ភ្នំពេញ៖ សម្តេចហ៊ុន សែន បានឧបត្ថម្ភប្រាក់ចំនួន ១ពាន់ដុល្លារអាមេរិកឲ្យបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប នៅពេលសម្តេចធ្វើដំណើរទៅចូលរួមបុណ្យសពលោកសាយ ភូថង ស្ថិតនៅខេត្ត កោះកុង នៅថ្ងៃទី ១៨ មិថុនានេះ។
មុននឹងឧបត្ថម្ភប្រាក់ជូនអ្នករត់ម៉ូតូឌុបនេះ សម្តេចហ៊ុន សែន បានជិះម៉ូតូជាមួយបុរសដែលជាអ្នករត់ម៉ូតូឌុប បានប្រមាណជា ៥០០ ម៉ែត្រ ទើបឈប់លើស្ពានមួយ ហើយបានជូនលុយ ១ពាន់ដុល្លារដល់គាត់។
សម្តេចហ៊ុន សែន មានប្រសាសន៍ថា ការជូនប្រាក់ ១ពាន់ដុល្លារនេះ គឺដើម្បីឱ្យបុរសដែលជាអ្នករត់ម៉ូតូឌុប បានដូរម៉ូតូថ្មី និងសម្រាប់ទុកឲ្យកូនចាយវាយ និងទិញសម្ភារៈសិក្សាផ្សេងៗ។
បើតាមការសន្ទនាតាមរយៈ Facebook live ប្រមាណ ៨នាទីរវាង សម្តេចហ៊ុន សែន ជាមួយអ្នករត់ម៉ូតូឌុប បានឱ្យដឹងថា បុរសរត់ម៉ូតូឌុបដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ពាន់ដុល្លារពីសម្តេចហ៊ុន សែន មានកូនចំនួន ៨ នាក់នៅក្នុងបន្ទុក ៕