ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៏ថា តើកូនអ្នកក្រជាយុវជនអាចឈរឈ្មោះជាតំណាងរាស្ត្របានដែរឬទេ? ខណៈដែលគណបក្សនយោបាយមួយចំនួន បានឃោសនាទាក់ទាញយុវជនថាធ្វើយ៉ាងណាឱ្យយុវជនក្រីក្របានធ្វើការងារធំដំ ឬឈរឈ្មោះជាតំណាងរាស្ត្រជាដើម។ ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រដល់និស្សិត និងសិក្ខាកាមនៃសាលាភូមិរដ្ឋបាលនៅព្រឹកថ្ងៃចន្ទទី២០ មិថុនានេះ។ តែអ្នកជំនាញកិច្ចការបោះឆ្នោតថា ប្រសាសន៍របស់សម្ដេចអាចជាការធ្វើយុវជនបាក់ទឹកចិត្តដើម្បីជួយសង្គម។
ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិកាន់តែខិតជិតមកដល់សម្តេច ហ៊ុន សែន បានថ្លែងថាមានគណបក្សនយោបាយខ្លះបានឃោសនានយោបាយរបស់ខ្លួនទៅដល់យុវជនថា យុវជនក្រីក្រអាចឈរឈ្មោះជាតំណាងរាស្ត្រប្រសិនបើចូលរួមសកម្មភាពបក្សរបស់ខ្លួន។
តាមរយៈការលើកទ្បើងនោះដែរសម្តេច ហ៊ុន សែន បានចោទជាសំណួរថា តើយុវជនក្រីក្រអាចឈរឈ្មោះជាតំណាងរាស្ត្របានដែរឬទេ? បើគណបក្សនយោបាយទាំងនោះតំរូវឱ្យបង់ប្រាក់ចូលក្នុងបក្សរបស់គេនោះ? សម្តេច ហ៊ុន សែន ក៏បានស្នើឱ្យប្រជាជន និងយុវជនពិចារណាអំពីករណីនេះផងដែរ។ សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន៖«គណបក្សនយោបាយខ្លះគេថាកំណត់អាណត្តិនាយករដ្ឋមន្ត្រីទៅដើម្បីឱ្យយុវជនធ្វើនាយករដ្ឋមន្ត្រីបានច្រើន ឱ្យអ្នកក្រីក្របានធ្វើជាសមាជិកសភាឥលូវតើអាចជឿបានឬទេ? ទៅឃោសនាទាក់ទាញយុវជនថាធ្វើម៉េចឱ្យយុវជនក្រីក្របានធ្វើការធំដំ ឬឈរជាតំណាងរាស្ត្ររហូតដល់ឈរជារដ្ឋមន្ត្រី ប៉ុន្តែដល់ពេលបោះឆ្នោតតំរូវឱ្យបង់ប្រាក់ដើម្បីឈរឈ្មោះអាឈរលេខ០១ បង់ច្រើន អាឈរលេខ០២បង់តិចៗ ឥលូវដាក់ជាសំណួរថាតើកូនអ្នកក្រីមានលុយបង់ឬអត់? យើងសួរជាអញ្ចឹងវិញ បក្សនយោបាយនានា បក្សណាបក្សហ្នឹងមានបញ្ហាបើសូវនៅឱ្យស្ងៀមតែគ្រាន់តែស្នើឱ្យប្រជាជនពិចារណា»។
ជុំវិញការលើកទ្បើងរបស់សម្តេច ហ៊ុន សែន នេះដែរនាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា PDP លោក យ៉ង់ គីមអេង បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា កន្លងមកនេះគ្រប់គណបក្សនយោបាយនៅកម្ពុជាមិនទាន់មានសរសេរចេញជាគោលនយោបាយច្បាស់លាស់ ពីការលើកកម្ពស់យុវជនឱ្យចូលរួមក្នុងគណបក្សនយោបាយនោះទេ ភាគច្រើនយុវជនច្រើនតែអ្នកនយោបាយប្រើប្រាស់ច្រើនជាង។
លោក យ៉ង់ គីមអេង បន្តថា កុំថាទ្បើយយុវជនអាចឈរឈ្មោះជាតំណាងរាស្ត្របាននោះ ត្រឹមតែក្នុងរចនាសម្ព័ន្ធបក្សក៏ពុំសូវមានយុវជនបម្រើការងារដែរ។ លោកសង្កត់ធ្ងន់ថា យុវជនគ្មានឱកាសក្លាយជាសមាជិកសភាបានទ្បើយ បើគណបក្សនយោបាយគ្មានគោលការណ៏ច្បាស់លើកកម្ពស់ការចូលរួមរបស់យុវជននោះ។ លោក យង់ គីមអេង៖«ពាក់ព័ន្ធនឹងរឿងឱកាសរបស់យុវជននេះយើងឃើញថាមិនមែនត្រឹមតែឈរជាតំណាងរាស្ត្រទេសូម្បីតែនៅក្នុងរចនាសម្ព័ន្ធបក្សក៏អត់សូវមានទៀតបាទហើយបើមានតែខ្សែស្រទ្បាយដែលជាកូនថ្នាក់ដឹកនាំបក្ស ខ្ញុំថាដោយសារតែគណបក្សនយោបាយអត់មានគោលការណ៍ច្បាស់លាស់ដូច្នេះយុវជនទាំងអស់ហ្នឹងមិនអាចមានឱកាសក្លាយជាសមាជិកសភាបានទេ»។
ចំណែកនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC លោក សំ គន្ធាមី បានលើកទ្បើងថា ប្រសាសន៍របស់សម្តេច ហ៊ុន សែន អាចធ្វើឱ្យយុវជនមួយចំនួនបាក់ទឹក ចិត្ត ដោយសារពួកគេអាចគិតថាខ្លួនគ្មានថិវកាមិនអាចក្លាយជាតំណាងរាស្ត្របានទេ។
ទោះបីជាយ៉ាងនេះក្តី លោកនៅតែមានជំនឿចិត្តថាយុវជននៅតែអាចក្លាយជាតំណាងរាស្ត្របាន។ ពួកគេមានជំនឿចិត្តពីព្រោះលោកយល់ថា បើគណបក្សនយោបាយមានឆន្ទះពិតប្រាកដចង់លើកស្ទួយយុវជនឱ្យចូលរួមក្នុងវិស័យនយោបាយ គឺពួកគេនឹងមានឱកាសអាចក្លាយជាតំណាងរាស្ត្រទោះបីជាយុវជនទាំងនោះក្រីក្រក៏ដោយ។ លោក សំ គន្ធាមី៖ «ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីអត់បានលើកទឹកចិត្តទៅដល់យុវជននោះទេធ្វើឱ្យបាក់ទឹកចិត្តវិញទេ ដល់យុវជនគាត់ស្តាប់ថាគាត់អត់មានលុយ គាត់ចង់ចូលរួមនយោបាយជាបេក្ខជនតំណាងរាស្ត្រក្តីគាត់អស់ទឹកចិត្តហើយ ចំនុចនេះតាមពិតយុវជនអាចក្លាយជាតំណាងរាស្ត្រហើយល្អជាងមនុស្សចាស់ៗផង ព្រោះអីយុវជនកាលណាគាត់មានតួនាទីជាមេដឹកនាំគឺគាត់មានគំនិតច្រើនអភិវឌ្ឍជាតិ»។
យោងតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី០៧ មាត្រា ៧៦ កថាខណ្ឌទី ០២ បានចែងថា តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមនីតិវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
ចំណែកកថាខណ្ឌទី ០៤ បានចែងថាអ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគឺប្រជាពល រដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត៕