en     km
en     km

ក្រុម​​យុវ​ជន​ស្ម័គ្រ​ចិត្ត​ YFY​ ត្រៀម​រៀប​ចំ​កម្ម​វិធី​ជំនួប​យុវ​ជន​ឆ្នើម​សតវត្ស​ទី​ ២១​

Share

ភ្នំពេញ​​៖​ ​ក្រុម​​យុវ​​ជន​​ស្ម័គ្រ​​ចិត្ត​​ «​​ យុវ​​ជន​​ដើ​​ម្បី​​យុវ​​ជន​​»​​ ឬ​​ហៅ​​ថា​​ YFY​ ​ត្រៀម​​រៀប​​ចំ​​កម្ម​​វិធី​​ជំនួប​​យុវ​​ជន​​ឆ្នើម​​ដ៏​​ធំ​​មួយ​​​ ​ក្រោម​​ប្រធាន​​បទ​​ «​​ គន្លឹះ​​កសាង​​ខ្លួន​​ជា​​យុវ​​ជន​​ឆ្នើម​​សត​​វត្ស​​ទី​២១​​»​ ​ប្រ​​ព្រឹត្ត​​ទៅ​​នៅ​​ព្រឹក​​ថ្ងៃ​​ទី​​ ២៦​​ ខែ​​កក្កដា​ ​ឆ្នាំ​​២០១៥​​ ខាង​​មុន​​នៅ​​សាកល​​វិទ្យា​​ល័យ​​បញ្ញា​​សាស្ត្រ​​។​ ​កម្ម​​វិធី​​ជំនួប​​យុវ​​ជន​​ឆ្នើម​​នេះ ​​មាន​​គោល​​បំណង​​ចែក​​រម្លែក​​ចំណេះ​​ដឹង​​និង​​បទ​​ពិសោ​ធន៍​​ក្នុង​​ការ​​សិក្សា​​ដល់​​យុវ​ជ​ន​ពី​​យុវ​​ជន​​ឆ្នើម​​ដែល​​ជោគ​​ជ័យ​​ក្នុង​​ការ​​សិក្សា​​ មាន​​ឆន្ទៈ​​ក្នុង​​ការ​​សិក្សា​​ ​និង​​គោល​​ដៅ​ការ​​ងារ​​ច្បាស់​​លាស់​​។ ​តាម​​ការ​​គ្រោង​​ទុ​ក​កម្ម​​វិធី​​នេះ​​ នឹង​​អនុ​ញ្ញាត​​ឱ្យ​​យុវ​​ជន​​​​ចូល​​រួម​​ប្រមាណ​ជាង ​​៦០០​ ​នាក់​​។

cover

យុវជន​ ​ទីន​​ សុខ​លឹម​ ​​ជា​​ប្រធាន​​ក្រុម​​យុវជន​​ YFY​ ​ជា​​អ្នក​​ដឹក​​នាំ​​ការ​​រៀប​​ចំ​​កម្ម​​វិធី​​បាន​​និយាយ​​ថា​​ គោល​​បំណង​​នៃ​​ការ​​រៀប​​​ចំ​​កម្ម​​វិធី​​ជំនួប​​យុវ​ជន​​ឆ្នើម​​នេះ​​ មាន​ ​៣ ​​ចំណុច​​សំខាន់​ៗ​​ ដែល​​នឹង​​ផ្តល់​​ឱ្យ​​យុវជន​​។ ​​ទី១​ ​ផ្តល់​​កសាង​​ទំនុក​​ចិត្ត​ ​និង​​ភាព​​ច្បាស់​​លាស់​​ក្នុង​​ការ​​រៀប​​ចំ​​គោល​​ដៅ​​និង​​ផែន​​ការ​​នៅ​​ក្នុង​​ជីវិត​​ទៅ​​ដល់​​យុវ​​ជន​​។​ ​ទី២​​ ធ្វើ​​ឱ្យ​​យុវ​​ជន​​រៀន​​ស្វែង​​យល់​​ពី​​ខ្លួង​​​ឯង​ ​ដើម្បី​​លើក​​កម្ពស់​​ការ​​យល់​​ដឹង​ពី​​តួ​នាទី​​របស់​​ខ្លួន​​ក្នុង​​សង្គម​​ និង​​ទី​៣​ ​ជំរុញ​​ឱ្យ​​យុវ​​ជន​​ចូល​​រួម​​យ៉ាង​​សកម្ម​​នៅ​​ក្នុង​​ការ​​សិក្សា​ ​ការ​​ធ្វើ​ការ​ងារ​​ស័្មគ្រ​​ចិត្ត​​ និង​​ការ​​ងារ​​សង្គម​​ផ្សេង​ៗ​​ ដើ​ម្បី​​ឱ្យ​​សង្គម​​ជាតិ​​មាន​​ការ​​អភិវឌ្ឍន៍​​ឆ្ពោះ​​ទៅ​​មុខ​​។​​

​​យុវ​​ជន​​រូប​​នេះ​ ​បាន​​ឱ្យ​ដឹង​​ថា​​៖ ​​«​ ​យុវ​​ជន​​កម្ពុជា​​ក្នុង​​ពេល​​បច្ចុប្បន្ន​​កំពុង​​ត្រូវ​​ការ​​ចំណេះ​​ដឹង​​បន្ថែម​​ទៀត​​ លើ​​ចំណេះ​​ដឹង​​ដែល​​ពួក​​គាត់​​មាន​​ស្រាប់​​ ដូច​​គន្លឹះ​​នៃ​​ការ​​គិត​​ គន្លឹះ​​ជោគ​​ជ័យ​​ក្នុង​​ការ​​សិក្សា​​ និង​​ការ​​កំណត់​​គោល​​ដៅ​​ជីវិត​​ជា​​ដើម​​។ ​កម្ម​​វិធី​​យើង​​នឹង​​ធ្វើ​​ឱ្យ​​ពួក​​គាត់​​ទទួល​​បាន​​ចំណេះ​​ដឹង​​ទាំង​​នេះ ​​ហើយ​​យុវ​​ជន​​អាច​​ចាប់​​ផ្តើម​​អនុ​​វ​ត្ត​​ចំណេះ​​ដឹង​​ដែល​​ពួក​​គាត់​​ទទួល​​បាន​​ដើ​ម្បី​​ឱ្យ​​ការ​​សិក្សា​ ​ការងារ​ ​និង​​ក្តី​​សុបិន​​របស់​​​ខ្លួន​ក្លាយ​​ជា​​ការ​​ពិត​​នៅ​​ថ្ងៃ​​អនាគត​​»​​។

 

ក្រុមយុវជនស្ម័គ្រចិត្ត  YFY មកពីបណ្តាសាកលវិទ្យាល័យនានា ថតរូបជុំគ្នានៅវិទ្យាស្ថានភាសាបរទេស (IFL) ត្រៀមរៀបចំកម្មវិធី  «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមសតវត្សទី២១»
ក្រុមយុវជនស្ម័គ្រចិត្ត YFY មកពីបណ្តាសាកលវិទ្យាល័យនានា ថតរូបជុំគ្នានៅវិទ្យាស្ថានភាសាបរទេស (IFL) ត្រៀមរៀបចំកម្មវិធី «គន្លឹះកសាងខ្លួនជាយុវជនឆ្នើមសតវត្សទី២១»

