en     km
en     km

វិភាគ​៖​ កម្ពុជា​នឹង​ឯកោ​បើ​បង្ហាញ​ជំហរ​គាំទ្រ​ចិន​ជ្រុល​ពេក​ តែ​មន្ត្រី​កម្ពុជា​បដិសេធ​

Share

ភ្នំពេញ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ ដោយ​បាន​ប្រកាស​យ៉ាង​សង្កត់ធ្ងន់ៗ​ថា​ កម្ពុជា​នឹង​មិន​ចូលរួម​ដាច់ខាត​នូវ​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​ នៃ​សមាគម​អាស៊ាន​ប្រឆាំង​និង​ប្រទេស​ចិន​។​

សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ចំអក​ឱ្យ​ប្រទេស​មួយ​នៃ​សមាជិក​អាស៊ាន​ ដែល​ព្យាម​យាម​ទាញ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​សម្ដេច​អះអាង​ថា​ កម្ពុជា​មិន​គាំទ្រ​ដាច់ខាត​សាលដីកា​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​សម្រេច​លើ​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​សម្ដេច​ថា​ ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អាស៊ាន​។​

​ជុំវិញ​ការ​បង្ហាញ​ជំហរ​បែប​នេះ​ អ្នកវិភាគ​យល់​ឃើញ​ថា​ ជា​ការ​ប្រសើរ​ដែល​កម្ពុជា​មាន​ជំហរ​ផ្ទាល់ខ្លួន​រឹង​មាំ​ ក៏​ប៉ុន្ដែ​ពួក​គេ​ទទូច​ថា​ កម្ពុជា​មុន​ធ្វើ​អ្វីមួយ​ត្រូវ​យក​ផលប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​ជា​ធំ​ គឺ​មិន​ត្រូវ​បង្ហាញ​ជំហរ​គាំទ្រ​ចិន​ជ្រុល​ពេក​នោះ​ទេ​។​

 

hun-sem-20-06-16-thum
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​មេដឹកនាំ​កម្ពុជា​និង​មេដឹកនាំ​ចិន​ តែ​តែង​ដោះ​ដូរ​ទស្សនកិច្ច​ជាមួយ​គ្នា​គឺ​ទាំង​មេដឹកនាំ​កំពូល​ និង​មេដឹកនាំ​ជាន់ខ្ពស់​។​ ទស្សនកិច្ច​ម្ដងៗ​គឺ​កម្ពុជា​តែង​ទទួល​បានការ​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​ប្រាក់​ ឬ​កម្ចី​ជា​ច្រើន​រយ​លាន​ដុល្លារ​ពី​ទីក្រុង​ប៉េ​កាំ​ង​ គឺ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​ ការ​ផ្ដល់​ជួយ​របស់​ចិន​ ក៏​ផ្ដើម​ឱ្យ​មានការ​ចោទសួរ​ពី​ឥទ្ធិពល​ចិន​មក​លើ​ កម្ពុជា​។​

​ជា​ការ​ពិត​ ប្រទេស​ធំ​ពីរ​នៅ​អាស៊ី​អាគ្នេយ៍​គឺ​ហ្វី​លី​ពី​ន​ និង​វៀតណាម​ កំពុង​មាន​ជំ​លោះ​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​នៃ​ប្រជុំ​កោះ​ស្ត្រា​ត​លី​ នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ ករណី​នេះ​ គឺ​ក្រុង​ហាណូយ​ និង​ក្រុង​ម៉ានីល​ មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​។​ បន្ថែម​លើ​នេះ​ទៀត​ ជប៉ុន​ក៏​នៅ​ពីក្រោយ​ប្រទេស​សមាជិក​អាស៊ាន​នេះ​ដែរ​ ខណៈ​ ក្រុង​តូ​ក្យូ​កំពុង​មាន​ជំ​លោះ​ជាមួយ​ចិន​អំពី​ដែនទឹក​សមុទ្រ​ចិន​ខាងកើត​។​ ជប៉ុន​ និង​ចិន​ ដណ្ដើម​កាន់កាប់​ប្រជុំ​កោះ​សេន​កា​កូ​ ដែល​ចិន​ហៅ​ដាយ​យូ​។​

