ហ្សាការតា: ទឹកជំនន់ និងការស្រុតដីបានឆក់យកជីវិតប្រជាជនឥណ្ឌូនេស៊ី ៤៧ នាក់បន្ថែម គិតត្រឹមល្ងាចថ្ងៃទី ២០ មិថុនាម្សិលមិញ។ គ្រោះធម្មជាតិនេះ បានវាយប្រហារមកដែនលើកោះ ចាវ៉ា(Java) ឬកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការឱ្យដឹងពីទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី (BNPB)។

អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះមហន្តរាយ (BNPB) លោក Sutopo Nugroho និយាយថា មនុស្សយ៉ាងហោចណាស់ 15 នាក់បានបាត់ខ្លួន ហើយជនរងគ្រោះភាគច្រើនគឺរស់នៅស្រុក Puworejo ស្ថិតតាមឆ្នេរសមុទ្រភាគខាងត្បូងកោះ ចាវ៉ា។
គួរកត់សម្គាល់ថា នារដូវប្រាំងឆ្នាំនេះ ដែនកោះចាវ៉ា ឬកោះជ្វា ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃសៅរ៍ ភ្លៀងបានបន្តធ្លាក់អស់រយៈពេលជាង 10 ម៉ោង ដែលធ្វើឱ្យផ្នែកមួយចំនួននៅកោះចាវ៉ានេះទទួលរងការលិចលង់។
ក្រុមការងារស្វែងរក និងជួយសង្គ្រោះកំពុងប្រតិបត្តិការរុករកអ្នកដែលបានបាត់ខ្លួនក្នុងគ្រោះមហន្តរាយនេះ។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី( BNPB) បានឱ្យដឹងទៀតថា បុគ្គលិកជាង 200 មកពីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ ព្រមទាំងកងទ័ព ប៉ូលីស និងអ្នកស្ម័ចិត្តពីសហគមន៍ផ្សេងៗក៏បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។
ជាងនេះទៅទៀតបុគ្គលិក 250 នាក់បន្ថែមទៀត ត្រូវគេរំពឹងថានឹងចូលរួមក្នុងប្រតិបត្តិការស្វែងរកនេះ និងអាចបន្តរហូតដល់ថ្ងៃសុក្រ។
លោក Sutopo និយាយថា ថ្នាក់គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលការឧបត្តម្ភពីរដ្ឋាភិបាលកំពុងដឹកជញ្ជូនសម្ភារៈ និងថវិកាមកជួយជនរងគ្រោះ។
លោកបន្តថា បាតុភូត ឡាលីណា ដែលជាបាតុភូតម្យ៉ាងអាចបង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លាំងនៅចុងសប្តាហ៍នេះ នឹងអាចបណ្តាលឱ្យមានគ្រោះមហន្តរាយទៀតផង។ លោកបន្តថា ដែនកោះចាវ៉ានេះ នឹងត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍ចុងក្រោយនេះ។
ជាការកត់សម្គាល់ គ្រោះទឹកជំនន់ និងការបាក់ដី បានក្លាយជារឿងសាមញ្ញទៅហើយក្នុងប្រទេសឥណ្ឌូនេស៊ីនេះ។ មានមនុស្សជាង 200 នាក់បានស្លាប់ដោយគ្រោះទឹកជំនន់ និងការបាក់ដី ជាងនេះទៀតឧបទ្ទេវហេតុនេះបានកើតឡើងជាង 1,000 ករណីនៅឆ្នាំនេះ។
ប្រជាជនប្រមាណ ៤១ លាន់នាក់ ត្រូវគេប៉ាន់ប្រមាណឃើញថា កំពុងរស់នៅតំបន់ដែលសម្បូរគ្រោះមហន្តរាយនៃប្រទេសអាស៊ីអាគ្នេយ៌មួយនេះ៕
ប្រភព :CNA