ប្រធាន​​ក្រុម​​យុវ​​ជន​​ដឹក​​នាំ​​កម្ម​​វិធី ​​វ័យ​ ​២០​ ​ឆ្នាំ​​រូប​​នេះ​ ​បាន​​ឱ្យ​​ដឹង​​បន្ថែម​​​ទៀត​​​ថា​​​ កម្ម​​​វិធី​​ដែល​​​ក្រុម​​យុវ​​ជន​​ YFY ​​រៀប​​ចំ​​ឡើង​​នេះ​ ​មាន​​ការ​​ចូល​​រួម​​ចែក​​រម្លែក​​បទ​​ពិសោធន៍​​ពី​​យុវ​​ជន​​ឆ្នើម​​របស់​​កម្ពុជា​​ចំនួន​ ​៣​ ​រូប​​រួម​​មាន​ ​កញ្ញា​ ​តោ​​ គឹម​ស៊ី​​ សិស្ស​​និទ្ទេស​​ A​ ​តែ​​ម្នាក់​​គត់​​ប្រឡង​​យក​​សញ្ញា​​បត្រ​​ទុតិយ​​​ភូមិ​​ឆ្នាំ ​​២០១០​ ​និង​​ជា​​និស្សិត​​ឆ្នើម​​ផ្នែក​​គណិត​​វិទ្យា​​សា​កល​​វិទ្យា​​ល័យ ​​Manhattan ​​សហ​​រដ្ឋ​​អាមេរិក​​។ ​ក្តី​​ស្រមៃ​​របស់​​ ​​គឹមស៊ី​​ គឺ​​​ចង់​​​ក្លាយ​​ជា​​រដ្ឋ​​មន្រ្តី​​ក្រសួង​​អប់រំ​​នៅ​​កម្ពុជា​​។ ​​កញ្ញា ​​អៀង​​ លីនដា​​ ជ័យ​​លាភី​​​លេខ​​ ​១​​ ​នៃ​​កម្ម​​វិធី​​ ​«​ ​អ្នក​​​បន្ត​​វេន ​​»​​ ​ឆ្នាំ​​ ២០១៥ ​​រៀប​​ចំ​​​ឡើ​ង​​​ដោយ​​​វិទ្យា​​ស្ថាន​​​សា​ធារ​ណ​​រដ្ឋ​​​អន្តរ​​ជាតិ ​(IRI)​​ និង​​ប្រធាន​​សភា​​និស្សិត​​សាកល​​វិទ្យា​​ល័យ​​បញ្ញា​​សាស្រ្ត​​។​ ​លោក​​ ប៊ិន​​ យ៉ាន​ ​ជា​​និស្សិត​​ឆ្នើម​​នៅ​​សាកល​​វិទ្យា​​ល័យ​​បញ្ញា​​សាស្រ្ត​​ មាន​បំណង​ចង់​​ក្លាយ​​ជា​នាយក​​រដ្ឋ​​មន្រ្តី​​​នៃ​​ប្រទេស​​កម្ពុជា​​នា​​ពេល​​អនាគត​​។

​សូម​​បញ្ជាក់​​ថា ​​កា​រ​រៀប​​ចំ​​ក​ម្ម​​វិធី​ «​​ គន្លឹះ​​កសាង​​ខ្លួន​​ជា​​យុវ​​ជន​​ឆ្នើម​​សត​​វត្ស​​ទី​​២១​​ » ​មាន​​រៀប​​ចំ​​ឡើង​​ដោយ​​យុវ​​ជន​​ស្ម័គ្រ​​ចិត្ត​​ចំនួន​​ ៦០​​ នាក់​​ មក​​​ពី​​បណ្តា​​សាក​ល​​វិទ្យា​​ល័យ​​នានា​​នៅ​​រាជ​​ធានី​​ភ្នំ​ពេញ​​។ ​​កម្ម​​វិ​ធី​​ចាប់​​ផ្តើម​​នៅថ្ងៃ​​​ទី​ ​២៦​​ ខែ​​កក្កដា​​ ឆ្នាំ​​២០១៥​ ​ចាប់​​ពី​ម៉ោង​​ ៧​ ​:​ ​៣០​ ​នាទី​ព្រឹក​​ ​​ដល់​ម៉ោង​​ ១១​​ :​​ ៣០​​នាទី​​ព្រឹក​​​៕

 

Share

Image
Image
Image