ផ្ដើម​ឱ្យ​មានការ​ព្រួយបារម្ភ​ទៀត​នោះ​ សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ធំ​មួយ​នៅ​ក្នុង​ពិភពលោក​បាន​ឆក់​ឱកាស​បញ្ចេញ​ឥទ្ធិពល​មក​លើ​វៀតណាម​ និង​ហ្វី​លី​ពី​ន​។​

ជា​ញឹកញាប់​ អា​មេ​រិ​កបាន​បើក​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ផ្នែក​កងទ័ព​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ពីរ​នេះ​ ក្រោម​រូបភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​ ដែល​គេ​ហៅ​ថា​ ពង្រឹង​សន្តិសុខ​តំបន់​ ហើយ​ជា​រឿយៗ​ក្រុង​ប៉េ​កាំ​បាន​ថ្កោលទោស​អា​មេ​រិ​ក​យ៉ាង​ខ្លាំង​។​

ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​សង្កេតការណ៍​មួយ​ចំនួន​បារម្ភ​នោះ​ គឺ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ហាក់ដូចជា​ប្រទេស​បំ​រើម​ហិ​ច្ឆិ​តា​របស់​ចិន​ ទោះបី​កម្ពុជា​អះអាង​ថា​ ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ក៏​ដោយ​។​ ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​នៅ​ឆ្នាំ​ ២០១២​ កម្ពុជា​ត្រូវ​បាន​ស្ដីបន្ទោស​ថា​ មិន​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ជា​ថ្មី​ទៀត​កាលពី​ស​ប្ដា​ហ៍​មុន​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ ធ្វើ​ឱ្យ​អាស៊ាន​មិន​អា​ចរក​មតិរួម​គ្នា​ដើម្បី​ប្រឆាំង​ចិន​។​   ដូចនេះ​ហើយ​ មើលទៅ​បានជា​អ្នក​សង្កេតការណ៍​មួយ​ចំនួន​វាយតំលៃ​ថា​ ជំហរ​របស់​កម្ពុជា​ហាក់ដូចជា​ទោរទន់​ ឬ​ក៏​រណប​ទីក្រុង​ប៉េ​កាំ​ង​ច្រើន​ជាង​ការ​ប្រកាន់​ជំហរ​ក្នុង​នាម​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​។

​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២០​ មិថុនា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សម្តែង​កំហឹង​ដោយ​ប្រើ​វោហា​សាស្ត្រ​វាយ​ធ្ងន់ៗ​លើ​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​ហ្វី​លី​ពិន​ ដែល​តែងតែ​ចោទ​កម្ពុជា​ថា​មាន​ជំហរ​ទន់ជ្រាយ​ជាមួយ​ចិន​ ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​ សម្ដេច​ ហ៊ុន​ សែន​ បញ្ចេញ​ជំហរ​ការពារ​គោលនយោបាយ​របស់​កម្ពុជា​។​ សម្ដេច​ថា​ កុំ​ប្រមាថ​កម្ពុជា​បើ​ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​ក្ដី​ គឺ​កម្ពុជា​មាន​ទស្សនៈ​វែង​ឆ្ងាយ​ជាង​ប្រទេស​អស់លោក​។​ សម្ដេច​ ហ៊ុន​ សែន​៖«​យើង​អត់​មាន​ ខាត​អ្វី​ជាង​កាលពី​ឆ្នាំ​២០១២​នោះ​ទេ​ដែល​គេ​ធ្វើ​បាន​យើង​នោះ​ទេ​ ឥឡូវ​មិន​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​ក៏​គ្មាន​អ្នក​ណា​ងាប់​ដែរ​កុំ​ឆ្ងល់​។​បើ​គាត់​ចង់វាយ​គ្នា​គាត់​វាយ​ទៅ​កុំ​ឲ្យ​ទាស់​ក្បាល​កម្ពុជា​ច្រើន​ពេក​ប៉ុន្តែ​ពួក​គាត់​មិន​វាយ​គ្នា​ទេ​ គាត់​សម្របសម្រួល​គ្នា​តែ​គាត់​ប្រើ​យើង​ទៅ​ជល់​ជាមួយ​ចិន​ នែក​រឿង​វា​អ​ញ្ចេះ​ ដែល​វា​យ៉ាប់​នោះ​តែ​កម្ពុជា​សូម​បញ្ចា​ក់​ជំហរ​ខ្លួន​ឲ្យ​ច្បាស់​ កម្ពុជា​មិន​ធ្វើ​អា​យ៉ង​របស់​អ្នក​ណា​នោះ​ទេ​»​។​

