ភ្នំពេញ៖ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បានរួមគ្នាធ្វើការពិភាក្សាពិគ្រោះយោបល់ទៅលើ សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យបាន ៥០% គិតត្រឹមឆ្នាំ ២០១៩ និង ៧០% ក្នុងឆ្នាំ២០២៥ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីសាធារណជន និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការពិគ្រោះយោបល់នេះ ធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
អានដោយ សាក់ សំណាង
ការប្រើប្រាស់ថង់ប្លាស្ទិកច្រើនហួសហេតុ និងការប្រើមិនចំគោលដៅ រួមទាំងការបោះចោលពាសវាលពាសកាល បានបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់បរិស្ថាន។ នេះជាការលើកឡើងរបស់លោកលោក ម៉ក់ ប៊ុនធឿន មន្ត្រីគម្រោងរបស់អង្គការ ACRA ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីវិធានការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកបន្តថា ផលប៉ះពាល់នោះរួមមាន៖ ធ្វើឱ្យខូចគុណភាពដី គុណទឹក ធ្វើឱ្យត្រីងាប់ មានបម្រែបម្រួលអាកាសធាតុ និងប៉ះពាល់ដល់សុខភាព។ លើសពីនេះទៀត ថង់ប្លាស្ទិក បានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ស្ទះលូជាដើម។ ក្រៅពីនេះវាក៏ប៉ះពាល់ទេសចរណ៍ផងដែរ។
មន្ត្រីគម្រោងរូបនេះ បានឱ្យដឹងថានៅក្នុងប្រទេសកម្ពុជាការប្រើប្រាស់ថង់ប្លាស្ទិកមានច្រើនប្រភេទផ្សេងៗគ្នា និងមានគ្រប់ទំហំតាំងពីកម្រិតតូចបំផុត រហូតដល់ទំហំ ៣០ គីឡូក្រាម។ បើតាមការស្រាវជ្រាវរបស់លោក ទីផ្សារលក់បន្លែ និងត្រី គឺប្រើ ប្រាស់ថង់ប្លាស្ទិកច្រើនជាងគេ ដោយសារពួកគាត់ប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យោបាយដើម្បីវេចខ្ចប់។ បើតាមលោក ម៉ក់ ប៊ុនធឿន ក្នុងមួយថ្ងៃ អ្នកលក់ម្នាក់ចំណាយថង់ប្លាស្ទិកអស់យ៉ាងតិចមួយគីឡូ ហើយ មនុស្សម្នាក់ដែលរស់នៅទីប្រជុំជនក្នុងមួយថ្ងៃ ប្រើថង់ប្លាស្ទិកយ៉ាងតិចអស់ ៦គីឡូក្រាម។
ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកលោក ម៉ក់ ប៊ុនធឿន បានផ្តល់អនុសាសន៍ថា គួរតែហាមលើការលក់ និងប្រើប្រាស់ថង់តូច ស្តើង និងថង់ពណ៌ យកពន្ធលើអ្នកប្រើប្រាស់ដោយកំណត់តម្លៃអប្បបរមា ចំពោះការប្រើប្រាស់ថង់ប្លាស្ទិក បង្កើតគោលការណ៍បទដ្ឋាន និងផែនទីបង្ហាញផ្លូវសម្រាប់ជម្រើសថ្មីៗជំនួសថង់ប្លាស្ទិក និងអនុវត្តតំបន់គ្មានថង់ប្លាស្ទិកនៅតាមសាលា សកលវិទ្យាល័យ និងតំបន់ទេសចរណ៍។
ជុំវិញបញ្ហានេះដែរលោក ហេង ណារិន អគ្គនាយកនៃនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ថង់ប្លាស្ទិកគឺវត្ថុធាតុដែលមិនងាយរលាយរហូតដល់រាប់រយឆ្នាំ ទោះបីយកទៅកប់ក្នុងដីក៏ដោយ។ លោកថា ថង់ប្លាស្ទីកបានបង្កឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវិតមនុស្ស និងសត្វមិនថា ទៅបោះចោលលើដីគោក ក្នុងទឹក ឬយកទៅដុតចោលនោះទេ។
