បន្ទាប់ពីសហគមន៍សហភាពអឺរ៉ុប ប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន បានចេញសេចក្ដីថ្លែងការណ៍ ទទួចឲ្យ រាជរដ្ឋាភិបាលកម្ពុជា ទម្លាក់បទចោទលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង ដោះលែងមន្ដ្រីបក្សប្រឆាំង មន្ដ្រីសង្គមស៊ីវិល រួមនឹងសកម្មជនមួយចំនួនទៀតរួចមក ។ កាលពីថ្ងៃ អង្គារ ទី ១៤ មិថុនា គណបក្សពលករ នៃប្រទេសអូស្ដ្រាលី បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយទាមទារឲ្យ រដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងមន្ត្រីសង្គមស៊ីវិល និងគោរពសិទ្ធិមនុស្ស នៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឲ្យបានខ្ពស់ ។
ប៉ុន្ដែ គណបក្សកាន់អំណាចបញ្ជាក់ថា កម្ពុជាគឺគោរពសិទ្ធិមនុស្សបានយ៉ាងល្អ ។ តែអ្នកតាមដានស្ថានការណ៍សង្គម ថារដ្ឋាភិបាលគួរពិចារណាសំណើរ របស់សហគមន៍អន្ដរជាតិ ។ រាយការណ៍ដោយលោក លៀ ស៊ីណា៖
ម្ចាស់ពានរង្វាន់ ណូប៊ែល សន្ដិភាព ជាអ្នកផ្ដួចផ្ដើម ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព សម្រាប់កម្ពុជា លោក ហ្គារ៉េត អេវ៉ាន់ (Garetth Evan) ដែលជាអតីតរដ្ឋមន្ដ្រីការបរទេស អូស្ដ្រាលី ហើយបច្ចុប្បន្ននេះជាមាជិកមួយរូបនៃគណបក្សពលករ នៃប្រទេសអូស្ដ្រាលី បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ ដោយទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងមន្ដ្រីគណបក្សប្រឆាំង មន្ដ្រីការពារសិទ្ធិមនុស្ស និងសកម្មជនផ្សេងៗទៀត ដែលជាប់គុកព្រោះតែរឿងនយោបាយ ។
សេចក្ដីថ្លែងការណ៍នៃគណបក្សពលករ នៃប្រទេសអូស្ដ្រាលីដដែលនេះបាន ថ្កោលទោស ចំពោះការប៉ុនប៉ងបំផ្លាញសិទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន របស់មនុស្ស ។
ជាងនេះទៅទៀតគណបក្សពលករប្រទេសអូស្ដ្រាលី សម្ដែងការគាំទ្រទាំងស្រុងនៅសេចក្ដីថ្លែង របស់លោក បាន គីមូន ដែលផ្ដល់អនុសាសន៍មកកម្ពជាឱ្យបញ្ចប់កំដៅនយោបាយ ។
ជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍នេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុស្ដ្រី FM102 ថា ជាទូទៅក្រុមបរទេស មួយចំនួនធំគឺមិនយល់ច្បាស់ ពីច្បាប់នៅកម្ពុជានោះទេ ហើយជាងនេះទៅទៀត បរទេសទាំងនោះ ក៏ជាក្រុមជាមួយគណបក្សប្រឆាំងផងដែរ ។
លោកថា អ្នកដែលជាប់ឃុំក្នុងពន្ធនាគាបច្ចុប្បន្ន ដោយសារអ្នកទាំងអស់នោះ រំលោភបំពានច្បាប់ ហើយចេះតែស្រែកថា ខ្លួនប្រើប្រាស់សិទ្ធិ ទាំងខ្លួនប្រព្រឹត្ដិខុស ។
