en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ តើ​កូន​អ្នកក្រ​អាច​ក្លាយជា​តំ​ណា​រាស្ត្រ​បាន​បើ​គ្មាន​លុយ​ចូលបក្ស​?

Share

ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា​ តើ​កូន​អ្នកក្រ​ជា​យុវជន​អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន​ដែរ​ឬទេ​?​ ខណៈ​ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​ឃោសនា​ទាក់ទាញ​យុវជន​ថា​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​ក្រីក្រ​បាន​ធ្វើ​ការងារ​ធំ​ដំ​ ឬ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ជាដើម​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ និង​សិក្ខាកាម​នៃ​សាលា​ភូមិ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ មិថុនា​នេះ​។​ តែ​អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​ថា​ ប្រសាសន៍​របស់​សម្ដេច​អាច​ជា​ការ​ធ្វើ​យុវជន​បាក់ទឹកចិត្ត​ដើម្បី​ជួយ​សង្គម​។

 

Youth
​រូបនិស្សិត​ និង​សិក្ខាកាម​នៃ​សាលា​ភូមិ​រដ្ឋបាល ដែលបានចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ មិថុនា​នេះ។

ខណៈ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​មាន​គណបក្ស​នយោបាយ​ខ្លះ​បាន​ឃោសនា​នយោបាយ​របស់​ខ្លួន​ទៅ​ដល់​យុវជន​ថា​ យុវជន​ក្រីក្រ​អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ប្រសិនបើ​ចូលរួម​សកម្មភាព​បក្ស​របស់​ខ្លួន​។

តាម​រយៈ​ការ​លើក​ទ្បើ​ង​នោះ​ដែរ​សម្តេច​ ហ៊ុន​ សែន​ បាន​ចោទ​ជា​សំណួរ​ថា​ តើ​យុវជន​ក្រីក្រ​អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន​ដែរ​ឬទេ​?​ បើ​គណបក្ស​នយោបាយ​ទាំងនោះ​តំរូវ​ឱ្យ​បង់ប្រាក់​ចូល​ក្នុង​បក្ស​របស់​គេ​នោះ​?​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ស្នើ​ឱ្យ​ប្រជាជន​ និង​យុវជន​ពិចារណា​អំពី​ករណី​នេះ​ផង​ដែរ​។​ សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច​ ហ៊ុន​ សែន​៖«​គណបក្ស​នយោបាយ​ខ្លះ​គេ​ថា​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ទៅ​ដើម្បី​ឱ្យ​យុវជន​ធ្វើ​នាយក​រដ្ឋមន្ត្រី​បាន​ច្រើន​ ឱ្យ​អ្នក​ក្រីក្រ​បាន​ធ្វើ​ជា​សមាជិក​សភា​ឥលូវ​តើ​អាច​ជឿ​បាន​ឬទេ​?​ ទៅ​ឃោសនា​ទាក់ទាញ​យុវជន​ថា​ធ្វើ​ម៉េច​ឱ្យ​យុវជន​ក្រីក្រ​បាន​ធ្វើការ​ធំ​ដំ​ ឬ​ឈរ​ជា​តំណាងរាស្ត្រ​រហូត​ដល់​ឈរ​ជា​រដ្ឋមន្ត្រី​ ប៉ុន្តែ​ដល់​ពេល​បោះ​ឆ្នោត​តំរូវ​ឱ្យ​បង់ប្រាក់​ដើម្បី​ឈរឈ្មោះ​អា​ឈរ​លេខ​០១​ បង់​ច្រើន​ អា​ឈរ​លេខ​០២​បង់​តិចៗ​ ឥលូវ​ដាក់​ជា​សំណួរ​ថា​តើ​កូន​អ្នក​ក្រី​មាន​លុយ​បង់​ឬ​អត់​?​ យើង​សួរ​ជា​អ​ញ្ចឹ​ង​វិញ​ បក្សនយោបាយ​នានា​ បក្ស​ណា​បក្ស​ហ្នឹង​មាន​បញ្ហា​បើ​សូវ​នៅ​ឱ្យ​ស្ងៀម​តែ​គ្រាន់តែ​ស្នើ​ឱ្យ​ប្រជាជន​ពិចារណា​»​។​

ជុំវិញ​ការ​លើក​ទ្បើ​ង​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ដែរ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ហៅ​កាត់​ថា​ PDP​ លោក​ យ៉ង់​ គី​ម​អេ​ង​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ កន្លង​មកនេះ​គ្រប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​មាន​សរសេរ​ចេញ​ជា​គោលនយោបាយ​ច្បាស់លាស់​ ពី​ការ​លើកកម្ពស់​យុវជន​ឱ្យ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​នោះ​ទេ​ ភាគច្រើន​យុវជន​ច្រើន​តែ​អ្នកនយោបាយ​ប្រើប្រាស់​ច្រើន​ជាង​។​