បើតាមលោក ហេង ណារិន ថ្វីត្បិតតែថង់ប្លាស្ទិកបង្កផលប៉ះពាល់ច្រើនដល់សង្គម និងបរិស្ថានយ៉ាងច្រើនក៏ដោយ ប៉ុន្តែកម្ពុជាមិនអាចកាត់បន្ថយការនាំចូលថង់ប្លាស្ទិកមួយរយភាគរយបាននោះទេ។ ដោយសារថង់ប្លាស្ទិកនៅតែជាតម្រូវការក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសក្នុងវិស័យផលិតកម្ម ដែលត្រូវការប្លាស្ទិកដើម្បីវេចខ្ចប់។
លោកជឿជាក់ថា វិធានការទី៣ ដែលបានដាក់បញ្ចូលក្នុងប្រកាសអន្តរក្រសួងដែលបានពិគ្រោះយោបល់នៅថ្ងៃនេះ នឹងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបាន ៥០% ក្នុងឆ្នាំ ២០១៩។ វិធានការទាំងបី រួមមាន ទី១.ទប់ស្កាត់ការនាំចូលថង់ ដែលមានកម្រាស់ក្រោម ៣០ មីក្រុងម៉ែត្រ និងមានរង្វាស់ទទឹងថង់ផ្នែកបាតខាងក្រោមធំជាង៣០ សង់ទីម៉ែត្រ ឬ១១.៥អ៊ីង, ទី២.ការនាំចូលថង់គ្រប់ប្រភេទ បើទោះបីជាថង់ត្រូវតាមខ្នាតកំណត់ក៏ដោយ នឹងត្រូវបង់អាករបន្ថែម១០% , និងទី៣. នៅតាមផ្សារទំនើប និងអាគារពាណិជ្ជកម្មធំៗ គឺត្រូវឱ្យអ្នកលក់គិតតម្លៃបន្ថែមលើថង់មួយ ៥០០រៀល ដល់អតីថិជន។
លោក ហេង ណារិន បានមានប្រសាសន៍ថា លោកនឹងជម្រុញយ៉ាងណា ដើម្បីឱ្យប្រកាសអន្តរក្រសួងស្តីពីវិធានការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះចេញក្នុងឆ្នាំ ២០១៦នេះ។
ប្រការ ៧ នៃប្រកាសអន្តរក្រសួងដែលកំពុងធ្វើការពិគ្រោះយោបល់នេះ បានបញ្ជាក់ថា ការចែកចាយថង់ប្លាស្ទិកដល់អតិថិជន ត្រូវបានគិតកម្រៃបន្ថែមចំនួន ៥០០ រៀល សម្រាប់ថង់ប្លាស្ទិកមួយ។ ប្រាក់ចំណូលដែលទទួលបានពីការយកកម្រៃបន្ថែមពីអតិថិជន ក្នុងនោះ ៤០%ត្រូវបង់ចូលក្នុងមូលនិធិទាយជ្ជទានបរិស្ថាន។ ជំហានដំបូងនៃវិធានការនឹងត្រូវដាក់ឱ្យអនុវត្តសាកល្បងនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន សង្ឃឹមថា ប្រកាសអន្តរក្រសួងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹង និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកាន់តែទូលំទូលាយថែមទៀត។លោក ស៊ូ សូវុធ៖«បើថង់មួយប្រាំរយ អញ្ចឹងបើថង់ប្រាំមួយគាត់ត្រូវបង់បីពាន់ អញ្ចឹងបើបីពាន់គាត់គិតថាច្រើនដែរ អញ្ចឹងគិតថាយកតែពីរបានហើយដាក់បានប្រើបាន។ អញ្ចឹងជាទម្លាប់ ពីមុនប្រជាជនយើងប្រជាជនយើងចង់បានថង់ហ្នឹងយកទៅប្រើទៀត មែនចង់បានទទេទេ ទៅផ្ទះគាត់ទុកប្រើទៀត ប៉ុន្តែបើតម្លៃមួយប្រាំរយ គាត់ថាចំណាយលុយឥតប្រយោជន៍ អញ្ចឹងគាត់ត្រូវកាត់បន្ថយ កាត់បន្ថយតាមការជាក់ស្តែង កាត់បន្ថយដោយឱ្យផ្សារទំនើបទាំងអស់នោះជួយយើងក្នុងការអនុវត្តគោលការណ៍ហ្នឹង»។
តាមសិក្សាស្រាវជ្រាវរបស់អង្គការ ACRA បានធ្វើការប៉ាន់ប្រមាណថា ជាមធ្យមអ្នករស់នៅទីប្រជុំជនម្នាក់ ប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ក្នុងមួយឆ្នាំ ដែលបរិមាណនេះ គឺច្រើនជាង១០ដង បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប និងប្រទេសចិន៕