loader

អ្នកនាំពាក្យ CNRP ​៖​ អាល្លឺម៉ង់ថា សិទ្ធិ​មនុស្ស​ និង​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​ទទួល​បានការ​ការពារ​

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ប្រទេស​អា​ល្លឺ​ម៉​ង់​ អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​។​ ក្នុង​ជំនួប​នោះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​កិច្ច​សហ ប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ កុំ​ឲ្យ​ទទួល​ព័ត៌មាន​តែ​ម្ខាង​ពី​បក្ស​ប្រឆាំង​។​ តែ​យ៉ាងនេះ​ក្ដី​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ប្រតិភូ​អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា​ សិទ្ធិ​មនុស្ស​ និង​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​ទទួល​បានការ​ការពារ​។

hun-sen-09
​លោក ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក Gerd​ Müller​ រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ នៅ​វិមាន​សន្តិភាព​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នេះ។

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ទទួល​ជួប​លោក​ Gerd​ Müller​ រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ នៅ​វិមាន​សន្តិភាព​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នេះ​។​

​នៅ​ក្នុង​ជំនួប​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​សុំ​ឱ្យ​លោក​ Gerd​ Müller​ ជួយ​ធ្វើការ​កែទម្រង់​ស្តី​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ ជា​ពិសេស​សហគមន៍​អឺរ៉ុប​(EU)​ កុំ​ស្តាប់​ និង​ទទួល​តែ​ព័ត៌មាន​ពី​ខាង​បក្ស​ប្រឆាំង​តែ​ម្ខាង​ គឺ​ត្រូវ​ឱ្យ​ស្គាល់​ពី​អង្គហេតុ​ និង​អង្គច្បាប់​អោយ​បាន​ច្បាស់លាស់​ ដើម្បី​ចៀសវាង​ការ​បកស្រាយ​ខុស​ ជា​ពិសេស​មក​លើ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ដូច​កម្ពុជា​។​
​លើស​ពី​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែងប្រាប់​លោក​ Gerd​ Müller​ ថា​ បញ្ហា​ទាក់ទង​នឹង​បក្ស​ប្រឆាំង​គឺជា​រឿង​បុគ្គល​ មិន​ត្រូវ​យក​អង្គការ​ចាត់តាំង​នយោបាយ​ ឬ​យក​អង្គការក្រៅរដ្ឋាភិបាល​មក​ធ្វើ​ជា​អាវ​ក្រោះ​ការ​ ពារ​ខ្លួន​នោះ​ទេ​។​

សម្តេច​ បាន​បញ្ជាក់​បន្ថែម​ថា​ លោក​ Gerd​ Müller​ បាន​កោត​ស​សើរ​កម្ពុជា​ថា​ មានការ​រីក​ចម្រើន​ និង​អភិវឌ្ឍ​ខ្លាំង​ឡើងជា​លំដាប់​នៃ​កំណើនសេដ្ឋកិច្ច​គួរ​អោយ​កត់សម្គាល់​។​ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ របស់​សម្តេច​ ហ៊ុន​ សែន​ដែល​បាន​មើលឃើញ​នៅ​ថ្ងៃនេះ​ ។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ គឺ​លោក​ Gerd​ Müller​ បាន​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​មួយ​ចំនួន​ គឺ​ទី​១​ ដើម្បី​ពិនិត្យ​មើល​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ អា​ល្លឺ​ម៉​ង់​ និង​ទី​ ២​ ដើម្បី​ជួប​ជា​ មួយ​គណបក្សប្រឆាំង​ ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ពិតប្រាកដ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

បន្ទាប់​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លោក​ Gerd​ Müller​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ គឺ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​លើ​ ដែល​លោក​ កឹ​ម​ សុខា​ កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​ពី​ការ​នាំ​ខ្លួន​ដោយ​តុលាការ​។​

នៅ​ក្នុង​ជំនួប​នេះ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ សម្តែង​ក្តី​បារម្ភ​ពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​កម្ពុជា​ក្នុង​រយៈពេល​ចុង​ក្រោយ​ ប្រាប់​ទៅ​លោក​ Gerd​ Müller​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​។​ លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​បន្ថែម​ថា​ លោក​ Gerd​ Müller​ រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ បញ្ជាក់​ថា​ បញ្ហា​អ​ភ័​ឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ និង​បញ្ហា​សិទ្ធិ​មនុស្ស​គួរ​ត្រូវ​បាន​ទទួល​បានការ​ការពារ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ទៀត​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សុំ​ឲ្យ​លោក​ Gerd​ Müller​ រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ ធ្វើ​យ៉ាងណា​បើក​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ ដោយ​មាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​នយោបាយ​។​ លោក​ យឹ​ម​ សុវណ្ណ​អះអាង​ថា​ លោក​ Gerd​ Müller​ បាន​សន្យា​ពាំនាំ​អំពី​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ប្រាប់​សហគមន៍​អឺរ៉ុប​មាន​ ២៨​ ប្រទេស​។​ លោក​ យឹ​ម​ សុវណ្ណ​ ៖«​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើ​ភាគី​អា​លឺ​ម៉​ង់​ផង​ដែរ​គួរតែ​មានការ​ប្រជុំ​ អន្តរជាតិ​មួយ​ ដើម្បី​ឲ្យ​ភាគី​ ទាំង​អន្តរជាតិ​ និង​ភាគី​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ដើម្បី​ជជែក​គ្នា​ឲ្យ​មាន​ភាព​ទូលំទូលាយ​ ឲ្យ​ដឹង​លឺជា​លក្ខណៈ​អន្តរជាតិ​»​។​

វត្តមាន​លោក​ Gerd​ Müller​ រដ្ឋមន្ត្រី​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ នៅ​កម្ពុជា​ ពេល​នេះ​ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ព្រោះ​កើតឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប​ ប្រកាស​ព្រមាន​ផ្ដាច់ជំនួយ​មក​កាន់​កម្ពុជា​ ខណៈ​បាន​ទទូច​ឱ្យ​ភាគី​នយោបាយ​កម្ពុជា​ មក​រក​តុ​ចរចា​ឡើង​វិញ​ដើម្បី​ឱ្យ​កម្ពុជា​មាន​បរិយាកាស​មួយ​អ​ព្យា​ក្រឹត្យ​៕​  

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x