ក្រុងប៉េកាំងៈ គ្រោះទឹកជំនន់ដ៏អាក្រក់មួយបានសម្លាប់មនុស្ស 22 នាក់នៅភាគខាងត្បូងប្រទេសចិន ហើយមនុស្ស ២០ ទៀតបានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។ អាជ្ញាធរបញ្ជាក់ថា ភ្លៀងនឹងនៅតែបន្តធ្លាក់នៅរយៈពេល ៣ថ្ងៃខាងមុខទៀត។
មនុស្សប្រហែល 200.000 នាក់មកពីខេត្តចំនួន ៨ នៃតំបន់ភាគខាងត្បូងប្រទេស រួមមាន ហ៊ូបីង,ស៊ីចូវ,ជាំងស៊ូវ,ជីងស៊ី, យូណាន,សេនយ៉ាង និង អានហ៊ុយ ត្រូវបានបង្ខំឱ្យជម្លៀសចេញ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងកិច្ចការស៊ីវិលដែលចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ព្យុះបានបង្កឱ្យកំពស់ទឹកនៅក្នុងទន្លេឡើងខ្ពស់រហូតដល់កម្រិតគ្រោះថ្នាក់។ ជាងនេះទៅទៀត កម្រិតទឹកក៏បានបង្កឱ្យមានការខូចខាតដំណាំ និងផ្ទះ10,500 ខ្នងបានដួលរលំ។
អ្នករាយការណ៍ព័ត៌មាន Xinhua បានឱ្យដឹងទៀតថា បាតុភូតធម្មជាតិលើកនេះបាន បង្កការខាតបង់សេដ្ឋកិច្ចប្រមាណ 7,34 ពាន់លានយន់ ស្មើនឹង1,1 ពាន់លានដុល្លារ។
ទីភ្នាក់ងារស៊ីនហួបានឱ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ ក្នុងជំនន់ទឹកភ្លៀងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ប្រទេសចិនជាញឹកញាប់ត្រូវទទួលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ និងគ្រោះរញ្ជួយដី។ ជារៀងរាល់ឆ្នាំ បញ្ហាទឹកជំនន់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងជាច្រើនក្នុងប្រទេសធំមួយនេះ។
មន្ត្រីចិនបានព្រមានពីឥទ្ធិពលទឹកជំនន់ឆ្នាំនេះ ដោយកើតចេញពីបាតុភូត El Nino ដែលនឹងបង្កឱ្យសីតុណ្ហភាពឡើងកម្តៅនៅតំបន់ប៉ាស៊ីភីច ហើយផលប៉ះពាល់នេះក៏និងបង្កការខូចខាតដល់ដំណាំ ព្រៃឈើផងដែរ។ ជាងនេះទៅទៀតគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនិងកើតមានទូទាំងពិភពលោកផងដែរ។
ប្រភព: Reuters