en     km
en     km

លោក​ សុ​ន​ ឆ័​យ​ សុំ​ឱ្យ​រដ្ឋាភិបាល​ លើកលែង​ការ​ចោទប្រកាន់​លោក​ ហុង​ សុខ​ហួរ​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​ថ្លែង​ចំអក​

Share

​ភ្នំពេញ៖ លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ កំហុស​របស់​លោក​ ហុង​ សុខ​ហួរ​ គឺជា​កំហុស​អ​ចេតនា​ របស់​លោក​តែ​ប៉ុណ្ណោះ​គឺ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ គ្មាន​បំណង​ដើម្បី​ វាយប្រហារ​ គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ​ ហើយ​លោក​ពិតជា​ពុំ​បានដឹង​ថា​ ផែនទី​នោះ​ក្លែងក្លាយ​ទេ​ ។​ លោក​ សុ​ន​ ឆ័​យ​ ថា​លោក​ ហុង​ សុខ​ហួរ​ គួរតែ​ត្រូវ​ទទួល​បានការ​ដោះ​លែង​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​

CNRP-thum-08-06-16
លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ

​ផ្ទុយ​ទៅ​វិញ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ សុ​ន​ ឆ័​យ​ គឺជា​រឿង​ចង់​សើច​ ។​ លោក​ថា​ លោក​ ហុង​ សុខ​ហួរ​ ជា​បញ្ញា​ជន​ហេតុ​អ្វី​លោក​មិន​ស្គាល់​ អ្វី​ជា​ទោស​ នាំ​ឱ្យ​មាន​កំហុស​ ។​

​អ្នកវិភាគ​យល់​ថា​ ការ​ប្រព្រឹត្ដិ​របស់​លោក​ ហុង​ សុខ​ហួរ​ មិនមែន​ដល់​ថ្នាក់​ មិន​អាច​និយាយ​គ្នា​បាន​នោះ​ទេ​ ហើយ​រាជរដ្ឋាភិបាល​គួរ​ពិ​រណា​សំណើរ​សុំ​នេះ​ឡើង​វិញ​ ។​ លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្តីរាយការណ៍​ ៖

 

​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ ដោយ​ចោទ​ពី​បទ​ក្លែង​ឯកសារ​ផែនទី​   លោក​បាន​ផ្ដាំផ្ញើ​ពាក្យ​សម្ដី​តាម​រយៈ​លោក​ សុ​ន​ ឆៃ​ ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ មិថុនា​ ថា​ លោក​គ្មាន​ចេតនា​អ្វី​ដែល​ចង់​បង្ក​ជា​ អំពើរ​អ​ស្ថេ​រ​ភាព​ក្នុង​សង្គម​នោះ​ឡើយ​ ។​

​លោក​ សុ​ន​ ឆ័​យ​ បញ្ជាក់​ថា​ ចំពោះ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​ ដែល​លោក​ ហុង​ សុខ​ហួរ​ បាន​យក​ទៅ​បង្ហោះ​និង​ធ្វើ​សេចក្ដីថ្លែងការណ៍​ កាលនោះ​ព្រោះ​លោក​ស្មានថា​វា​ជា​ឯកសារ​ ពិតប្រាកដ​ ព្រោះ​លោក​បានឃើញ​វា​នៅ​ក្នុង​គេហទំព័រ​មួយ​ យូរ​មក​ហើយ​ ។​

​លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែង​ថា​ លោក​ ហុង​ សុខ​ហួរ​ គ្មាន​បំណង​អាក្រក់​ប្រឆាំង​រដ្ឋាភិបាល​ទេ​ តែ​លោក​ថា​ គឺជា​រឿង​អ​ចេតនា​ របស់​លោក​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​តែ​ប៉ុណ្ណោះ​ ។​

​លោក​ សុ​ន​ ឆៃ​៖ «​ការ​ដែរ​ឯកឧត្ដម​ ហុង​ សុខ​ហួរ​ បង្ហោះ​ឯកសារ​កាលពី​ពេល​មុន​ និង​ ការ​ថ្លែងការណ៍​ផង​ គឺជា​កំហុស​អ​ចេតនា​ ហើយ​ការ​ចោទប្រកាន់​ថា​ គាត់​ទៅ​កកូ​កកាយ​ទៅ​វាយប្រហារ​គណបក្ស​ណាៗ​ ដែល​នាំ​ឲ្យ​មានការ​បាត់បង់​ប្រជាប្រិយ៍ភាព​ទេ​ ក្នុង​នាម​គាត់​ជា​សមាជិក​ព្រឹ​ត្ដ​សភា​ ហើយ​ក៏​ជា​ប្រធាន​គណ​ក​ម្មា​ការ​ប្រឆាំង​អំពើ​រពុក​រលួយ​ទៅ​ទៀត​ នេះ​ជា​ចំ​ណុ​មួយ​ដែល​គាត់​ផ្ដាំផ្ញើរ​ មក​ ហើយ​គាត់​សង្ឃឹមថា​ និង​ មានការ​យោគយល់​ពី​គណបក្សកាន់អំណាច​ ជួយ​សម្រួល​ដល់​តុលាការ​ដែល​អាច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន​ផង​»​ ។​

​ការ​ថ្លែង​របស់​លោក​ សុ​ន​ ឆ័​យ​ ធ្វើ​ឡើង​ក្នុង​ពិធី​ធ្វើ​សេចក្ដីថ្លែងការណ៍​ ប្រចាំ​ថ្ងៃ​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​លើ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​ មិថុនា​នេះ​ ។​

​ប៉ុន្ដែ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ ពុធ​ ទី​ ២២​ មិថុនា​ នេះ​ថា​ លោក​ ហុង​ សុខ​ហួរ​ ជា​អ្នកចេះ​ដឹង​ដែល​តែងតែ​អួត​ថា​ ខ្លួន​មាន​សញ្ញាបត្រ​មក​ពី​ក្រៅប្រទេស​ ។​
​លោក​ថា​ សម្ដី​របស់​លោក​ ហុង​ សុខ​ហួរ​ នេះ​គឺជា​ សម្ដី​ដោះសារ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​រ​របស់​ខ្លួន​ ។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ថែម​ថា​ ទោះជា​សំណើ​របស់​លោក​ ហុង​ សុខ​ហួរ​ យ៉ាងណា​ក៏​គណបក្ស​មិន​យក​មក​ពិចារណា​ទេ​ ព្រោះ​ទ​ង្វើ​ដែល​បាន​ធ្វើ​មក​ គឺជា​ការ​ប្រមាថ​ដល់​កិត្ដិយស់​គណបក្ស​ប្រជាជន​ និង​ មានគំនិត​ទុច្ចរិត​ចង់​បំភ័ន្ដ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ស្អប់​រាជរដ្ឋាភិបាល​ហើយ​ ដើម្បី​សំលាប់​ជីវិត​នយោបាយ​បក្ស​ប្រជាជន​ ។​

​លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​គឺ​មិន​លូកដៃ​ចូល​រឿង​កិច្ចការ​របស់​តុលាការ​ដែល​ជា​ ស្ថាន​ប័ណ្ណ​ឯករាជ្យ​នោះ​ឡើយ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «​ប្រការ​នេះ​គឺជា​និយាយ​ដោះសារ​ឬ​ការ​និយាយ​យករួចខ្លួន​ដើម្បី​សម្រាលទោស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ យើង​មើល​ឃ្លាំ​វី​ដេ​អូ​គាត់​ គាត់​ពន្យល់​យុវជន​ ហើយ​គាត់​បំផុស​យុវជន​ ថា​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​រំលាយ​ខ្សែបន្ទាត់​ព្រំដែន​ វៀតណាម​តើ​ខ្លឹមសារ​ហ្នឹង​មាន​ន័យ​យ៉ាងម៉េច​ ខ្ញុំ​យល់​ថា​នេះ​ជា​ឧ​បា​កល​ដ៏​ទុច្ចរិត​មួយ​ដែល​ចង់​បំបាក់ស្មារតី​ពលរដ្ឋ​ ហើយ​ចង់​សំលាប់​ជីវិត​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​»​ ។​

​រឿង​ក្ដី​របស់​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​ ចាត់ទុកជា​រឿង​នយោបាយ​ ។​ អ្នកវិភាគ​ខ្លះ​ ចាត់​ទុក​លោក​ ហុ​ខ​ សុខ​ហួរ​ ជា​អ្នក​ស្នេហា​ជាតិ​  ចេះ​ភ័យ​ខ្លាច​ពី​ការ​បាត់​ទឹកដី​ទៅ​ប្រទេស​ ជិតខាង​ ។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា​ ពលរដ្ឋ​ក្នុង​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ គឺ​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ដែល​ជា​ការ​យល់​ឃើញ​របស់​ពួក​គេ​ ។​