hun-sen-pre
រូបសម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធរោងចក្ររបស់ចិនក្នុងខេត្តកោះកុងនាពេលកន្លងទៅ។

​នៅ​ប្រហែលជា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ​ នឹង​ចេញ​សាលដីកា​មួយ​ តាម​បណ្ដឹង​របស់​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​ប្ដឹង​ចិន​ករណី​ចូលលុក​លុយ​ដែនទឹក​របស់​ហ្វី​លី​ពី​ន​ ហើយ​សាលដីកា​នេះ​ ទំនង​នឹង​ធ្វើ​ឱ្យ​ក្រុង​ប៉េ​កាំ​ង​ខកចិត្ត​ ព្រោះ​ប្រទេស​មហាអំណាច​មួយ​នេះ​បដិសេធ​ចូលខ្លួន​ការពារ​ក្ដី​តប​ទល់​ក្រុង​ម៉ានីល​។​ ប្រទេស​ហ្វី​លី​ពិន​បាន​ប្ដឹង​ចិន​តាំងពី​ឆ្នាំ​ ២០១២​ ។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សិក្ខាកាម​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​កាលពី​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ប្រកាន់​ជំហរ​នយោបាយ​ការ​បរទេស​អ​ព្យា​ក្រឹត្យ​ ដោយ​មិន​ទៅ​រណប​នឹង​ចិន​ឬ​ប្រទេស​ណា​នោះ​ទេ​។​ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា​ ជំហរ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​គឺ​ឯករាជ្យ​ មិន​រណប​ប្រទេស​ណាមួយ​ឡើយ​។​ ប៉ុន្តែ​សម្ដេច​វាយប្រហារ​លើ​ហ្វី​លី​ពី​ន​ថា​ នៅ​ពេល​ប្ដឹង​ទៅ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ បែរជា​មិន​បាន​សួរនាំ​កម្ពុជា​ ហើយ​បែរជា​ចង់ឱ្យ​កម្ពុជា​ជួយ​ខ្លួន​ទៅ​វិញ​ គឺ​មិន​អាច​ធ្វើ​ដូចនេះ​ឡើយ​ ។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​រិះគន់​ឯកអគ្គរដ្ឋទូត​ប្រទេស​មួយ​ចំនួន​ដែល​ព្យាយាម​បញ្ចុះ​ប​ញ្ជូ​ល​សម្ដេច​ ឱ្យ​គាំទ្រ​សាលដីកា​របស់​តុលាការអន្តរជាតិ​នេះ​ ខណៈ​សម្ដេច​អះអាង​ថា​ចិន​ គឺជា​ដៃគូ​ដ៏​ធំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​។​ សម្ដេច​ ហ៊ុន​ សែន​៖«​ ជាង​មួយ​ខែ​មុន​អគ្គរដ្ឋទូត​ប្រទេស​មួយ​មុន​ មិនមែន​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ទេ​មក​ដល់​ផ្ទះ​ខ្ញុំ​សុំ​ឲ្យ​គាំទ្រ​ចេញ​សេចក្តីសម្រេច​។​ ខ្ញុំ​និយាយ​ទុក​អ​ញ្ចឹ​ង​តែ​ម្តង​រឿង​ន​យោ​បា​ប្រឆាំង​ចិន​ ខ្ញុំ​សូម​ប្រកាស​ជំ​ហ៊រ​របស់​កម្ពុជា​មិន​ចូលរួម​សេចក្តីថ្លែងការណ៍​ណា​ទាំងអស់​ លើ​ការ​គាំទ្រ​ចេញ​សេ​ក្តី​សម្រេច​របស់​តុលាការ​ កម្ពុជា​អត់​ចេញ​ព្រោះ​មិនមែន​ជា​រឿង​នេះ​ ជា​រឿង​ហ្វី​លី​ពី​ន​ ហ្វី​លី​ពី​ន​ប្តឹង​ចិន​ អ​ញ្ចឹ​ង​ទុក​ឲ្យ​ហ្វី​លី​ពី​ន​និង​ ចិន​ជា​អ្នក​ដោះស្រាយ​ជាមួយ​គ្នា​ទៅ​ ម៉ិច​បានជា​ចាំបាច់​ត្រូវ​មក​ឲ្យ​អាស៊ាន​គាំទ្រ​ ហើយ​រឿង​អាស៊ាន​គាំទ្រ​និង​ទៀត​ រឿង​ដែល​គួរ​ឲ្យ​សួរ​ តុលាការ​មិន​ ដឹង​បែ​មុខ​ទៅ​ណា​ផង​ មក​ស្នើ​ឲ្ត​យើង​គាំទ្រ​ ចុះ​បើសិនជា​កាត់​ឲ្យ​ចិន​ឈ្នះ​ តែបើ​ចិន​ឈ្នះ​ក៏​មិន​ទទួលយក​ដែរ​ព្រោះ​ចិន​អត់​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​មួ​នេះ​ទេ​»​។​

