ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាលាភូមិន្ទរដ្ឋបាល ដោយបានប្រកាសយ៉ាងសង្កត់ធ្ងន់ៗថា កម្ពុជានឹងមិនចូលរួមដាច់ខាតនូវការចេញសេចក្តីថ្លែងការណ៍រួម នៃសមាគមអាស៊ានប្រឆាំងនិងប្រទេសចិន។
ជុំវិញការបង្ហាញជំហរបែបនេះ អ្នកវិភាគយល់ឃើញថា ជាការប្រសើរដែលកម្ពុជាមានជំហរផ្ទាល់ខ្លួនរឹងមាំ ក៏ប៉ុន្ដែពួកគេទទូចថា កម្ពុជាមុនធ្វើអ្វីមួយត្រូវយកផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ គឺមិនត្រូវបង្ហាញជំហរគាំទ្រចិនជ្រុលពេកនោះទេ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមេដឹកនាំកម្ពុជានិងមេដឹកនាំចិន តែតែងដោះដូរទស្សនកិច្ចជាមួយគ្នាគឺទាំងមេដឹកនាំកំពូល និងមេដឹកនាំជាន់ខ្ពស់។ ទស្សនកិច្ចម្ដងៗគឺកម្ពុជាតែងទទួលបានការសន្យាផ្ដល់ប្រាក់ជំនួយប្រាក់ ឬកម្ចីជាច្រើនរយលានដុល្លារពីទីក្រុងប៉េកាំង គឺនូវអ្វីដែលគេហៅថាជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ការផ្ដល់ជួយរបស់ចិន ក៏ផ្ដើមឱ្យមានការចោទសួរពីឥទ្ធិពលចិនមកលើ កម្ពុជា។
ជាការពិត ប្រទេសធំពីរនៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន និងវៀតណាម កំពុងមានជំលោះជាមួយទីក្រុងប៉េកាំងនៃប្រជុំកោះស្ត្រាតលី នៅដែនសមុទ្រចិនខាងត្បូង។ ករណីនេះ គឺក្រុងហាណូយ និងក្រុងម៉ានីល មានអាមេរិកនៅពីក្រោយ។ បន្ថែមលើនេះទៀត ជប៉ុនក៏នៅពីក្រោយប្រទេសសមាជិកអាស៊ាននេះដែរ ខណៈ ក្រុងតូក្យូកំពុងមានជំលោះជាមួយចិនអំពីដែនទឹកសមុទ្រចិនខាងកើត។ ជប៉ុន និងចិន ដណ្ដើមកាន់កាប់ប្រជុំកោះសេនកាកូ ដែលចិនហៅដាយយូ។
ផ្ដើមឱ្យមានការព្រួយបារម្ភទៀតនោះ សហរដ្ឋអាមេរិកដែលជាប្រទេសធំមួយនៅក្នុងពិភពលោកបានឆក់ឱកាសបញ្ចេញឥទ្ធិពលមកលើវៀតណាម និងហ្វីលីពីន។
ជាញឹកញាប់ អាមេរិកបានបើកកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកកងទ័ពជាមួយប្រទេសអាស៊ីអាគ្នេយ៍ពីរនេះ ក្រោមរូបភាពនៃការធ្វើសមយុទ្ធយោធា ដែលគេហៅថា ពង្រឹងសន្តិសុខតំបន់ ហើយជារឿយៗក្រុងប៉េកាំបានថ្កោលទោសអាមេរិកយ៉ាងខ្លាំង។
ប៉ុន្ដែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកសង្កេតការណ៍មួយចំនួនបារម្ភនោះ គឺកម្ពុជាត្រូវបានគេមើលឃើញថា ហាក់ដូចជាប្រទេសបំរើមហិច្ឆិតារបស់ចិន ទោះបីកម្ពុជាអះអាងថា ប្រកាន់ជំហរអព្យាក្រឹត្យក៏ដោយ។ ឋានៈជាប្រធានសមាគមអាស៊ាននៅឆ្នាំ ២០១២ កម្ពុជាត្រូវបានស្ដីបន្ទោសថា មិនបានធ្វើឲ្យមានសេចក្ដីថ្លែងការណ៍រួមស្ដីពីសមុទ្រចិនខាងត្បូង ហើយជាថ្មីទៀតកាលពីសប្ដាហ៍មុនកម្ពុជាត្រូវបានរិះគន់ថា ធ្វើឱ្យអាស៊ានមិនអាចរកមតិរួមគ្នាដើម្បីប្រឆាំងចិន។ ដូចនេះហើយ មើលទៅបានជាអ្នកសង្កេតការណ៍មួយចំនួនវាយតំលៃថា ជំហររបស់កម្ពុជាហាក់ដូចជាទោរទន់ ឬក៏រណបទីក្រុងប៉េកាំងច្រើនជាងការប្រកាន់ជំហរក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន។
