ភ្នំពេញ៖ ក្រសួងកិច្ចការនារី សហការជាមួយសហពន្ធ័ស្ត្រីអ្នកជំនួញកម្ពុជា (CWBF) បានបង្កើតគម្រោងមួយឈ្មោះថា «ផ្តល់ភាពអង់អាចដល់ស្ត្រីផ្នែកសេដ្ឋកិច្ច» ដែលមានការគាំទ្រពីក្រុមហ៊ុនកូកាកូឡា។
គម្រោងមួយនេះនឹងផ្តល់រទេះ ២០ គ្រឿងដោយមិនគិតថ្លៃដល់ស្ត្រី ២០ នាក់ដែលមានជីវភាពក្រីក្រ និងមានគំនិតចង់បង្កើនជាជីវភាពផ្ទាល់ខ្លួនដើម្បីកែប្រែជីវភាពឲ្យកាន់តែល្អជាងមុន។
តាមប្រសាសន៍លោកស្រី ចេន សុភាព គណកម្មការគម្រោងផ្តល់ភាពអង់អាចដល់ស្ត្រីផ្នែកសេដ្ឋកិច្ច មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា គម្រោងនេះកំពុងស្វែងរកស្ត្រីក្រីក្រដែលរស់តាមផ្លូវជាតិលេខ ១ លេខ ៤ លេខ ៥ ជាពិសេសរស់នៅក្បែររោងចក្រ និងនៅជាយរាជធានីភ្នំពេញដោយមិនប្រកាន់អាយុ ដើម្បីលើកទឹកចិត្តស្ត្រីបង្កើនជីវភាពខ្លួនឲ្យមានភាពល្អប្រសើរឡើង និងអាចរស់នៅក្នុងភាពថ្លៃថ្នូរ។
លោកស្រីបន្ថែមថា ស្ត្រីដែលមានបំណងចង់បង្តើតអាជីវកម្មនេះ ត្រូវផ្តល់ប្រាក់បដិភាគចំនួន ១០០ដុល្លា ដល់គម្រោងនេះជាមុនសិន ហើយប្រសិនបើស្ត្រីទាំងនោះសំរេចចិត្តឈប់ធ្វើអាជីវកម្មនេះវិញ នោះគម្រោងនឹងផ្តល់ប្រាក់បដិភាគជូនវិញគ្រប់ចំនួន។
លោកស្រីបញ្ជាក់ថា ក្រោយពីស្ត្រីទាំងនោះសម្ភាសន៍ជាប់ គឺស្ត្រីទាំងនោះនឹងទទួលបានការបណ្តុះបណ្តាល បច្ចេកទេសនៃការលក់ ការចាត់ចែងថវិកា និងការគ្រប់គ្រង ។ តែយ៉ាងណានេះក្ដីលោកស្រីថា គម្រោងនេះ គឺជាការសាកល្បងលើកដំបូង៕