ជប៉ុន៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ នៅលើកោះអូគីណាវ៉ា ប្រឆាំងនិងវត្តមានរបស់កង ទ័ពអាមេរិកនៅលើកោះនេះ បន្ទាប់ពីអតីតទាហានជើងទឹកអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនករណីរំលោភនិងប្រព្រឹត្តអំពើឃាតកម្មទៅលើស្ដ្រីជប៉ុនម្នាក់អាយុ ២០ឆ្នាំ។
ដោយសារតែរឿងនេះ ប្រជាជនជប៉ុននៅលើកោះអូគីណាវ៉ាជាច្រើនពាន់នាក់ បានបន្ដធ្វើបាតុកម្មជាច្រើនសប្ដាហ៍មកហើយដោយបង្ខំឲ្យអាមេរិកដកទ័ពរបស់ខ្លួនចេញពីទឹកដីរបស់ពួកគេ។
កងទ័ពអាមេរិកនៅលើកោះអូគីណាវ៉ាគឺមានចំនួន ២ម៉ឺន ៦ពាន់នាក់។
កងទ័ពទាំងនេះត្រូវបានដាក់ពង្រាយនៅលើកោះនេះ នៅពេលដែលប្រទេសទាំងពីរ ជប៉ុន និងអាមេរិកបានចុះកិច្ចព្រមព្រៀងពង្រឹងសន្ដិសុខដែនទឹករបស់ជប៉ុនតាមរយៈវត្តមានរបស់កងទ័ពអាមេរិក។
នៅក្នុងការតវ៉ាកាលពីថ្ងៃម្សិលមិញ អភិបាលក្រុងអូគីណាវ៉ាលោក តាគី ស៊ីអូតាហ្គា ដែលបានមកចូលរួមតវ៉ាផងដែរ នោះលោកបានថ្លែងឲ្យអាមេរិក និងរដ្ឋាភិបាលជប៉ុនសម្របសម្រួលគ្នាហើយដកកងទ័ពអាមេរិកចេញពីដែនដីកោះនេះ៕
ប្រភព CNA