ភ្នំពេញ៖ តាមការគ្រោងទុកនៅនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំសកម្មជននិងអ្នកគាំទ្រប្រមាណជាង ៤០០ នាក់ធ្វើពិធីបួងសួងតាមព្រះពុទ្ធសាសនានៅខេត្តសៀមរាប រហូតដល់បញ្ចប់កម្មវិធីដោយរលូន។
លោកកឹម សុខា បានសរសេរលើទំព័រហ្វេសរបស់លោកថា ការប្រារព្ធបួងសួងពិធីតាមបែបព្រះពុទ្ធសាសនានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបួងសួងសុំសេចក្ដីសុខ សន្ដិភាព ការគោរពសិទ្ធិមនុស្ស និងគោរពអភ័យឯកសិទ្ធសភាអ្នកតំណាងរាស្ដ្រ។
បន្ទាប់ពីបញ្ចប់ការបួងសួងនៅទីធ្លាព្រះអង្គចេកព្រះអង្គចម លោក ប៉ុល ហំម ក៏បានបន្តដឹកនាំ សកម្មជន អ្នកគាំទ្ររបស់ខ្លួន ធ្វើដំណើរទៅបួងសួងនៅទីលានមុខប្រាសាទអង្គរវត្តបន្តទៀត។
យ៉ាងណាមិញព្រឹកនេះគេ មិនឃើញមានការដាក់កម្លាំងសមត្ថកិច្ចបង្ក្រាបនោះទេ។ ចំណែកប៉ូលីសមួយចំនួនបានជួយសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់ដល់គណបក្សសង្គ្រោះជាតិផងដែរ។ ពិធីបួងសួងនេះ បានបញ្ចប់ដោយរលូននៅប្រមាណម៉ោង ១០កន្លះព្រឹក។
កាលពីថ្ងៃទី ១៧ ខែមិថុនា អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបំពេញបែបបទតាមនីតិវិធីរបស់អាជ្ញាធរជាតិអប្សរា មុនរៀបចំប្រារព្ធពិធីសាសនានៅថ្ងៃទី ១៩ ខែមិថុនានេះ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងចៀសវាងផលប៉ះពាល់ គ្រប់ពិធីទាំងអស់ដោយរាប់បញ្ចូលទាំងពិធីបែបសាសនាផងនោះ៕