កាលពីថ្ងៃចន្ទទី ២០ មិថុនានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្តែងកំហឹងដោយប្រើវោហាសាស្ត្រវាយធ្ងន់ៗលើសមាជិកអាស៊ាន ជាពិសេសប្រទេសហ្វីលីពិន ដែលតែងតែចោទកម្ពុជាថាមានជំហរទន់ជ្រាយជាមួយចិន ជុំវិញជម្លោះសមុទ្រចិនខាងត្បូង។ សម្ដេច ហ៊ុន សែន បញ្ចេញជំហរការពារគោលនយោបាយរបស់កម្ពុជា។ សម្ដេចថា កុំប្រមាថកម្ពុជាបើទោះជាកម្ពុជាជាប្រទេសតូចក្ដី គឺកម្ពុជាមានទស្សនៈវែងឆ្ងាយជាងប្រទេសអស់លោក។ សម្ដេច ហ៊ុន សែន៖«យើងអត់មាន ខាតអ្វីជាងកាលពីឆ្នាំ២០១២នោះទេដែលគេធ្វើបានយើងនោះទេ ឥឡូវមិនចេញសេចក្តីថ្លៃងការណ៍ក៏គ្មានអ្នកណាងាប់ដែរកុំឆ្ងល់។បើគាត់ចង់វាយគ្នាគាត់វាយទៅកុំឲ្យទាស់ក្បាលកម្ពុជាច្រើនពេកប៉ុន្តែពួកគាត់មិនវាយគ្នាទេ គាត់សម្របសម្រួលគ្នាតែគាត់ប្រើយើងទៅជល់ជាមួយចិន នែករឿងវាអញ្ចេះ ដែលវាយ៉ាប់នោះតែកម្ពុជាសូមបញ្ចាក់ជំហរខ្លួនឲ្យច្បាស់ កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណានោះទេ»។
នៅប្រហែលជាប៉ុន្មានថ្ងៃទៀតនេះ តុលាការមជ្ឈឹត្តការអន្តរជាតិនៅទីក្រុងឡាអេ នឹងចេញសាលដីកាមួយ តាមបណ្ដឹងរបស់ប្រទេសហ្វីលីពីន ដែលប្ដឹងចិនករណីចូលលុកលុយដែនទឹករបស់ហ្វីលីពីន ហើយសាលដីកានេះ ទំនងនឹងធ្វើឱ្យក្រុងប៉េកាំងខកចិត្ត ព្រោះប្រទេសមហាអំណាចមួយនេះបដិសេធចូលខ្លួនការពារក្ដីតបទល់ក្រុងម៉ានីល។ ប្រទេសហ្វីលីពិនបានប្ដឹងចិនតាំងពីឆ្នាំ ២០១២ ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃ ចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹត្យ ដោយមិនទៅរណបនឹងចិនឬប្រទេសណានោះទេ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំហរនយោបាយការបរទេសរបស់កម្ពុជាគឺឯករាជ្យ មិនរណបប្រទេសណាមួយឡើយ។ ប៉ុន្តែសម្ដេចវាយប្រហារលើហ្វីលីពីនថា នៅពេលប្ដឹងទៅមជ្ឈឹត្តការអន្តរជាតិ បែរជាមិនបានសួរនាំកម្ពុជា ហើយបែរជាចង់ឱ្យកម្ពុជាជួយខ្លួនទៅវិញ គឺមិនអាចធ្វើដូចនេះឡើយ ។
