ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចថា ករណីសមុទ្រចិនខាងត្បូង ដែលរដ្ឋអាស៊ានមួយចំនួនមានជំលោះជាមួយចិន គឺត្រូវអនុវត្តយន្តការទ្វេភាគី ដោយឡែកកម្ពុជាមិនគាំទ្រដាច់ខាតការចេញសេចក្ដីថ្លែងការណ៍រួម នៃសមាគមអាស៊ានប្រឆាំងនឹងប្រទេសចិន ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូចគ្នានៅក្នុងពីធីចែងសញ្ញាបត្រដល់និស្សិតនៃសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃចន្ទទី ២០ មិថុនា នេះ។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាជារដ្ឋអធិបតេយ្យដែលត្រូវប្រកាន់ជំហរមិនគាំទ្រខាងណាមួយទោះជាចិនឈ្នះក្ដីក៏ដោយ ។ សម្ដេចបន្តថា ប្រទេសខ្លះជំរុញកម្ពុជាចូលពាក់ព័ន្ធ តែសម្ដេចថា ជាសិទ្ធិរបស់កម្ពុជា ។
សម្ដេចវាយប្រហារធ្ងន់ៗផងដែរ ដល់ប្រទេសមួយចំនួនមិនមែនជាសមាជិកអាស៊ាន ដែលបញ្ចុះបញ្ចូលកម្ពុជាគាំទ្រសេចក្ដីសម្រេចរបស់តុលាការមជ្ឈឹត្តកម្ម ប្រសិនបើសេចក្ដីម្រេចនេះឱ្យហ្វីលីពិនឈ្នះក្ដី ។
សម្ដេចបន្តអំពាវនាវឱ្យ ភាគីមានជំលោះ ចរចាទ្វេភាគីជាមួយប្រទេសចិនដោយសន្តិវិធី ដែលសម្ដេចថាអាស៊ានមិនអាចដោះស្រាយបានទេ ។
សម្ដេចថា ផលប្រយោជន៍អាស៊ានចិនមានទំហំធំធេងទៅខាងមុខទៀត ។ ប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមជាថ្មីទៀត នៅក្នុងកិច្ចប្រជុំចិនអាស៊ាន កាលសប្ដាហ៍មុននៅប្រទេសចិន ហើយក្រោយមកអ្នកការទូតមួយចំនួនរិះគន់កម្ពុជា និង ឡាវជាសមាជិកដែលមិនគាំទ្រសេចក្ដីថ្លែងការណ៍នេះ ៕