​តើ​ជំហរ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ពិត​កម្ពុជា​ពិត​ឬទេ​?

​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​បាន​សុំ​សម្ភាសន៍​បាន​វិភាគ​លើ​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​នេះ​ ពួក​គេ​ភាគច្រើន​ពិនិត្យ​ឃើញ​ចំនុច​អវិជ្ជមាន​ច្រើន​ជាង​ចំនុក​វិជ្ជមាន​។​ ពួក​គេ​ថា​ កម្ពុជា​មិន​អាច​នៅ​ចំនុចកណ្ដាល​បាន​ទេ​ គឺ​អាច​ទន់ភ្លន់​ជា មួយ​ចិន​ច្រើន​ជាង​ ព្រោះ​ចិន​មានគុណ​ប្រយោជន៍​ច្រើន​ណាស់​ ហើយ​ជា​ពិសេស​កម្ពុជា​ជំពាក់​បំណុល​ចិន​ច្រើន​ពាន់​លាន​ដុល្លារ​។​

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ យល់​ឃើញ​ថា​ ការ​បង្ហាញ​ជំហរ​របស់​នាយក​រដ្ឋមន្ដ្រី​ដែល​ហាក់ដូច ជា​គាំទ្រ​ទៅ​លើ​ប្រទេស​ចិន​ ដែល​នេះ​អាច​បណ្ដាល​មក​ពី​ប្រទេស​កម្ពុជា​ និង​ ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ដ​និង​គ្នា​យូរ​មក​ផង​ ហើយ​ម្យ៉ាងវិញទៀត​ ចិន​ក៏​ជា​ម្ចាស់បំណុល​លើ​កម្ពុជា​ ជា​ច្រើន​សិប​ពាន់​លាន​ដុល្លា​ថែម​ទៀត​ទើប​កម្ពុជា​ត្រូវ​បង្ហាញ​ការ​គ្រែង​រអាចិត្ដ​ដល់​ម្ចាស់បំណុល​របស់​ខ្លួន​ដូច្នេះ​។​

​លោក​ថា​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ គឺ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ចម្លែក​អ្វី​ទេ​ ព្រោះ​រឿង​នេះ​ អ្នកវិភាគ​ បាន​គិត​ទុក​រួច​ហើយ​ថា​ នឹង​កើតឡើង​ ព្រោះតែ​កម្ពុជា​បាន​បង្ហាញ​បំណង​ចង់​រារាំង​សេចក្ដីថ្លែងការណ៍​រួម​របស់​សមាគម​អាស៊ាន​ តាំងពី​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​មក​ម្ល៉េះ​។​ លោក​បណ្ឌិត​ មាស​ នី​៖​ «​ការ​បង្កា​ញ​ជំហរ​ របស់​កម្ពុជា​បែប​នេះ​ អ​ញ្ចឹ​ង​ទោះបីជា​ថ្ងៃក្រោយ​ចង់​ឬ​មិន​ចង់​ គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​រស់នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​ ហើយ​ក៏​ត្រូវ​ស្ថិត​នៅ​ស្ថានភាព​មួយ​ដែល​ឯកោ​ ផ្នែក​នយោបាយ​ នៅ​ក្នុង​តំបន់​អាស៊ាន​ ព្រោះតែ​ជម្លោះ​សមុទ្រ​ចិន​»​។​

Meas-Ny
​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ ។

​បើ​គេ​ពិនិត្យ​ទៅ​លើ​សក្ដានុពល​ទំហំ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ចិន​មក​លើ​កម្ពុជា​បច្ចុប្បន​នេះ​ គឺ​មាន​ភាព​លើសលប់​ជាងគេ​។​ តាម​រយៈ​នេះ​ សមិទ្ធិ​ផល​មួយ​ចំនួន​ដូច​ជា​ ស្ពាន​ ថ្នល់​ទំនើបៗ​សុទ្ធតែ​ជា​ប្រាក់​កម្ចី​បាន​មក​ពី​ប្រទេស​ចិន​។​ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ភាគច្រើន​ក៏​ជា​ផ្នែក​មួយ​នៃ​វិនិយោគទុន​របស់​ចិន​ដែរ​។​ ចំណូល​បាន​មក​ពី​វិស័យ​កាត់ដេរ​ត្រូវ​បាន​មើលឃើញ​ថា​ អាច​ជួយ​ទ្រទ្រង់​លំនឹង​សេដ្ឋកិច្ច​ និង​លំនឹង​នយោបាយ​របស់​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​មួយ​ផ្នែក​ផង​ដែរ​។​

​កាលពី​ឆ្នាំ​ ២០១២​ ជនជាតិ​ចិន​អ៊ុយ​ហ្កើ​ ជា​ច្រើន​សិប​នាក់​ត្រូវ​បាន​កម្ពុជា​ចាប់បង្ខំ​ឲ្យ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ ដែល​ពួក​គេ​ទៅ​ដល់​ប្រទេស​ចិន​ហើយ​នោះ​ គឺ​ត្រូវ​នាំ​ទៅ​ដាក់​ព​ន្ធា​គារ​ដោយ​កាត់ទោស​ពី​បទ​ប្រឆាំង​រដ្ឋអំណាច​ចិន​។​ តែ​នៅ​ពេល​នោះ​ កម្ពុជា​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្សជាតិ​ និង​អន្ដរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​ថា​ ជា​រដ្ឋ​ដែល​រំលោភសិទ្ធិ​មនុស្ស​និង​ធ្វើ​តាម​ការ​ចង់បាន​របស់​ក្រុង​ប៉េ​កាំ​ង​។​

