ព្រឹត្តិការណ៍ហាត់ប្រាណលក្ខណៈអន្តរជាតិយូហ្កា បានធ្វើឡើងជាលើកទី២នៅមុខប្រាសាទអង្គរវត្តដោយមានមនុស្សចម្រុះជាតិសាសន៍ជាង១ពាន់នាក់បានចូលរួម។ ព្រឹត្តិការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៦ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) ។
លោក ណាវីន ស្រ៊ីវីស្តាណា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថា សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅកម្ពុជាឆ្នាំនេះ នឹងធ្វើឡើងចំនួន ០៣ កន្លែង ក្នុងនោះនៅមុខប្រាសាទអង្គរវត្តថ្ងៃទី១៨ នៅខេត្តព្រះសីហនុថ្ងៃទី១៩ និងនៅមុខព្រះបរមរាជវាំងថ្ងៃទី២០។
លោក ណាវីន ស្រ៊ីវីស្តាណា បានបន្តឱ្យដឹងថា ការធ្វើលំហាត់ប្រាណយូហ្កានេះ បានធ្វើឱ្យសុខភាពរបស់យើងរឹងមាំ និងស្រួលខ្លួនជាងធ្វើលំហាត់ប្រាណធម្មតា ពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់ និង ការប្រើអារម្មណ៍ច្រើន។
ព្រឹត្តិការណ៍នេះ មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៏បានជួយផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍វប្បធម៌របស់កម្ពុជា គឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ដ៏ល្បីៗនៅលើពិភពលោក ក៏ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។ ព្រឹត្តការណ៍លំហាត់ ប្រាណ អន្តរជាតិយូហ្កានេះ និងធ្វើនៅប្រទេសកម្ពុជាជារាងរាល់ឆ្នាំដើម្បី ជាព្រឹត្តិការណ៍មួយសម្រាប់ទាក់ទាញអ្នកទេសចរ ។
សូមបញ្ជាក់ថា Yoga នេះគឺជាទស្សនវិទ្យាបុរាណឥណ្ឌាមួយ ដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។ នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់ និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោក ក្នុងនោះប្រជាពលរដ្ឋកម្ពុជាក៏មានការចាប់អារម្មណ៍យ៉ាងច្រើនផងដែរ៕
រូបភាព :