​លោក​ថា​ សម្រាប់​ករណី​លោក​ ហុង​ សុខ​ហួរ​ នេះ​គឺជា​រឿង​អ​យុ​ត្ដិ​ធ​ម៍​ ព្រោះតែ​លោក​បញ្ចេញមតិ​ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​ដែល​ គិត​គួរ​ពី​ទឹកដី​ប្រទេស​ប៉ុណ្ណោះ​ ។​ លោក​ថា​ ប្រសិនជា​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ មិន​មាន​សិទ្ធិ​ក្នុង​សម្ដែង​ចេញពី​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ មិន​ត្រឹមត្រូវ​ ហើយ​រដ្ឋាភិបាល​បិត​ ការ​បញ្ចេញមតិ​នោះ​មាន​ន័យ​ថា​ រដ្ឋាភិបាល​មិន​បាន​ចាត់​ទុក​ពលរដ្ឋ​ខ្លួនឯង​ជា​ម្ចាស់​ប្រទេស​ទេ​ ។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​បន្ដ​ថា​ ប្រសិនជា​គណបក្សកាន់អំណាច​យល់​ថា​ ទ​ង្វើ​របស់​លោក​ ហុង​ សុខ​ហួរ​ មានការ​ប៉ះពាល់​ដល់​កិត្ដិយស់​គណបក្ស​ធ្ងន់ធ្ងរ​ គណបក្ស​គួរ​ឲ្យ​លោក​ ហុង​ សុខ​ហួរ​ កែតម្រូវ​ ហើយ​គណបក្ស​គួរតែ​ចុះ​ទៅ​ជួប​ពលរដ្ឋ​តាម​ព្រំដែន​ដើម្បី​ពន្យល់​ ឲ្យ​យល់​ ពី​រឿង​ព្រំដែន​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ។​

​លោក​បណ្ឌិត​ មាស​ នី​ បញ្ជាក់​ថា​ ប្រសិនជា​អ្នកនយោបាយ​នៅ​កម្ពុជា​ ចេះ​តែ​ឈ្លោះ​គ្នា​មិន​ព្រម​ផ្សះផ្សា​គ្នា​បែប​នេះ​  នោះ​នឹង​នាំ​ពលរដ្ឋ​ខ្មែរ​ កាន់តែ​រង​ទុក្ខ​បន្ថែម​ពុំខាន​ ។​
​លោក​ មាស​ នី​៖​ «​ខ្ញុំ​គិត​ថា​ ប្រសិនជា​គណបក្សកាន់អំណាច​សព្វថ្ងៃ​ គាត់​មានការ​ប្រុង​ប្រយ័ត្ន​មែន​ សម្រាប់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ស្វាយ​រៀង​ ព្រៃវែង​ អី​រដ្ឋាភិបាល​គួរតែ​ចុះ​ទៅ​មើល​ពលរដ្ឋ​ដើម្បី​ពន្យល់​គាត់​ ឲ្យ​បាន​យល់​ ថា​ វា​យ៉ាងម៉េច​ ក៏​ប៉ុន្ដែ​បើ​មិន​អាច​ចុះ​ទៅ​មើល​បាន​ ពន្យល់​បាន​ វា​ទៅ​ជា​រឿង​ឆ្ងល់​វិញ​ ថា​រឿង​ព្រំ​ ដែល​ខ្មែរ​ទាំងអស់​គ្នា​ម្ដេច​មិន​អាច​ចុះ​ទៅ​មើល​បាន​ ចុះ​ទៅ​សម្របសម្រួល​បាន​ទៅ​វិញ​»​ ។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៥​សីហា​ ឆ្នាំ​២០១៥​ គឺ​ភ្លាមៗ​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​រិះគន់​វាយប្រហារ​លោក​ធ្ងន់ៗ​លើ​លោក​ ហើយ​ សម្ដេច​ ចោទ​លោក​ថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ ករណី​ លោក​ បកស្រាយ​ឯកសារ​មួយ​ ដែល​គេ​ថា​ក្លែងក្លាយ​ ហើយ​ឯកសារ​នេះ​និយាយ​ពី​ សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ វៀតណាម​  ឆ្នាំ​១៩៧៩​ ។​ លោក​ ហុង​ សុខ​ហួរ​ បាន​ព្យាយាម​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ តែ​ត្រូវ​បាន​បដិសេធ​ ៕​

Share

ព័ត៌មានទាក់ទង

Image