​ភ្លាមៗ​បន្ទាប់​ពី​ក្រុម​អ៊ុយ​ហ្កើ​បាន​បញ្ជូន​ឲ្យ​ទៅ​ជាប់គុក​នៅ​ប្រទេស​ចិន​ គឺ​ចិន​បាន​ផ្ដល់​ជំនួយ​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា​រាប់រយ​លាន​ដុល្លារ​ថែម​ទៀត​។​ ទាំងនេះ​ហើយ​ដែល​អ្នកវិភាគ​ និង​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​កម្ពុជា​ហាក់ដូចជា​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។​

​សាស្ដ្រាចារ្យ​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ដូច្នេះ​អាច​ជាប់​ពាក់ព័ន្ធ​ និង​សម្ព័ន្ធភាព​រវាង​គ្នា​និង​គ្នា​យូរ​មក​ហើយ​។​ ក៏​ប៉ុន្ដែ​លោក​ថា​ កម្ពុជា​ត្រូវ​តែ​ថ្លឹងថ្លែង​ផល​ខាត​ និង​ផល​ចំណេញ​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ដ​ធ្វើ​អ្វីមួយ​ដូច​ករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​ជាដើម​ ។​ លោក​យល់​ថា​ ជម្រើស​របស់​កម្ពុជា​មិនមែន​តែ​ប្រទេស​ចិន​មួយ​ដែល​ជា​មិត្ដ​អាច​ជួយ​អភិវឌ្ឍន៍​ប្រទេស​ឡើយ​ ។​

​លោក​ សូ​ ច​ន្ថា​ បន្ថែម​ថា​ ប្រសិនជា​កម្ពុជា​ចង់​បង្ហាញ​ជំហរ​អ​ព្យា​ក្រឹត្យ​របស់​ខ្លួន​មែន​ កម្ពុជា​គួរតែ​ព​ង្រឹ​ក​គោលនយោបាយ​ការ​បរទេស​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ ព្រោះ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​ និង​ជួយ​ពលរដ្ឋ​ខ្មែរ​ឲ្យ​គេច​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាង​បាន​ច្រើន​ ហើយ​វា​ប្រសើរ​ជា​ជាង​ការ​ងាក​ទៅ​រក​ចិន​ហើយ​បិទ​ច្រក​សេដ្ឋកិច្ច​កម្ពុជា​។​ លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​យល់​ថា​ កម្ពុជា​គួរ​បង្ហាញ​ភាព​ល្អូកល្អើន​ ជាមួយនឹង​សហគមន៍​អាស៊ាន​ ពីព្រោះ​កាលណា​យើង​លើ​ឡើង​ពី​សហ​គម​មួយ​ មាន​ន័យ​ថា​ យើង​អាច​ ដោះ​ដូរ​សេដ្ឋកិច្ច​ជាមួយនឹង​សហគមន៍​នោះ​ វា​ល្អជា​ជាង​ការ​បង្ហាញ​ថា​យើង​ ជា​ប្រទេស​ផ្ដាច់ខ្លួន​ ឬ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​នោះ​ ព្រោះ​វា​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ជាតិ​ទេ​»​។​

so-chantha-thum
​សាស្ដ្រាចារ្យ​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​។