លោក ផៃ ស៊ីផា យល់ថាទង្វើររបស់បរទេស ដែលកំពុងតែច្រៀតច្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺជារឿងដែលគួរឲ្យខ្មាស់អៀនណាស់ ដែលខ្លួនជាអ្នកដឹងច្បាប់ តែបែរជាមកល្មើសច្បាប់ទៅវិញ ។
អ្នកនាំពាក្យរូបនេះ បានថ្លែងបែបចំអកវិញថាប្រទេសលើពិភពលោក សុទ្ធតែចង់ពង្រឹងនិតិរដ្ឋរបស់ខ្លួន ឲ្យបានល្អប្រសើរ ដើម្បីការរីកចម្រើនក្នុងប្រទេស ហើយលោកក៏ជឿងថា អូស្ដ្រាលី ក៏ដូចគ្នាដែរចុះហេតុដូចម្ដេចបាន ជាគណបក្សក្នុងប្រទេសអន្ដរជាតិមួយនេះ ចង់ធ្វើឲ្យកម្ពុជា រំលោភច្បាប់ទៅវិញ។
លោក ផៃ ស៊ីផាន៖ «ជាទូទៅ ជាទិដ្ឋភាពនយោបាយគេនោះ ជាសម្ព័ន្ធជាមួយគណបក្សប្រឆាំងនៅកម្ពុជា ហើយក៏បង្ហាញពីការមិនយល់ច្បាស់ពីការអនុវត្ដន៍ច្បាប់នៅកម្ពុជា ហើយអ្នកទាំងអស់នោះមិនមែនការប្រើប្រាស់សិទ្ធិទេ អ្នកទាំងអស់នោះគឺរំលោភច្បាប់ » ។
ចំណែកលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ដោយន័យចំអកថាបរទេសទំនងពិតជាមិនយល់ច្បាប់របស់កម្ពុជាមែន ព្រោះការអនុវត្ដន៍សព្វថ្ងៃគឺ មានការបកស្រាយយកត្រូវតែរៀងខ្លួន ។ ប៉ុន្តែលោកថា ថ្នាក់ដឹកនាំប្រទេស គួរល្មមដល់ពេលត្រូវពិចារណាឡើងវិញ ពីទង្វើរបស់ខ្លួនហើយ ព្រោះពេលនេះមិនមែន មានប្រទេសពីរ បី ទេដែលរិះគន់ការអនុវត្ដន៍ច្បាប់ របស់កម្ពុជា ។
អ្នកស្រាវពីការអភិវឌ្ឍន៍សង្គមបន្ដថា លោក ហ្គារ៉េត អេវ៉ាន់ ជាបុគ្គលដែលសកម្មមួយរូបហើយក៏ជា ស្ថាបនិក ផ្ដូចផ្ដើមគំនិតនៃសន្ធិសញ្ញាទីក្រុង ប៉ារី ដើម្បីកម្ពុជា ។ លោកបន្តថាការយកចិត្ដទុកដាក់របស់ លោក ហ្គារ៉េត អេវ៉ាន់ មកកាន់ប្រទេសដែលកំពុង មានវិបត្ដិទាស់ទែងគ្នាគឺ មិនខុសនោះឡើយ ។
លោក បណ្ឌិត មាស នី៖ «វាជាប្រតិកម្មមួយដែលអន្ដរជាតិគេចាប់ផ្ដើមធ្វើ ក៏ប៉ុន្ដែនៅក្នុងនេះរដ្ឋាភិបាលមិនអាចចេះតែឆ្លើយថា មកពីគេមិនយល់ៗ ប៉ុន្ដែជួនកាលរដ្ឋាភិបាលធ្វើឲ្យគេយល់ដែរ ថាធ្វើហ្នឹងវាមិនត្រូវផ្លូវ» ។
សូមរម្លឹកថា ប្រទេសអូស្ដ្រាលី គឺជាភាគីហត្ថលេខី និងជាសក្សីដ៏សំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងចំណោមប្រទេស 18 ទៀត ។ ប៉ុន្ដែប្រទេសអូស្ដ្រាលី ដែលកាលនោះ លោក ហ្គារ៉េត អេវ៉ាន់ ជារដ្ឋមន្ដ្រីការបរទេស និងឧត្ដមសេនីយ៍ ចច សាន់ដឺសុន បានដឹកនាំកងទ័ពរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា នៅឆ្នាំ 1993 ៕