ភ្នំពេញ៖ ប្រមុខរាជដ្ឋាភិបាលសម្ដេចហ៊ុន សែន ព្រមានបក្សប្រឆាំងកុំឱ្យប្រឆាំងនឹង គំនិតផ្ដួចផ្ដើមរបស់សម្ដេច ចំពោះការលើកស្ទួយនិងការដឹងគុណ អតីតយុទ្ធជនពិការ ដោយ ផ្ដល់ជាលំនៅដ្ឋាន និងផ្ដល់ ប្រាក់ជូនសពយុទ្ធជនពិការ។ សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីប្រារព្វខួបទី ៩ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោ ស្រពកោះពេជ្រ នៅព្រឹកថ្ងៃអង្គារ៍នេះ។
ចំណែកគណបក្សសង្គ្រោះជាតិយល់ថា ការជួយដល់យុទ្ធជនដែលលះបង់ខ្លួនដើម្បីជាតិគឺ ជាការប្រសើរណាស់ ហើយថែមទាំអសាទចំពោះគោលគំនិតរបស់សម្ដេចទៀតផង។
តែអ្នកវិភាគក៏សាទរដូចគ្នាដែរ ប៉ុន្ដែពួកគេទទួចថា ប្រសិនជាការគិតគួរដល់អតីតយុទ្ធជនដែលពលីដើម្បីជាតិមែន គឺត្រូវជួយទាំងអស់គ្នាមិនត្រូវប្រកាន់ថាយុទ្ធជននោះមកពីគណបក្សមួយណាឡើយ។
ថ្លែងនៅជំពោះមុខយោធិនពិការរាប់សិបនាក់អ្នកនយោបាយដ៏ល្បីឈ្មោះមួយរូបនោះគឺសម្ដេច ហ៊ុន សែន បានបង្ហាញពី ទឹកចិត្ដគិតគួរដល់ក្រុមគ្រួសារយុទ្ធជនដែលបានពលីរូបកាយដើម្បីការពារទឹកដីជូនជាតិមាតុភូមិ ដោយក្នុងគ្រួសារនីមួយៗទាំងនោះ ទទួលបានការសាងសង់លំនៅដ្ឋាន និងផ្ដល់ប្រាក់ជូនសពយុទ្ធជនពិការ។
ប៉ុន្តែប្រមុខរាជដ្ឋាភិបាលសម្ដេច ហ៊ុន សែន ក៏បានព្រមានបក្សប្រឆាំងកុំឱ្យប្រឆាំងនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេច។សម្ដេច ហ៊ុន សែន៖«ប៉ុន្ដែរាជរដ្ឋាភិបាលក៏គួរមាននូវក្របខណ្ឌនៅថវិការមួយចំនួន ព្រោះនេះជាការចំណាយទៅលើកិច្ចការសង្គម ហើយបើសិនជាបក្សប្រឆាំងហ៊ានប្រឆាំងនឹងថវិការនេះ ខ្ញុំគិតថាយុទ្ធជនពិការរបស់យើងនឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំងជាមួយនឹងគំនិតផ្ដូចផ្ដើមរបស់ខ្ញុំនោះទេ ព្រោះនេះជាការជួយទៅដល់ជនពិការរបស់យើង»។
ចំណែកលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃអង្គារិ៍ទី ២១ មិថុនា នេះថា ជាគោលការណ៍គណបក្សសង្គ្រោះជាតិ តែងតែគាំទ្រជានិច្ច នៅគោលការណ៍របស់រាជរដ្ឋាភិបាល ដែលជួយដល់ជនក្រីក្រ ជនពិការ ធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅបានសមរម្យក្នុងជីវិតរបស់ពួកគាត់ ។