ជាមួយគ្នានេះ សម្ដេចបានរិះគន់ឯកអគ្គរដ្ឋទូតប្រទេសមួយចំនួនដែលព្យាយាមបញ្ចុះបញ្ជូលសម្ដេច ឱ្យគាំទ្រសាលដីការបស់តុលាការអន្តរជាតិនេះ ខណៈសម្ដេចអះអាងថាចិន គឺជាដៃគូដ៏ធំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាស៊ាន។ សម្ដេច ហ៊ុន សែន៖« ជាងមួយខែមុនអគ្គរដ្ឋទូតប្រទេសមួយមុន មិនមែនក្នុងក្របខណ្ឌអាស៊ានទេមកដល់ផ្ទះខ្ញុំសុំឲ្យគាំទ្រចេញសេចក្តីសម្រេច។ ខ្ញុំនិយាយទុកអញ្ចឹងតែម្តងរឿងនយោបាប្រឆាំងចិន ខ្ញុំសូមប្រកាសជំហ៊ររបស់កម្ពុជាមិនចូលរួមសេចក្តីថ្លែងការណ៍ណាទាំងអស់ លើការគាំទ្រចេញសេក្តីសម្រេចរបស់តុលាការ កម្ពុជាអត់ចេញព្រោះមិនមែនជារឿងនេះ ជារឿងហ្វីលីពីន ហ្វីលីពីនប្តឹងចិន អញ្ចឹងទុកឲ្យហ្វីលីពីននិង ចិនជាអ្នកដោះស្រាយជាមួយគ្នាទៅ ម៉ិចបានជាចាំបាច់ត្រូវមកឲ្យអាស៊ានគាំទ្រ ហើយរឿងអាស៊ានគាំទ្រនិងទៀត រឿងដែលគួរឲ្យសួរ តុលាការមិន ដឹងបែមុខទៅណាផង មកស្នើឲ្តយើងគាំទ្រ ចុះបើសិនជាកាត់ឲ្យចិនឈ្នះ តែបើចិនឈ្នះក៏មិនទទួលយកដែរព្រោះចិនអត់ទទួលស្គាល់យុត្តាធិការរបស់តុលាការមួនេះទេ»។
តើជំហររបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឆ្លុះបញ្ចាំងពីសកម្មភាពពិតកម្ពុជាពិតឬទេ?
ក្រុមអ្នកវិភាគមួយចំនួនដែលវិទ្យុស្ត្រីបានសុំសម្ភាសន៍បានវិភាគលើប្រសាសន៍របស់សម្ដេច ហ៊ុន សែននេះ ពួកគេភាគច្រើនពិនិត្យឃើញចំនុចអវិជ្ជមានច្រើនជាងចំនុកវិជ្ជមាន។ ពួកគេថា កម្ពុជាមិនអាចនៅចំនុចកណ្ដាលបានទេ គឺអាចទន់ភ្លន់ជា មួយចិនច្រើនជាង ព្រោះចិនមានគុណប្រយោជន៍ច្រើនណាស់ ហើយជាពិសេសកម្ពុជាជំពាក់បំណុលចិនច្រើនពាន់លានដុល្លារ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម យល់ឃើញថា ការបង្ហាញជំហររបស់នាយករដ្ឋមន្ដ្រីដែលហាក់ដូច ជាគាំទ្រទៅលើប្រទេសចិន ដែលនេះអាចបណ្ដាលមកពីប្រទេសកម្ពុជា និង ប្រទេសចិនជាសម្ព័ន្ធមិត្ដនិងគ្នាយូរមកផង ហើយម្យ៉ាងវិញទៀត ចិនក៏ជាម្ចាស់បំណុលលើកម្ពុជា ជាច្រើនសិបពាន់លានដុល្លាថែមទៀតទើបកម្ពុជាត្រូវបង្ហាញការគ្រែងរអាចិត្ដដល់ម្ចាស់បំណុលរបស់ខ្លួនដូច្នេះ។
លោកថា ការថ្លែងរបស់នាយករដ្ឋមន្ដ្រីដូចនេះ គឺមិនមែនជារឿងគួរឲ្យចម្លែកអ្វីទេ ព្រោះរឿងនេះ អ្នកវិភាគ បានគិតទុករួចហើយថា នឹងកើតឡើង ព្រោះតែកម្ពុជាបានបង្ហាញបំណងចង់រារាំងសេចក្ដីថ្លែងការណ៍រួមរបស់សមាគមអាស៊ាន តាំងពីពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំអាស៊ានមកម្ល៉េះ។ លោកបណ្ឌិត មាស នី៖ «ការបង្កាញជំហរ របស់កម្ពុជាបែបនេះ អញ្ចឹងទោះបីជាថ្ងៃក្រោយចង់ឬមិនចង់ គឺរដ្ឋាភិបាលខ្មែរត្រូវរស់នៅក្រោមឥទ្ធិពលរបស់ចិន ហើយក៏ត្រូវស្ថិតនៅស្ថានភាពមួយដែលឯកោ ផ្នែកនយោបាយ នៅក្នុងតំបន់អាស៊ាន ព្រោះតែជម្លោះសមុទ្រចិន»។
