញ្ញាតិ​ឲ្យ​នេសាទ​តែ​ខុស​ច្បាស់​ ជលផល​ហាមឃាត់​ដែរ​តែ​ហាម​ប្រាប់​មិន​ឈ្នះ​។​ ឧបករណ៍​នេសាទ​ត្រូវ​ច្បាប់​ខ្ញុំ​នេសាទ​ដាក់​មង​ ដាក់​អួន​អ​ញ្ចឹ​ង​ទោះ​»​។​

​ជុំវិញ​ការ​ធ្លាក់​ចុះ​ផល​នេសាទ​នេះ​លោក​ អ៊ុំ​ ទី​ ជា​មេ​ភូមិ​អង្គ​ឆ្អឺ​ត​បាន​រៀបរាប់​ថា​ លោក​បាន​បោះបង់​មុខរបរ​នេសាទ​ចោល​ ដោយសារ​តែ​លែង​ទទួល​បាន​ផល​ច្រើន​ដូច​ពី​មុន​។​ លោក​បាន​រំលឹក​ដូច​ច្នេះ​៖​នេសាទ​ពី​មុន​វា​ថោក​មែន​តែ​មួយ​ថ្ងៃៗ​យើង​នេសាទ​បាន​រាប់​សិប​គីឡូ​ ត្រី​អ្វី​ទៅ​ទម្លាក់​មង​មិន​បាន​ទេ​ តែ​ដក់​ទឹក​មក​វិញ​ដោះ​មិន​ឈ្នះ​ ហើយពី​មុន​មង​យើង​តិចៗ​ផង​»​។

ការ​នេសាទ​ពេល​នេះ​គេ​និយម​តែ​ឧបករណ៍​ទំនើបៗ​ ទោះបីជា​មានការ​ហាមឃាត​ពី​មន្ត្រី​ជលផល​ក៏​ដោយ​។​ ព្រោះតែ​ការ​នេសាទ​លែង​ប្រើ​ឧបករណ៍​បុរាណ​ បែប​នេះ​ទើប​ផល​ត្រី​បាត់បង់​ទៅ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​

​លោក​ អ៊ុំ​ ទី​ ជា​មេ​ភូមិ​អង្គ​ឆ្អឺ​ត​ បន្ត​ថា​អ្នក​ភូមិ​លោក​ប្រកប​របរ​នេះ​ប្រមាណ​ជា​ ៤០​ ភាគ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​ ១៥១​ គ្រួសារ​។​ លោក​ថា​ ប្រជាពលរដ្ឋ​បាន​រួម​គ្នា​ដាំ​ដើម​កោង​កាង​ឡើង​វិញ​ដើម្បី​រក្សា​ពូជ​ត្រី​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ពួក​វា​វិញ​។​ លោក​ អ៊ុំ​ ទី​ ជា​មេ​ភូមិ​អង្គ​ឆ្អឺ​ត​៖«​ដើម​កោង​កាង​ក្រុម​អ្នក​សហគមន៍​ជា​អ្នក​ដាំ​តែ​ខាង​ភូមិ​ក៏​ជួយ​ដែរ​។​គេ​ហៅ​ក្រុម​អ្នក​សហគមន៍​កោះ​ខ្យង​»​។​

koskong-wmc-thum-02pg
​លោក​ អ៊ុំ​ ទី​ ជា​មេ​ភូមិ​អង្គ​ឆ្អឺ​ត ដែលបានបោះបង់របបនេសាទមកប្រកបរបបកសិកម្មវិញ។

​តាម​របាយការណ៍​បូក​សរុប​ការងារ​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រចាំឆ្នាំ​ ២០១៥-២០១៦​ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៦-២០១៧​ ចេញផ្សាយ​ថ្ងៃ​ទី​ ២៥​ ឧសភា​ ២០១៦​ បាន​បង្ហាញ​ថា​ផល​នេសាទ​សមុទ្រ​ ឆ្នាំ​២០១៥​ បាន​ ១២០៥០០​តោន​ ស្មើរ​និង​ ១០៩,៥៥%​ នៃ​ផល​សរុប​ ១១០,០០០​តោន​បើ​ធៀប​ឆ្នាំ​មុន​មានការ​កើនឡើង​ ២៥០​តោន​ ដែល​ការ​បូក​សារុប​ផលិតផល​នេសាទ​ទូ​ទាំង​ប្រទេស​។​

​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ អ្នកនេសាទ​សមុទ្រ​នៅ​ភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​  នៅ​តែ​បារម្ភ​ពី​ប្រាក់​ចំណូល​របស់​ពួក​គាត់​កាត់​តែ​ថយ​ចុះ​ ។​

លោក​មេ​ភូមិ​អង្គ​ឆ្អឺ​ត​ លោក​ អ៊ុំ​ ទី​ ៖«​ឥឡូវនេះ​ទៅ​រក​មិន​បាន​មួយ​ញឹ​ងៗ​ផង​និង​ធ្វើ​ម៉ិច​រស់​ទោះ​វា​បាន​ថ្លៃ​ម៉ិច​ក៏​វា​មិន​ នេសាទ​បាន​តែ​ល្អមើល​នឹង​។​ ក្តាមថ្ម​កាល​ខ្ញុំ​នេសាទ​សុំ​គ្នា​ហូប​ ត្រី​សារ​ម៉ុង​មួយ​ថ្ងៃ​ដោះ​ចោល​ឆ្នាំ​នេះ​រកមុខ​ត្រី​សា​ម៉ុង​មួយ​មិនឃើញ​ផង​»​។​​

koskong-wmc-thum-03pg
រូបភាពខ្លះៗពីសកម្មភាពនេសាទក្នុងភូមិអ្នកនេសាទ ភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។
koskong-wmc-thum-04pg
រូបភាពខ្លះៗពីសកម្មភាពនេសាទក្នុងភូមិអ្នកនេសាទ ភូមិ​អង្គ​ឆ្អឺ​ត​ ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។

Share

Image
Image
Image