en     km
en     km

មន្ត្រី​ក្រសួងកសិកម្ម​ ៖​ កសិកម្ម​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ កម្ពុជា​

Share

ភ្នំពេញ៖ ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ លោក​ មុំ​ អំណត់​ បាន​ថ្លែង​ថា​វិស័យ​កសិកម្ម​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ជនបទ​ និង​ការ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​

agriculture
​សិក្ខាសាលា​បញ្ចប់​គម្រោង​ «​អភិក្រម​គោល​និ​យ​បាយ​គាំទ្រ​ជន​ក្រីក្រ​ ដើម្បី​ឆ្លើយ​តប​ និង​ហានិភ័យ​ និង​ភាព​ងាយ​រង​គ្រោះ​នៅ​ថ្នាក់​ជាតិ​»​

ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​បញ្ចប់​គម្រោង​ «​អភិក្រម​គោល​និ​យ​បាយ​គាំទ្រ​ជន​ក្រីក្រ​ ដើម្បី​ឆ្លើយ​តប​ និង​ហានិភ័យ​ និង​ភាព​ងាយ​រង​គ្រោះ​នៅ​ថ្នាក់​ជាតិ​»​  នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ព្រឹក​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា​ ភាគច្រើន​ជា​កសិករ​ប្រកបរ​បរជា​កសិកម្ម​គឺ​ជាង​៨០​ភាគរយ​ ។​

​ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​កសិករ​គឺ​ វិស័យ​កសិកម្ម​ កម្ពុជា​នៅ​តែ​ដើរ​តូ​នាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ហើយ​ក៏​ជា​ជ​ន្ទុ​ល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ គឺ​លោក​ មុំ​ អំណត់​ ។​

​លោក​ មុំ​ អំណត់​ មាន​ប្រសា​ស​ន៏​ថា​ វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​វិស័យ​នេះ​ក៏​បាន​ជួយ​ទ្រទ្រង់​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ។​

​លោក​ មុំ​ អំណត់​ បន្ថែម​ទៀត​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការ​បន្ត​អភិវឌ្ឍ​និង​ការ​បង្កើន​តំលៃបន្ថែម​នៅ​វិស័យ​កសិកម្ម​ គឺជា​ការងារ​អ​ទិ​ភាព​មួយ​ ក្នុង​ចំណោម​បណ្តា​ការងារ​ អ​ទិ​ភាព​នានា​ដែល​ក្នុង​នោះ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បង្កើន​តំលៃបន្ថែម​ នៃ​ការ​ផលិត​និង​ការ​នាំ​ចេញ​អង្ករ​ ក៏​ដូច​ជា​កសិផល​ដែល​មាន​តំលៃ​ខ្ពស់​ដទៃ​ទៀត​ ។​

​លោក​ មុំ​ អំណត់​បាន​ផ្តល់​អនុសាសន៍​ថា​ដើម្បី​ចូលរួម​ចំណែក​លើក​ កម្ពស់​ការ​ផលិត​កសិផល​របស់​កសិករ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​ពិសេស​អាច​ទទួល​ប្រាក់​កម្រៃ​សម​ស្រប​ទៅ​នឹង​កម្លាំង​ផលិត​នោះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ទាំង​ស្ថាប័នរដ្ឋ​អង្គការ​សង្គម​ស៊ី​វិល​ និង​កសិករ​ខ្លួនឯង​ផ្ទាល់​គឺ​ចាំបាច់​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា​ ជា​ពិសេស​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​ នៅ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​គឺជា​ភាព​ចាំបាច់​ដើម្បី​ឈាន​ទៅរ​កកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។​

​លោក​ មុំ​ អំណត់​៖​ «​ការ​ជួយ​គាំទ្រ​ឱ្យ​កសិករ​ខ្នាត​តូច​មាន​លទ្ធភាព​ ផលិត​ក្នុង​លក្ខណៈ​ប្រមូលផ្តុំ​ មាន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម​មាន​សំលេង​តែ​មួយ​ក្នុង​ការ​ច​ចារ​ជាមួយ​ទីផ្សារ​ ព្រមទាំង​ចូលរួម​នៅ​ខ្សែ​ចង្វាក់​តម្លៃ​កសិកម្ម​››​ ។​

​ចំណែក​អ្នកសម្របសម្រួល​ប្រតិបត្តិការ​ តំណាង​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា​ (FAO)​ លោក​ Etienne​ Careme​ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ដើម្បី​ចូលរួម​ចំណែក​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​កសិករ​ក្រីក្រ​ ជា​ពិសេស​កសិករ​ខ្នាត​តូច​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​នានា​ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​និង​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ នឹង​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​នានា​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​ឱ្យ​បាន​យល់​ដឹង​បន្ថែម​ពី​ការ​ធ្វើ​កសិកម្ម​ ។​