លោក សុន ឆ័យ បន្ដទៀតថា សម្ដេចនាយករដ្ឋមន្ដ្រីមិនគួរបារម្ភជ្រុលពេករហូតដល់ថ្នាក់បញ្ចេញជាសារ គំរាមកំហែងដល់គណបក្សដែលនៅក្រៅរដ្ឋាភិបាលនោះទេ ។ លោកបន្ថែថា អ្វីដែលរាជរដ្ឋាភិបាលធ្វើក្នុងគោលបំណងការពារពលរដ្ឋគ្រប់រូបឲ្យបានរួចផុតពីក្ដីទុក្ខវេទ នា និងការជិះជាន់ពីការរំលោភសិទ្ធិ គឺគណបក្សសង្គ្រោះជាតិមានការសាទរជានិច្ច តែលោកទទូចថា ប្រសិនជាសម្ដេច ជួយដល់ជនពិការហើយត្រូវបន្ដជួយជនក្រីក្រដែលត្រូវរំលោភយកដីធ្លីបន្ថែមទៀតគឺកាន់តែប្រសើរ។លោក សុន ឆៃ៖«ជាគោលការណ៍គណបក្សសង្គ្រោះជាតិ គឺតែងតែគាំទ្រនៅការលើកស្ទួយជនពិការ ជនក្រីក្រដើម្បីឲ្យពួកគាត រស់នៅបានសមរម្យ ហើយខ្ញុំយល់សម្ដេច នាយករដ្ឋមន្ដ្រីលោកមិនគួរ បារម្ភជ្រុលពេក ដល់ថ្នាក់គំរៀមដល់យើងខ្ញុំដែលជា គណបក្សក្រៅរដ្ឋាភិបានោះទេ ហើយបើសម្ដេចនាយករដ្ឋមន្ដ្រី អាចជួយអ្នកក្រីក្រទាំងជនពិកា ទាំងអ្នកដែលត្រូវគេរំលោភយកដីធ្លី បានពួកយើងរឹតតែគាំទ្រ»។
ពាក់ព័ន្ធរឿងនេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា លោកមានក្ដីសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេច ដែលជួយគិតគួរដល់អតីតយោធិនពិការដែលបានស្លាប់ទៅហើយ និង ក្រុមគ្រួសាររបស់ពួកគេ ។ លោកបន្ដថា ការជួយបុគ្គលដែលខំប្រឹងប្រែងដើម្បីជាតិ លោកជឿងថា គ្មានអ្នកណាទៅរិះគន់នោះឡើយ ហើយការធ្វើល្អមិនគួរខ្លាចការរិះគន់ទេ ។
ក៏ប៉ុន្ដែអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម រូបនេះមានប្រសាសន៍ទៀតថា ប្រសិនជាសម្ដេចមានបំណងចង់ជួយដល់យោធិនពិការបាត់បង់អវយវៈ និងក្រុមគ្រួសារពួកគេដោយសារការពារទឹកដីដោយចិត្ដស្មោះមែន លោកថា ការជួយគឺត្រូវតែជួយទាំង អស់ដោយមិនត្រូវប្រកាន់ថា យោធិនពិការនោះមកពីគណបក្សណានោះទេ ពីព្រោះតែពួកគេសុទ្ធសឹងតែជាពលរដ្ឋខ្មែរដូចគ្នា។ លោក មាស នី៖«ខ្ញុំគិតថា ការជួយទៅលើយោធិនពិការហ្នឹងគួរតែជួយឲ្យបានគ្រប់គ្នា ព្រោះកាលពីសម័យច្បាំងគ្នា គឺមានទាហ៊ានមកពីគ្រប់គណបក្ស ហើយដល់ឥឡូវទាហ៊ានពិការខ្លះមួយជីវិតទៅហើយគ្នាមិនបានអីផង នេះដោយ សារអ្នកទាំង នោះមកគណបក្សផ្សេង ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាលត្រូវគិតគួររឿងនេះឡើងវិញឲ្យស្នើរភាពគ្នា»។
ក្នុងពិធីរបស់ជនពិការនេះ សម្ដេចបានប្រកាសឱ្យអ្នកមានប្រាក់ជួយឧបត្ថម្ភដល់គម្រោងផ្ដួចផ្ដើមរបស់ សម្ដេចដោយប្រកាសថា បានទទួលប្រាក់ជាង ១លាន ៣សែនដុល្លារ សម្រាប់សាងសង់ផ្ទះជិត ៣៥០ខ្នង ជូនអតីតយុទ្ធជន។ក្នុងពេលជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសថា គ្រួសាររបស់សម្តេចជួយដល់ក្រុមគ្រួសារអតីតយុទ្ធជនមរណភាព ១០០សពហើយ សពមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤លានរៀល៕