ប្រទេសចិនបានព្រមានអំពីមហន្តរាយនៃចំណងការទូតជាមួយ សហរដ្ឋអាមេរិក ខណៈប្រធានាធិបតី បារ៉ាក់អូបាម៉ា និងព្រះសង្ឃទីបេដាឡៃឡាម៉ា ត្រូវជួបពិភាក្សាគ្នានៅថ្ងៃនេះ នៅឯសេតវិមានលើទឹកដីអាមេរិក។នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន។ ចិនចាត់ទុក ព្រះសង្ឃដាឡៃឡាម៉ាដែលកំពុងរស់នៅនិរទេសព្រះកាយអង្គនេះ គឺជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានហៅ ជំនួបវាងលោកអូបាម៉ានិង សម្ដេចសង្ឃទីបេថាជាការលើកទឹកចិត្តដល់កម្លាំងបំបែកខ្លួន។
ជាងនេះទៅទៀតលោក លូ កាំង អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានបញ្ជាក់យ៉ាងខ្លីក្នុងសន្នីសីទសារព័ត៌មានថា ជំនួបនេះគឺជាបញ្ជូនសារទៅក្រុមទាមទារឯករាជ្យ និងកម្លាំងផ្ដាច់ខ្លួន ហើយធ្វើប៉ះពាល់ សហប្រតិបត្តិការរវាងចិន និងអាមេរិក ។ អ្នកនាំពាក្យរូបនេះថា ចិនត្រៀមខ្លួនរួចជាស្រេចប្រឆាំងដាច់ខាត់ និងធ្វើឱបរាជ័យចំពោះបរទេសណា ដែលប៉ុនប៉ងដើម្បីទាញយកផលចំណេញពីបញ្ហាទីបេ ។
លោក Lu អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ថែមថា ចិនទទូចឱ្យសហរដ្ឋអាមេរិកត្រូវគោរពតាមការសន្យារបស់ខ្លួន ដោយត្រូវទទួលស្គាល់ថា តំបន់ទីបេគឺជាផ្នែកមួយនៃប្រទេសចិន ហើយត្រូវបញ្ឈប់គំនិតគាំទ្រទីបេ ដើម្បីឱ្យទីបេបានទទួលឯករាជ្យពីចិននោះ ។
កាលពីឆ្នាំ២០១៤ លោកអូបាម៉ា ធ្លាប់បានជួបជាមួយសម្ដេចសង្ឃ Dalai Lama ម្តងដែរ ក្នុងដំណើរទស្សនកិច្ចរបស់ស្តេចសង្ឃរូបនេះនៅទីក្រុងវ៉ាស៊ីនតោន ។ ជំនួបនៅពេលនោះ ចិនបានសម្ដែងការខកចិត្តនិងសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលបានគាំទ្រដាឡៃឡាម៉ា ហើយបែរជាឱ្យចិនគោរពសិទ្ធិមនុស្សជនជាតិទីបេ ។
ប្រទេសចិនបានដាក់ បញ្ចូលតំបន់ទីបេ ជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ 1951 ដោយចាត់ទុកជាតំបន់រំដោះប្រកបដោយសន្តិភាព ។ ជាងនេះទៅទៀតចិនថា នឹងនាំអភិវឌ្ឍតំបន់ទីបេឱ្យរួចផុតពីតំបន់ដែលមិនមានការអភិវឌ្ឍន៍ ។
សម្តេចសង្ឃដាឡៃឡាម៉ា បានរត់គេចខ្លួនចេញពីតំបន់ទីបេទៅគង់ប្រថាប់នៅប្រទេសឥណ្ឌានៅក្នុងឆ្នាំ 1959 បន្ទាប់ ពីការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនត្រូវបានបង្ក្រាប ។ សម្តេចសង្ឃមានសង្ឃដីកាថា ព្រះអង្គចង់ឱ្យទីបេជាតំបន់ស្វ័យភាពតែមិនមែនជារដ្ឋឯករាជ្យ ។ប្រទេសចិនបាននិយាយថា ទឹកដីទីបេមានស្វ័យភាពរួចទៅហើយ ខណៈក្រុមនិរទេសខ្លួននៅតែស្វែងរកការបំបែកចេញពីប្រទេសនេះ ។
យ៉ាងនេះក្ដីជនជាតិទីបេបានចោទប្រកាន់ចិនថា បានលុបបំបាត់ប្រពៃណីជំនឿសាសនារបស់ពួកគេ ហើយបាន បញ្ចូលជនជាតិហាន មករស់នៅតំបន់នេះ ។
សម្តេចសង្ឃដាឡៃឡាម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា លោកអូបាម៉ាគឺជាមិត្តយូរអង្វែងរបស់ព្រះអង្គ ដែលព្រះអង្គមើ់លឃើញសកម្មភាពការងាររបស់មេដឹកនាំអាមេរិករូបនេះក្នុងការស្តារចំណងទាក់ទង ឱ្យប្រក្រតីជាមួយប្រទេសគុយបា និងប្រទេសអ៊ីរ៉ង់ឡើងវិញ។
ព្រះអង្គមានសង្ឃដិកាទៀតថា លោកអូបាម៉ា ដែលបានធ្វើទស្សនកិច្ចជាទៅកាន់ប្រទេសអតីតគូសត្រូវរបស់អាមេរិក គឺវៀតណាម ហើយបានទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ទីដែលអាមេរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីនោះ គឺសញ្ញាល្អមួយ ។តែយ៉ាងណាលោក លូ ថា សម្តេចសង្ឃដាឡៃឡាម៉ា មិនមែនជាឥស្សរជន សាសនា ដែលស្មោះត្រង់នោះទេ ហើយលោកថា ជននិរទេសខ្លួនដោយសារនយោបាយអង្គនេះ បានយកសាសនាធ្វើជាឈ្នាន់ ដើម្បីប្រឆាំងចិនតែប៉ុណ្ណោះ៕ ប្រភព:Reuters-