​លោក​ Etienne​ Careme​ បន្ត​ថា​ភាព​ក្រីក្រ​កើត​ទ្បើ​ង​ភាគ​ច្រើ​នៅ​តាម​តំបន់​ជនបទ​ដែល​ប្រកប​របរ​កសិកម្ម​ ។​

លោក Etienne Careme ៖«ដោយសារតែគម្រោងនេះគឺថានឹងអាចផ្តល់ការគំាទ្រដល់ការលើកកម្ពស់សមត្ថភាពរបស់មន្រ្តីរដ្ឋាភិបាលតាមរយៈ ការបណ្តុះបណ្តាលក្នុងប្រទេស និងការបណ្តុះបណ្តាលតាមថ្នាក់តំបន់ ក៏ដូចដំណើរទស្សនៈកិច្ចសិក្សាផ្សេងៗដើម្បីធានាឱ្យមានការប្តេជ្ញាចិត្តចំពោះប្រជាពលរដ្ឋក្រីក្រ ឬការសិក្សានៅជំនាញបញ្ហាផ្សេងៗទៀតទងនឹងការលើកកម្ពស់ការផលិតរបស់កសិករ​»

​ទាក់ទង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​ លោក​ សំ​ វិទូ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។​
​លោក​ សំ​ វិទូ​ បន្ត​ថា​ ប្រជា​កសិករ​ភាគច្រើន​នៅ​តែ​ពឹងផ្អែក​របរ​កសិកម្ម​ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​តំបន់​ជនបទ​មាន​ប្រជា​កសិករ​ប្រមាណ​ជាង​ ៨០​ភាគរយ​ដែល​នៅ​តែ​ពឹងផ្អែក​លើ​ផ្នែក​កសិកម្ម​ជា​ធំ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ ។​

​លោក​ សំ​ វិទូ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រជា​កសិករ​នៅ​តែ​មាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ជុំវិញ​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន​ ។​ លោក​ក៏​បាន​ផ្តល់​អនុសាសន៍​ដើម្បី​ឱ្យ​កសិករ​អាច​ទទួល​បានការ​ផលិត​មាន​ប្រសិទ្ធភាព​នោះ​ដៃគូរ​ពាក់ព័ន្ធ​ផ្សេង​ទាំង​អង្គការ​សង្គម​ស៊ី​វិល​ និង​រាជរដ្ឋាភិបាល​ត្រូវ​ចូលរួម​ចែករំលែក​ចំណេះដឹង​ទៅ​ដល់​ពួក​គេ​ឱ្យ​ដូច​ជា​ ៖

​លោក​ សំ​ វិទូ​៖​  «​ទី​០១​គឺ​យើង​ត្រូវ​តែ​បង្កើន​ចំណេះដឹង​នៅ​លើ​វិស័យ​កសិកម្ម​ ទៅ​ដល់​ប្រជា​កសិករ​យើង​ ទី​០២​ គឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ធា​រាស្ត្រ​ ប្រព័ន្ធ​ធា​រាស្ត្រ​គឺ​យើង​គួរតែ​ផ្តោត​ទៅ​លើ​ទី​០១​យើង​ជម្រុញ​ឱ្យ​មាន​ស្រះ​រក្សា​នៅ​តាម​គ្រួសារ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​មានទឹក​គ្រប់គ្រាន់​ ទី​០៣​ គាត់​ត្រូវធ្វើ​ដំណាំ​ចម្រុះ​ដោយ​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​ស្រូវ​តែ​មួយ​មុខ​នោះ​ទេ​..»​ ។​

​សូម​ជំរាប​ផង​ដែរ​ថា​គម្រោង​ «​អភិក្រម​គោលនយោបាយ​គាំទ្រ​ជន​ក្រីក្រ​ ដើម្បី​ឆ្លើយ​តប​ និង​ហានិភ័យ​ និង​ភាព​ងាយ​រង​គ្រោះ​នៅ​ថ្នាក់​ជាតិ​››​ នេះ​ធ្វើ​ទ្បើ​ង​នៅ​ ៤​ ប្រទេស​រួម​មាន​ដូច​ជា​ប្រទេស​ស​កម្ពុជា​ ប្រទេស​ទ្បា​វ​ ប្រទេស​នេ​ប៉ា​ល់​ និង​ប្រទេស​វៀតណាម​ ដោយ​ជំនួយ​ឧបត្ថម្ភ​ ពី​ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​ (FAO)​ ៕

Share

Image
Image
Image