បើគេពិនិត្យទៅលើសក្ដានុពលទំហំសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ចិនមកលើកម្ពុជាបច្ចុប្បននេះ គឺមានភាពលើសលប់ជាងគេ។ តាមរយៈនេះ សមិទ្ធិផលមួយចំនួនដូចជា ស្ពាន ថ្នល់ទំនើបៗសុទ្ធតែជាប្រាក់កម្ចីបានមកពីប្រទេសចិន។ រោងចក្រកាត់ដេរនៅកម្ពុជាភាគច្រើនក៏ជាផ្នែកមួយនៃវិនិយោគទុនរបស់ចិនដែរ។ ចំណូលបានមកពីវិស័យកាត់ដេរត្រូវបានមើលឃើញថា អាចជួយទ្រទ្រង់លំនឹងសេដ្ឋកិច្ច និងលំនឹងនយោបាយរបស់រដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមួយផ្នែកផងដែរ។
កាលពីឆ្នាំ ២០១២ ជនជាតិចិនអ៊ុយហ្កើ ជាច្រើនសិបនាក់ត្រូវបានកម្ពុជាចាប់បង្ខំឲ្យត្រលប់ទៅប្រទេសចិនវិញ ដែលពួកគេទៅដល់ប្រទេសចិនហើយនោះ គឺត្រូវនាំទៅដាក់ពន្ធាគារដោយកាត់ទោសពីបទប្រឆាំងរដ្ឋអំណាចចិន។ តែនៅពេលនោះ កម្ពុជាត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្ដរជាតិថ្កោលទោសយ៉ាងខ្លាំងថា ជារដ្ឋដែលរំលោភសិទ្ធិមនុស្សនិងធ្វើតាមការចង់បានរបស់ក្រុងប៉េកាំង។
ភ្លាមៗបន្ទាប់ពីក្រុមអ៊ុយហ្កើបានបញ្ជូនឲ្យទៅជាប់គុកនៅប្រទេសចិន គឺចិនបានផ្ដល់ជំនួយប្រាក់កម្ចីឲ្យកម្ពុជារាប់រយលានដុល្លារថែមទៀត។ ទាំងនេះហើយដែលអ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថាកម្ពុជាហាក់ដូចជាក្លាយជាផ្នែកមួយនៃប្រទេសចិន។
សាស្ដ្រាចារ្យផ្នែកវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា មានប្រសាសន៍ថា ការថ្លែងរបស់នាយករដ្ឋមន្ដ្រីដូច្នេះអាចជាប់ពាក់ព័ន្ធ និងសម្ព័ន្ធភាពរវាងគ្នានិងគ្នាយូរមកហើយ។ ក៏ប៉ុន្ដែលោកថា កម្ពុជាត្រូវតែថ្លឹងថ្លែងផលខាត និងផលចំណេញឲ្យបានច្បាស់លាស់មុនពេលសម្រេចចិត្ដធ្វើអ្វីមួយដូចករណីជម្លោះដែនសមុទ្រចិនខាងត្បូងនេះជាដើម ។ លោកយល់ថា ជម្រើសរបស់កម្ពុជាមិនមែនតែប្រទេសចិនមួយដែលជាមិត្ដអាចជួយអភិវឌ្ឍន៍ប្រទេសឡើយ ។
លោក សូ ចន្ថា បន្ថែមថា ប្រសិនជាកម្ពុជាចង់បង្ហាញជំហរអព្យាក្រឹត្យរបស់ខ្លួនមែន កម្ពុជាគួរតែពង្រឹកគោលនយោបាយការបរទេសឲ្យបានខ្លាំងក្លាជាងនេះ ព្រោះសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងជួយពលរដ្ឋខ្មែរឲ្យគេចផុតពីភាពក្រីក្រតោកយ៉ាងបានច្រើន ហើយវាប្រសើរជាជាងការងាកទៅរកចិនហើយបិទច្រកសេដ្ឋកិច្ចកម្ពុជា។ លោក សូ ចន្ថា៖«ខ្ញុំយល់ថា កម្ពុជាគួរបង្ហាញភាពល្អូកល្អើន ជាមួយនឹងសហគមន៍អាស៊ាន ពីព្រោះកាលណាយើងលើឡើងពីសហគមមួយ មានន័យថា យើងអាច ដោះដូរសេដ្ឋកិច្ចជាមួយនឹងសហគមន៍នោះ វាល្អជាជាងការបង្ហាញថាយើង ជាប្រទេសផ្ដាច់ខ្លួន ឬក្រោមឥទ្ធិពលរបស់ប្រទេសណាមួយនោះ ព្រោះវាមិនមានផលចំណេញអ្វីដល់ជាតិទេ»។
តែបែបនេះក្ដីកម្ពុជាបានបដិសេធការយល់ឃើញរបស់អ្នកវិភាគហើយអះអាងថា មិនមែនតែកម្ពុជាម្នាក់ទេដែលធ្វើឲ្យអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមជុំវិញសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ មានប្រសាសន៍ថា ការថ្លែងរបស់សម្ដេច ហ៊ុន សែន ជុំវិញការមិនគាំទ្រសេចក្ដីថ្លែងការណ៍រួមរបស់សមាគមអាស៊ាន លើជម្លោះសមុទ្រចិនខាងត្បូងនេះ គឺជារឿងត្រឹមត្រូវ។ លោកសំអាងហេតុផលថា ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ថា ប្រទេសដែលនៅក្នុងសមាគមអាស៊ាននេះ គឺមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិករបស់ខ្លួន និងប្រទេសដទៃនោះទេ ។
លោក សុខ ឥសាន្ដ បញ្ជាក់ថា ប្រសិនជាកម្ពុជាគាំទ្រសេចក្ដីថ្លែងការណ៍រួមរបស់សមាគមអាស៊ាន គឺ បញ្ជាក់ថា កម្ពុជា ធ្វើខុសច្បាប់នៃសមាគមអាស៊ាន។ លោកបន្ដថា ការប្រកាន់ជំហរពេលនេះ គឺកម្ពុជាមិនខុសធម្មនុញ្ញាអាស៊ានទេ ដូច្នេះទោះបីជាអ្នកណាមើលមកកម្ពុជាយ៉ាងម៉េច នោះជារឿងរបស់អ្នកដែលមើលប៉ុណ្ណោះ។ លោក សុខ ឥសាន្ដ៖«បើសិនជាយើង ចេញជាសេចក្ដីថ្លែងការណ៍រួមហើយ មកកាត់សេចក្ដីថា អ្នកនេះធ្វើបែបនេះ អ្នកនោះធ្វើបែបនោះ បានសេចក្ដីថា យើងកំពុងតែជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់គេហើយ អញ្ចឹងវាមិនស្របទៅខ្លឹមសារធម្មនុញ្ញរបស់សមាគមន៍អាស៊ានទេ »។
មានការកត់សំគាល់ថា ទីក្រុងប៉េកាំងហាក់ដូចប្រញាប់ខ្លាំងនិងការឆ្លើយតបដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ហ្គើរី ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ មករា ដោយក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ ចិនបានកោះអញ្ចើញរដ្ឋមន្ដ្រីការបរទេសកម្ពុជា គឺលោកហោ ណាំហុង ទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលទស្សនកិច្ចនេះត្រូវបានអ្នកវិភាគមើលឃើញថាចិនប្រហែលជាពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញមកលើកម្ពុជា។
ករណីជំលោះសមុទ្រចិនខាងត្បូងគឺឥឡូវនេះ បានធ្លាក់ដល់តុលាការយុត្តិធម៌អន្ដរជាតិ ICJ។ កាលពីខែកញ្ញឆ្នាំ ២០១៥ តុលាការអន្ដរជាតិមួយនេះ បានបើសំណុំរឿងសាកសួរដើមចោទ គឺប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកករណីប្ដឹងប្រទេសចិន ប៉ុន្តែចិនមិនបានចូលខ្លួនការពារក្ដីនេះទេ។
ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់បានអះអាងរៀងៗខ្លួនថា តំបន់នៃសមុទ្រចិនភាគខាងត្បូងក៏ជាផ្នែកមួយនៃទឹកដីរបស់ពួកគេដែរ។
បន្ថែមលើនេះទីក្រុងប៉េកាំងបានស្ថាប័នាកោះសប្បនិម្មិតចំនួនបីកន្លែងនៅទីនោះ ដែលធ្វើឲ្យហ្វីលីពីន និងវៀតណាម ជំទាស់យ៉ាងខ្លាំង។ មកដល់ពេលនេះចិនបានអូសកាំភ្លើងធំ និងយន្តហោះចម្បាំងដាក់ពង្រាយលើកោះនោះរួចហើយ ៕