ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា គណៈកម្មការធិការស្រាវជ្រាវ នឹងធ្វើកោសល្យវិច្ឆ័យស្នាមមេដៃញត្តិរបស់ប្រជាពលរដ្ឋ ដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្វាយព្រះមហាក្សត្រ ព្រមទាំងធ្វើរបាយការណ៍រាយការណ៍ប្រគល់ឱ្យរាជរដ្ឋាភិបាលអំពីភាពមិនប្រក្រតីនៃស្នាមមេដៃទាំងនោះ ខណៈ CNRP មិនទាន់កំណត់ពេលវេលាធ្វើញត្តិលើកទី ២ ថ្វាយព្រះមហាក្សត្រនៅឡើយ។
យោងតាមសារព័ត៌មាន Fresh News បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងកំពុងពិនិត្យពីភាពមិនប្រក្រតីនៃស្នាមមេដៃក្នុងញត្តិរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៥៥រូប នឹងត្រៀមធ្វើរបាយការណ៍មួយជូនរាជរដ្ឋាភិបាលនៅពេលឆាប់ៗនេះ។
ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ ថ្លែងថា ប្រសិនបើអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥រូប មានទោសព្រហ្មទណ្ឌពីបទក្លែងឯកសារ ដោយគ្រាន់តែបំពេញតួនាទីយកញត្តិប្រជាពលរដ្ឋថ្វាយទៅព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រទាំងអស់នឹងដើរចូលគុក។
កាលពីថ្ងៃទី១៥ ខែមិថុនា លោក យ៉ែម បុញ្ញាឬទ្ធិ បានប្រកាសថា ស្នាមមេដៃជាលើកទី ២នេះ ទទួលបានប្រមាណ ២៦ ម៉ឺនមេដៃ ហើយមិនទាន់កំណត់ពេលវេលាជាក់លាក់ដង្ហែថ្វាយព្រះមហាក្សត្រនៅឡើយទេ។
ញត្តិស្នាមមេដៃប្រជាពលរដ្ឋចំនួន ១៨ ដុំ ស្មើនិងប្រមាណ ១៧ ម៉ឺនមេដៃដែលដង្ហែថ្វាយព្រះមហាក្សត្រ កាលពីចុងខែ ឧសភា កន្លងទៅ មានខ្លឹមសារឲ្យដោះលែងមន្ត្រីសមាគមអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប។ រួមទាំងទាមទារមិនឲ្យមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងដោះលែងអ្នកតំណាងរាស្ត្រ ព្រមទាំងសកម្មជនកំពុងជាប់ឃុំផងដែរ៕