​តែ​បែប​នេះ​ក្ដី​កម្ពុជា​បាន​បដិសេធ​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ហើយ​អះអាង​ថា​ មិនមែន​តែ​កម្ពុជា​ម្នាក់​ទេ​ដែល​ធ្វើ​ឲ្យ​អាស៊ាន​មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ជុំវិញ​ការ​មិន​គាំទ្រ​សេចក្ដីថ្លែងការណ៍​រួម​របស់​សមាគម​អាស៊ាន​ លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ គឺជា​រឿង​ត្រឹមត្រូវ​។​ លោក​សំអាង​ហេតុផល​ថា​ ដោយ​យោង​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា​ ប្រទេស​ដែល​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​ គឺ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ និង​ប្រទេស​ដទៃ​នោះ​ទេ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ថា​ ប្រសិនជា​កម្ពុជា​គាំទ្រ​សេចក្ដីថ្លែងការណ៍​រួម​របស់​សមាគម​អាស៊ាន​ គឺ​ បញ្ជាក់​ថា​ កម្ពុជា​ ធ្វើ​ខុសច្បាប់​នៃ​សមាគម​អាស៊ាន​។​ លោក​បន្ដ​ថា​ ការ​ប្រកាន់​ជំហរ​ពេល​នេះ​ គឺ​កម្ពុជា​មិន​ខុស​ធម្ម​នុ​ញ្ញា​អាស៊ាន​ទេ​ ដូច្នេះ​ទោះបីជា​អ្នក​ណា​មើល​មក​កម្ពុជា​យ៉ាងម៉េច​ នោះ​ជា​រឿង​របស់​អ្នក​ដែល​មើល​ប៉ុណ្ណោះ​។​ លោក​ សុខ​ ឥ​សាន្ដ​៖«​បើសិនជា​យើង​ ចេញ​ជា​សេចក្ដីថ្លែងការណ៍​រួម​ហើយ​ មក​កាត់សេចក្ដី​ថា​ អ្នក​នេះ​ធ្វើ​បែប​នេះ​ អ្នក​នោះ​ធ្វើ​បែប​នោះ​ បាន​សេចក្ដី​ថា​ យើង​កំពុង​តែ​ជ្រៀត​ជ្រេ​ក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​ហើយ​ អ​ញ្ចឹ​ង​វា​មិន​ស្រប​ទៅ​ខ្លឹមសារ​ធម្មនុញ្ញ​របស់​សមាគម​ន៍​អាស៊ាន​ទេ​ »​។​

sok-eysan-thum-07-06-16
លោក​ សុខ​ ឥ​សាន្ត ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​មានការ​កត់​សំគាល់ថា​ ទីក្រុង​ប៉េ​កាំ​ង​ហាក់ដូច​ប្រញាប់​ខ្លាំង​និង​ការ​ឆ្លើយ​តប​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ហ្គើ​រី​ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២៦​ មក​រា​ ដោយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ចិន​បាន​កោះ​អ​ញ្ចើ​ញ​រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​ គឺ​លោក​ហោ​ ណាំ​ហុង​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ដែល​ទស្សនកិច្ច​នេះ​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ចិន​ប្រហែលជា​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឡើង​វិញ​មក​លើ​កម្ពុជា​។​

​ករណី​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ឥឡូវនេះ​ បាន​ធ្លាក់​ដល់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ICJ​។​ ​កាលពី​ខែ​ក​ញ្ញ​ឆ្នាំ​ ២០១៥​ តុលាការអន្ដរជាតិ​មួយ​នេះ​ បាន​បើ​សំណុំរឿង​សាកសួរ​ដើមចោទ​ គឺ​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ករណី​ប្ដឹង​ប្រទេស​ចិន​ ប៉ុន្តែ​ចិន​មិន​បាន​ចូលខ្លួន​ការពារ​ក្ដី​នេះ​ទេ​។​

​ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ ព្រុយ​ណេ​ និង​កោះ​តៃវ៉ាន់​បាន​អះអាង​រៀងៗ​ខ្លួន​ថា​ តំបន់​នៃ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ក៏​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ពួក​គេ​ដែរ​។​

​បន្ថែម​លើ​នេះ​ទីក្រុង​ប៉េ​កាំ​ង​បាន​ស្ថា​ប័​នា​កោះ​សប្ប​និម្មិត​ចំនួន​បី​កន្លែង​នៅ​ទីនោះ​ ដែល​ធ្វើ​ឲ្យ​ហ្វី​លី​ពី​ន​ និង​វៀតណាម​ ជំទាស់​យ៉ាង​ខ្លាំង​។​ មក​ដល់​ពេល​នេះ​ចិន​បាន​អូស​កាំភ្លើង​ធំ​ និង​យន្តហោះ​ចម្បាំង​ដាក់​ពង្រាយ​លើ​កោះ​នោះ​រួច​ហើយ​ ៕​

Share

Image
Image
Image