en     km
en     km

អ្នកវិភាគមួយចំនួនពិនិត្យឃើញថា កម្ពុជានៅតែស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមដដែល

Share

ភ្នំពេញ៖ អ្នកវិភាគនយោបាយ និងសង្គមមួយចំនួនដែលវិទ្យុស្រ្តីបានសុំសម្ភាសន៍នៅថ្ងៃទី ១៧ មិថុនានេះ បាន ពិនិត្យឃើញ ថា ប្រទេសវៀតណាមនៅតែបង្ហាញឥទ្ធិពលរបស់ខ្លួនមកលើកម្ពុជាដដែល ។ ការយល់ឃើញរបស់ អ្នកវិភាគទាំងនោះ គឺជា ការឆ្លុះបញ្ចំាងចំពោះសំណើរបស់មេដឹកនាំថ្មីប្រទេសសង្គមនិយមមួយនេះដែលបានស្នើឱ្យ រដ្ឋាភិបាលកម្ពុជាធានាសិទ្ធិស្រប ច្បាប់ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជានិងជួយធ្វើឱ្យ មានស្ថិរ ភាពតាមព្រំដែននៃប្រទេសទាំង ២។ សំណើនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាន់ ដាយក្វាង ប្រមុខរដ្ឋវៀតណាមបាន បញ្ចប់ដំណើរទស្សនកិច្ចជារដ្ឋនៅកម្ពុជា។ យ៉ាងណាមន្រ្តីនៃ គណបក្សប្រជាជនកម្ពុជាច្រានចោលនូវ ការវិភាគ ខាងនេះ ដោយអះអាងថា កម្ពុជានិងវៀតណាមគឺជារដ្ឋអធិបតេយ្យដូចគ្នា។

 

hun-sen-17-thum
លោកប្រធានាធិបតេយ្យថ្មីវៀតណាម ត្រាន់ ដាយក្វាង នៅខាងស្តាំ និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅខាងឆ្វេង។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន រយៈពីរថ្ងៃនៅកម្ពុជា លោកប្រមុខរដ្ឋថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រាន់ ដាយក្វាង បានស្នើដល់សមភាគីកម្ពុជាឱ្យបន្តយន្តការធានាសិទ្ធិស្របច្បាប់ដល់អនិជនវៀតណាមដែលកំពុងតែរស់ នៅកម្ពុជាសព្វថ្ងៃ។

នេះបើយោងតាមចំណុចទី ៨ នៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ មិថុនា។

ការស្នើរបស់ប្រធានាធិបតេយ្យថ្មីវៀតណាមនេះ ត្រូវបានអ្នកវិភាគមួយចំនួនដែលវិទ្យុស្រ្តីសុំសម្ភាសន៍បានលើកឡើងថា វៀតណាមនៅតែមានឥទ្ធិពល និងបានបង្ហាញឥទ្ធិពលដដែលជាដដែលមកលើកម្ពុជា ពោលគឺតាមរយៈការស្នើឱ្យកម្ពុជា ធានានូវសិទ្ធិស្របច្បាប់ដល់អនិជនវៀតណាម និងបញ្ហាកំណត់ព្រំប្រទល់ដែនកម្ពុជាវៀតណាម។

លោកបណ្ឌិល ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យលើកឡើងថា សំណើរបស់មេដឹក នាំវៀតណាមដែល ស្នើឱ្យកម្ពុជាទទួលស្គាល់សិទ្ធិស្របច្បាប់ជនអន្តោប្រវេសវៀតណាមនៅកម្ពុជាបែបនេះ គឺជាសញ្ញាណមួយអាក្រក់ ហើយជា សញ្ញាមួយបង្ហាញថា កម្ពុជានៅតែរងឥទ្ធិពលរបស់វៀតណាម។

យ៉ាងណាលោក ចាន់ វិបុល ថាដើម្បីឱ្យប្រជាពលរដ្ឋអស់ការសង្ស័យពីឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នោះរដ្ឋាភិបាល ត្រូវហ៊ានបង្ហាញពីការកំណត់ព្រំដែន និងបញ្ហាជនអន្តោប្រវេសន៍វៀតណាម ឱ្យពលរដ្ឋខ្មែរបានដឹងជាសាធារណដោយមិនត្រូវ លាក់លៀមពលរដ្ឋខ្មែរខ្លួនឯងនោះទេ។ លោកបណ្ឌិល ចាន់ វិបុល៖«ឧទារណ៍! ប្រសិនបើយើងឱ្យស្របច្បាប់អញ្ចឹង បើមេដឹក នាំវៀតណាមលោកស្នើសុំអញ្ចឹង ចុះបើ៥ឆ្នាំក្រោយទៀតគាត់បញ្ចូនមក ៣ សែនទៀតគាត់សុំមួយសារទៀត ឬក៏មាននាយក រដ្ឋមន្រ្តីថ្មី៥ឆ្នាំក្រោយសុំឱ្យមួយលានទៀត ហើយអាជ្ញាធរយើងយល់ថាគាត់រស់នៅល្អហើយ ហើយថ្ងៃក្រោយគាត់សុំ ២លាន ទៀត នោះដីខ្មែរចប់បាត់ហើយ»។

មិនមានតួលេខណាមួយបញ្ជាក់ ថាជនជាតិវៀតណាមរស់នៅកម្ពុជាមានចំនួនប៉ុន្មាននាក់នោះទេ ខណៈក្រុមប្រឆាំងថាមាន ជាង ១ លាននាក់ ប៉ុន្តែរដ្ឋាភិបាលមានជាង ១០ ម៉ឺននាក់។

ចំណែកលោក កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គមលើកឡើងថា ដើម្បីធានាបាននូវភាពត្រឹមត្រូវចំពោះប្រជាជនកម្ពុជា រដ្ឋាភិបាលគប្បីតែយកគំរូតាមប្រទេសថៃកាលពីឆ្នាំ ២០១៤ ដែលកាលណោះប្រទេសនេះ បានបើកយុទ្ធការប្រមូល ជនបរ ទេស និងពលករខុសច្បាប់ចេញពីប្រទេស ដោយឱ្យពួកគេធ្វើលិខិតឆ្លងដែនត្រឹមត្រូវទើបអនុញ្ញាតឱ្យមកប្រទេសថៃវិញ។ លោក កែម ឡី៖«បើគាត់ចង់ដោះស្រាយអាហ្នឹង! យើងរៀនតាមថៃទៅកាល ២០១៤ គឺធ្វើយុទ្ធនាការបញ្ជូនតែម្តង តាមរយៈ ប្រធានភូមិ។ ប្រធានភូមិមួយៗហ្នឹងគាត់ដឹងថាមានប្រមាណគ្រួសារដែលយួន ប្រមាណគ្រួសារដែលជាខ្មែរគាត់ គាត់ត្រូវ រាយការណ៍យើងរៀបចំជាយុទ្ធនាការបញ្ជូនហើយឱ្យមានការគោរពសិទ្ធិមនុស្ស ឱ្យមានការសហការជាមួយអង្គការធ្វើការ រឿងសិទ្ធិមនុស្សជាពិសេសគឺអង្គការិទ្ធិមនុស្សទទួលបន្ទុកជានភៀសខ្លួនហ្នឹង ជាពិសេសប្រទេសសមី អាហ្នឹងបានអស់»

យ៉ាងណាក្តីលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវអ្វីដែលអ្នកវិភាគខាងបានលើក ឡើង ដោយលោកអះអាងថា អ្នកវិភាគទាំងនោះទំនងជាមាននិន្នាការនយោបាយលំអៀងទៅកាន់គណបក្សណាមួយទើប ធ្វើការបកស្រាយបែបនេះ។ ជាងនេះទៅទៀតលោក សុខ ឥសាន្តថា កម្ពុជាគឺជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពរបស់ពេញ លេញ មិនមានបរទេសណាមានឥទ្ធិពលមកកម្ពុជានោះទេ។ លោក សុខ ឥសាន្ត៖ «គ្មានឥទ្ធិពលទេ កម្ពុជាជាប្រទេសឯក រាជ្យមានអធិបតេយ្យ។ហើយវាជាលទ្ធផលនៃស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលយើងធ្វើការបោះឆ្នោត ៥ អាណត្តិ។ អញ្ចឹងទេវាគ្មានការសង្ស័យឡើយ ដែលប្រទេសជិតខាងមកធ្វើការរំលោភបំពានមកលើឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជា។ប្រទេសគេក៏មានឯករាជ្យអធិតេយ្យ យើងក៏មានឯករាជ្យនិងអធិតេយ្យគឺថា ស្មើភាពស្មើសិទ្ធិ»

គួរកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជារបស់ប្រធានក្រុមប្រឹក្សារដ្ឋថ្មីនៃសាធារណរដ្ឋសង្គមវៀត ណាមនេះ មានប្រតិកម្មជាច្រើនពីពលរដ្ឋខ្មែរតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកទាំងនោះយល់ថា កម្ពុជាហាក់ចាញ់ ប្រៀបវៀតណាម ព្រោះរូបថតរបស់ប្រមុខរដ្ឋនិងភរិយា វៀតណាម បានដាក់អបជាមួយព្រះឆាយាល័ក្ខណ៍ព្រះមហាកម្ពុជា ចំណែកអក្សរនៅពីក្រោមក៏បានដាក់អក្សរវៀតណាមពីលើអក្សរជាតិខ្មែរដែរ។

តែយ៉ាងណាមន្រ្តីរដ្ឋាភិបាលបកស្រាយថា ការរៀបចំបែបនេះគឺជាបែរបទពិធីការ ដែលប្រទេសទូទៅក៏អនុវត្តបែបដូចគ្នានេះ ដែរ ហើយការធ្វើបែបនេះ គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងលើកកិត្តិយសដល់ប្រទេសជាមិត្តដែល បានមកលេង កម្ពុជា។ វៀតណាមបានជួយរំដោះប្រទេសកម្ពុជាពីរបប ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ។ ប៉ុន្តែក្រុមប្រឆាំងមិនទទួល ស្គាល់ថ្ងៃជ័យជម្នះនេះទេ៕ 

Share

Image
Image
Image