USA៖ លោក Chaka Fattah សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ កែងបន្លំ ដែលរដ្ឋអាជ្ញានិយាយថា ជាការកេងចំណេញលើផលប្រយោជន៍ខ្លួនក្នុងឋានៈជាអ្នកនយោបាយ។
លោក Chaka Fattah អាយុ ៥៩ ឆ្នាំ ត្រូវបានរកឃើញកំហុសចំនួន ២៣ ករណី ក្នុងនោះមានការកេងបន្លំ និងការលាងលុយកង្វក់។ សមាជិកសភារូបនេះ នឹងត្រូវបានកំណត់ថាមានទោស ឬយ៉ាងណានោះ គឺនៅថ្ងៃទី៤ តុលា ខាងមុខនេះ ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Chaka Fattah គឺជាអ្នកតំណាងរាស្ត្រនៅរដ្ឋ West Philadelphia រយៈពេល ២០ ឆ្នាំមកហើយ។ លោកត្រូវបានកត់ត្រាចូលក្នុងបញ្ជីខ្មៅនៃសមាជិកសភាដែលប្រព្រឹត្តអំពើទុច្ចរិត។
ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ Nancy Pelosi និយាយថា បទចោទប្រឆាំងលោក Chaka Fattah គឺជារឿងគួរឱ្យសោកស្ដាយបំផុត។
តាមរដ្ឋអាជ្ញាមនុស្ស ៤ នាក់ទៀត ជាជំនួយការរបស់លោក ក៏ត្រូវបានចោទប្រកាន់ផងដែរ។ ចំណែកឯកូនប្រុសម្នាក់របស់ Fattah គឺលោក Chaka Fattah Jr ត្រូវបានកាត់ឱ្យមានទោស ៥ឆ្នាំ ករណីកេងបន្លំផងដែរ៕
ប្រភព:BBC