​លោក​ យ៉ង់​ គី​ម​អេ​ង​ បន្ត​ថា​ កុំ​ថា​ទ្បើ​យ​យុវជន​អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន​នោះ​ ត្រឹមតែ​ក្នុង​រចនាសម្ព័ន្ធ​បក្ស​ក៏​ពុំ​សូវ​មាន​យុវជន​បម្រើ​ការងារ​ដែរ​។​ ​លោក​សង្កត់ធ្ងន់​ថា​ យុវជន​គ្មាន​ឱកាស​ក្លាយជា​សមាជិក​សភា​បាន​ទ្បើ​យ​ បើ​គណបក្ស​នយោបាយ​គ្មាន​គោល​ការ​ណ៏​ច្បាស់​លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​នោះ​។​ លោក​ យង់​ គី​ម​អេ​ង​៖«​ពាក់ព័ន្ធ​នឹង​រឿង​ឱកាស​របស់​យុវជន​នេះ​យើង​ឃើញ​ថា​មិនមែន​ត្រឹមតែ​ឈរ​ជា​តំណាងរាស្ត្រ​ទេ​សូ​ម្បី​តែ​នៅ​ក្នុង​រចនាសម្ព័ន្ធ​បក្ស​ក៏​អត់​សូវ​មាន​ទៀត​បាទ​ហើយ​បើ​មាន​តែ​ខ្សែ​ស្រ​ទ្បា​យ​ដែល​ជា​កូន​ថ្នាក់ដឹកនាំ​បក្ស​ ខ្ញុំ​ថា​ដោយសារ​តែ​គណបក្ស​នយោបាយ​អត់​មាន​គោលការណ៍​ច្បាស់លាស់​ដូច្នេះ​យុវជន​ទាំងអស់​ហ្នឹង​មិន​អាច​មានឱកាស​ក្លាយជា​សមាជិក​សភា​បាន​ទេ​»​។​

​ចំណែក​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ លោក​ សំ​ គ​ន្ធា​មី​ បាន​លើក​ទ្បើ​ង​ថា​ ប្រសាសន៍​របស់​សម្តេច​ ហ៊ុន​ សែន​ អាច​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​បាក់ទឹក ចិត្ត​ ដោយសារ​ពួក​គេ​អាច​គិត​ថា​ខ្លួន​គ្មាន​ថិ​វ​កា​មិន​អាច​ក្លាយជា​តំណាងរាស្ត្រ​បាន​ទេ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​យុវជន​នៅ​តែ​អាច​ក្លាយជា​តំណាងរាស្ត្រ​បាន​។​ ពួក​គេ​មាន​ជំនឿ​ចិត្ត​ពីព្រោះ​លោក​យល់​ថា​ បើ​គណបក្ស​នយោបាយ​មាន​ឆ​ន្ទះ​ពិតប្រាកដ​ចង់​លើក​ស្ទួយ​យុវជន​ឱ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ គឺ​ពួក​គេ​នឹង​មានឱកាស​អាច​ក្លាយជា​តំណាងរាស្ត្រ​ទោះបីជា​យុវជន​ទាំងនោះ​ក្រីក្រ​ក៏​ដោយ​។​ លោក​ សំ​ គ​ន្ធា​មី​៖​ «​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​អត់​បាន​លើកទឹកចិត្ត​ទៅ​ដល់​យុវជន​នោះ​ទេ​ធ្វើ​ឱ្យ​បាក់ទឹកចិត្ត​វិញ​ទេ​ ដល់​យុវជន​គាត់​ស្តាប់​ថា​គាត់​អត់​មាន​លុយ​ គាត់​ចង់​ចូលរួម​នយោបាយ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្តី​គាត់​អស់​ទឹកចិត្ត​ហើយ​ ចំនុច​នេះ​តាម​ពិត​យុវជន​អាច​ក្លាយជា​តំណាងរាស្ត្រ​ហើយ​ល្អ​ជាង​មនុស្ស​ចាស់ៗ​ផង​ ព្រោះ​អី​យុវជន​កាលណា​គាត់​មាន​តួនាទី​ជា​មេដឹកនាំ​គឺ​គាត់​មានគំនិត​ច្រើន​អភិវឌ្ឍ​ជាតិ​»​។​

​យោង​តាម​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជំពូក​ទី​០៧​ មាត្រា​ ៧៦​ កថាខណ្ឌ​ទី​ ០២​ បាន​ចែង​ថា​ តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ជាស​កល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​នីតិវិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់​។​

​ចំណែក​កថាខណ្ឌ​ទី​ ០៤​ បាន​ចែង​ថា​អ្នក​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គឺ​ប្រជា​ពល​ រដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​អាយុ​យ៉ាងតិច​ ២៥​ ឆ្នាំ​ មាន​សញ្ជាតិ​ខ្មែរ​តាំងពី​កំណើត​៕​

Share

Image
Image
Image