ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកាយុវជនស្តីពី "យន្តការប្រជាធិបតេយ្យរបស់គណបក្សនយោបាយក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន" នាព្រឹកថ្ងៃទី១៩ មិថុនានេះ តំណាងគណបក្សនយោបាយដែលមានអសនៈក្នុងសភាទាំងពីរបានលើកឡើងថា វត្តមានយុវជនក្នុងបក្សនយោបាយពិតជាសំខាន់មិនអាចខ្វះបានឡើយ នៅក្នុងយន្តការប្រជាធិបតេយ្យ។ យុវជនគួរយល់ពីគោលនយោបាយបក្សសិន មុននឹងចូលរួមក្នុងគណបក្សនយោបាយណាមួយ។
លោកឈឹម ផលវរុណ វាគ្មិនតំណាងឱ្យគណបក្សប្រជាជនកម្ពុជាប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយលើកម្ពស់ការចូលរួមរបស់យុវជន និងផ្តល់ឱកាសដល់យុវជននៅក្នុងតួនាទីមួយចំនួន។ លោកបានសង្កត់ធ្ងន់ថា មុននឹងចូលរួមបន្តវេនក្នុងបក្សប្រជាជនកម្ពុជា យុវជនត្រូវស្គាល់គោលនយោបាយបក្សជាមុន ដើម្បីជាមូលដ្ឋានបង្កើតឆន្ទៈនយោបាយ ឈានទៅដល់ការសម្រេចឆន្ទៈនយោបាយ។
ក្នុងឱកាសនោះដែរ លោកហ៊ីង សុខសាន្ដ វាគ្មិនតំណាងឱ្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ដើម្បីមានវត្តមានយុវជនចូលរួមក្នុងគណបក្សនយោបាយ យុវជនត្រូវចេះថ្លឺងថ្លែង រៀនសង្កេត ពិនិត្យគោលនយោបាយបក្សនីមួយៗឱ្យបានច្បាស់លាស់ជាមុន ដើម្បីជាប្រយោជន៍ដល់យុវជនខ្លួនឯង បក្សនយោបាយ ក្នុងដំណើរការចូលរួមដឹកនាំនិងអភិវឌ្ឍសង្គម។
សូមបញ្ជាក់ថា វេទិកាយុវជនស្តីពី "យន្តការប្រជាធិបតេយ្យរបស់គណបក្សនយោបាយ ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន" រៀបចំឡើងដោយអង្គកាកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នាថ្ងៃទី១៩ មិថុនា ឆ្នាំ ២០១៦ នៅសណ្ឋាគារអ៊ីមផើរៀល៕